ជាតិ
បោះឆ្នោត
បក្សភ្លើងទៀន ទៅរាយការណ៍ប្រាប់បណ្តាតំណាងទូតអឺរ៉ុបនៅកម្ពុជា ពីការធ្វើទុក្ខបុកម្នេញក្នុងដំណើរការបោះឆ្នោត
21, Jun 2022 , 9:59 pm        
រូបភាព
ជំនួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងបណ្ដាទូតអឺរ៉ុបកាលពីថ្ងៃទី២០មិថុនា ឆ្នាំ២០២២។ រូបពី ទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
ជំនួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងបណ្ដាទូតអឺរ៉ុបកាលពីថ្ងៃទី២០មិថុនា ឆ្នាំ២០២២។ រូបពី ទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
ភ្នំពេញ៖ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន រួមទាំងមន្រី្តជាន់ខ្ពស់របស់ខ្លួន បានទៅជួបទូត និងតំណាងទូតមួយចំនួន នៅស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយបានប្រាប់ពីការរងនូវការធ្វើទុក្ខបុកម្នេញ ក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥។ ជាមួយគ្នាដែរ ពួកគេស្នើឲ្យសហភាពអឺរ៉ុប បន្តឃ្លាំងមើលស្ថានការណ៍នយោបាយ ពិសេសដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។

 
ប្រតិភូគណបក្សភ្លើងទៀន រួមមាន លោក ទាវ វណ្ណុល ប្រធានគណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ លោកហុង សុខហួរ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងលោក សំ សុគង់ ប្រធាននាយកដ្ឋានកិច្ចការច្បាប់ បានទៅស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ អ្នកដែលស្ថិតក្នុងជំនួបជាមួយប្រតិភូគណបក្សភ្លើងទៀន គឺអ្នកស្រី ម៉ូរេណូ កាមេន (Moreno Carmen)  ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ្នកស្រី ខាមីឡា ម៉ុនស៊ីន អុតតូសុន (Camilla Monsine Ottosson) ទីប្រឹក្សានៃស្ថានទូតស៊ុយអែត លោក ចូសថ៍ ខាដែល (Jost Kadel) អនុប្រធានបេសកកម្មនៃស្ថានទូតអាល្លឺម៉ង់ និង លោក អ៊ុយហ្គោ វ៉ារាំង (Hugo Wavrin) ទីប្រឹក្សានយោបាយនៃស្ថានទូតបារាំង។ ស៊ុយអែត អាល្លឺម៉ង់ និង បារាំង សុទ្ធតែជាសមាជិកនៃសហភាពអឺរ៉ុប។  
 
 
លើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន នៅថ្ងៃទី២១ ខែមិុថនា បានឲ្យដឹងថា ក្នុងជំនួបនេះ ប្រតិភូគណបក្សភ្លើងទៀន បានលើកពីស្ថានការណ៍នយោបាយទូទៅ និងបានពន្យល់ប្រាប់ទៅបណ្ដាតំណាងទូតអឺរ៉ុប ពីការរងនូវការធ្វើទុក្ខបុកម្នេញ អំឡុងពេលដំណើរការបោះឆ្នោតឃុំ-សង្កាត់ ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ។ 
 
គណបក្សភ្លើងទៀន បានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានពន្យល់រៀបរាប់អំពីស្ថានការណ៍នយោបាយទូទៅ ការរំខាន ការធ្វើទុក្ខម្នេញខាងនយោបាយ ការគំរាមកំហែងមកលើសកម្មជន បេក្ខជន និងភ្នាក់ងារសង្កេតការណ៍របស់គណបក្ស និងភាពមិនប្រក្រតីដែលបានកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ»។ 
 
ជាមួយគ្នាដែរ ប្រធានគណបក្សភ្លើងទៀន ក៏បានស្នើសុំសហភាពអឺរ៉ុបបន្តឃ្លាំមើលស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ពិសេស ការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣។ 
 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ ត(គ.ជ.ប) អះអាងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានព្រឹត្តិការណ៍ដោយតម្លាភាព។ អ្នកនាំពាក្យរូបនេះ ប្រាប់ថា គ.ជ.ប តែងតែទទួលយកអនុសាសន៍ទាំងឡាយជុំវិញការបោះឆ្នោត មកពិចារណា។ យ៉ាងណាក្ដី លោក លើកឡើងថា មិនមែនគ្រប់សំណើរ សុទ្ធតែត្រូវបាន គ.ជ.ប ទទួលយកមកដោះស្រាយនោះទេ។ 
 
ពាក់ព័ន្ធសមាសភាពរបស់ គ.ជ.ប វិញ គឺ រដ្ឋសភាពជាអ្នករៀបចំ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញ។ ចំណែក ការរៀបចំការបោះឆ្នោតនាពេលកន្លងមកនេះ គឺធ្វើទៅតាមច្បាប់ដែលមានចែងជាធរមានផងដែរ។ នេះបើតាម លោក ហង្ស​ ពុទ្ធា ដដែល។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២១មិថុនា ដូច្នេះថា៖ «ការវាយតម្លៃការបោះឆ្នោត មិនមែនជាដែនសមត្ថកិច្ចដាច់ដោយឡែករបស់គណបក្សណាមួយ ឬស្ថាប័នណានោះទេ។ សំខាន់គឺពលរដ្ឋនៅទូទាំងប្រទេសមានទំនុកចិត្តលើការបោះឆ្នោតដែលបានចេញបោះឆ្នោតជាង៨០ភាគរយ ហើយការបោះឆ្នោតគឺមានភាពត្រឹមត្រូវនិងទទួលយកបានរួចមកហើយ»។ 
 
រីឯ ការដោះស្រាយពាក្យបណ្ដឹងប្រមាណ២៤០ករណី ជុំវិញដំណើរការបោះឆ្នោត មកដល់ថ្ងៃទី២១មិថុនានេះ គ.ជ.ប បានដោះស្រាយរួចរាល់ហើយ៕ 
 

Tag:
 គណបក្សភ្លើងទៀន
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com