កីឡាអន្តរជាតិ
អន្តរជាតិ
Rudiger បង្ហើបថាមុនទៅ Real Madrid រូបគេបានបដិសេធសំណើរពី Barca
× ខ្សែការពារ Antonio Rudiger ថ្ងៃទី២០ ខែមិថុនា បាននិយាយបង្ហើបថារូបគេបានសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Real Madrid កាលពីខែមេសា ដោយបានបដិសេធសំណើរពី Barcelona។ Rudiger ក៏អះអាងថាការបដិសេធនោះជារឿងពិតប្រាកដ។
ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្រុមជើងឯក UEFA Champions league រដូវកាល ២០២១-២២ ក្រោយពេលរូបគេបានផុតកុងត្រាជាមួយក្លិបចាស់ Chelsea ដែលមានរយៈពេល៥ឆ្នាំរួចមក។
Rudiger ក៏បានពន្យល់ដែរថា ក្លិបអធិរាជសបានទាក់ទងមកកាន់ភ្នាក់ងារផ្ទាល់របស់គេ មុនកាលពីខែសីហាឆ្នាំ ២០២១ មកម្ល៉េះ មុនពេលជួបពិភាក្សាគ្នាម្តងទៀតក្នុងខែមេសាឆ្នាំ ២០២២ នេះ។ កីឡាករវ័យ២៩ឆ្នាំ ក៏បានបញ្ជាក់ទៀតថារូបគេសម្រេចចិត្តចូលរួមជាមួយលោក Carlo Ancelotti ហើយបានបោះបង់សំណើរពីក្រុមគូប្រជែងរបស់ Real គឺ Barca។
«នេះជាលើកដំបូងដែលខ្ញុំបាននិយាយជាមួយលោក Ancelotti កាលពីខែមេសា ហើយការពិភាក្សាគ្នានោះពិតជាសំខាន់ខ្លាំងណាស់ ដែលខ្ញុំបានសម្រេចចិត្តមកលេងឱ្យក្លិបមួយនេះ។ ក្រុមដទៃបានទាក់ទងមកខ្ញុំ ខ្ញុំក៏ឆ្លើយតបនូវអ្វីដែលខ្ញុំចង់បាន ពិតណាក៏មាន Barcelona មួយដែរ ប៉ុន្តែខ្ញុំបានប្រាប់ភ្នាក់ងាររបស់ខ្ញុំដែលជាបងប្អូនប្រុសរបស់ខ្ញុំថាខ្ញុំបានជ្រើសរើស Real។»។ Rudiger និយាយក្នុងសន្និសីទកាសែតបែបនេះ។
Antonio Rudiger មកកាន់ក្លិបយក្សអេស្ប៉ាញរូបគេទទួលបានអាវលេខ ២២ ដែលជាអាវរបស់ខ្សែបម្រើ Isco ធ្លាប់ពាក់ និងទើបតែចាកចេញពីក្លិប ហើយខ្សែការពាររូបនេះក៏នឹងត្រូវចូលរួមតំបន់ការពាររបស់ក្រុមជាមួយកីឡាករ Eder Militao និង David Alaba។
ក្រោយចាកចេញពីក្រុមតោខៀវ Rudiger បានជួយក្រុមឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២០-២១ FA Cup ឆ្នាំ ២០១៧-១៨ Europa League ឆ្នាំ ២០១៨-១៩ ពីការបង្ហាញខ្លួនឱ្យក្លិបជាង ២០០ប្រកួត រាល់គ្រប់កម្មវិធីប្រកួត៕
Tag:
Antonio Rudiger
Real Madrid
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com