ជាតិ
សេដ្ឋកិច្ច
រដ្ឋ នឹងពង្រឹងការប្រមូលពន្ធលើវិស័យផលិតស្រាបៀរ និងថ្នាំជក់ នៅឆ្នាំ២០២៣
22, Jun 2022 , 12:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ភ្នំពេញ៖ រដ្ឋាភិបាលនឹងពង្រឹងការប្រមូលពន្ធពីវិស័យផលិតស្រាបៀរ ​និងផលិតផលថ្នាំជក់​ ដើម្បីបង្កើនចំណូលសម្រាប់ជាតិ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣​ ចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន។​

 
សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀត ដល់វិស័យដែលបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ជាពិសេសវិស័យទេសចរណ៍។​ ទន្ទឹមគ្នានេះ រដ្ឋក៏នឹងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធលើវិស័យដែលមានសក្កានុពលសម្រាប់ចំណូលជាតិ ផងដែរ។​
 
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣​  ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០២២  បានបញ្ជាក់ថា៖ «ដើម្បីគាំទ្រសកម្មភាពនៃអាជីវកម្មក្នុងស្រុក និងរក្សាចីរភាពកំណើនចំណូលថវិកាជាតិ អគ្គនាយកដ្ឋាពន្ធដារ ត្រូវពង្រឹងការប្រមូលពីវិស័យសំណង់  វិស័យទូរគមនាគមន៍ ​វិស័យរ៉ែ  វិស័យផលិតស្រាបៀរ, ភេសជ្ជៈ ​និងថ្នាំជក់ ជាដើម»។ 
 
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏ត្រូវបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលពីអាករលើបន្ថែម(VAT) ចំពោះការផ្គត់ផ្គង់ទំនិញឬសេវាជីឌីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)   និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសដែលជំពាក់បំណុលពន្ធ រួមទាំងពង្រឹងយន្តការតាមដានក្នុងការទារបំណុលពន្ធ ថែមទៀត។ 
 
ជុំវិញនៃការពង្រឹងក្នុងការប្រមូលពន្ធពីថ្នាំជក់ លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា  ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូលជាតិបន្ថែម ព្រមទាំងកាត់បន្ថយចំណាយសេវាសុខភាពសាធារណៈ។ លើសពីនេះ អតា្រពលរដ្ឋមានជំងឺ និងស្លាប់ ដោយសារផលិតផលថ្នាំជក់ក៏ត្រូវធ្លាក់ចុះ ផងដែរ។ 
 
 «ការដំឡើងពន្ធលើថ្នាំជក់ រដ្ឋទទួលបានប្រាក់ចំណូលបន្ថែម ហើយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋថែមទៀត»។ លោក មុំ គង់ បានលើកឡើងដូច្នេះ ដោយបន្តអះអាងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖ «យើងគិតទៅ គឺអត់មានផលិតផលណា ដែលធ្វើទៅឈ្នះពីរដងដូចផលិតថ្នាំជក់ អ៊ីចឹងទេ។ ផលិតផលខ្លះ កាលណាយើងដំឡើងពន្ធ គឺប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែពន្ធថ្នាំជក់នេះ បើរដ្ឋធ្វើទៅគឺអត់មានប៉ះពាល់អ្វីសោះ តែបែរជាជួយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋទៅវិញ។ ការដំឡើងពន្ធលើផលិតផលថ្នាំជក់នេះ គឺរដ្ឋអត់មានខាតអ្វីសោះតែម្តង»។
 
តាមការស្ទង់មតិ គឺមាន៩៤ភាគរយនៃពលរដ្ឋកម្ពុជា គាំទ្រឱ្យមានដំឡើងពន្ធលើថ្នាំជក់។ លោក គង់ មុំ បានបន្ថែមដូច្នេះ។
 
បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជា មានត្រឹមតែ២៥ភាគរយ ចំពោះបារីក្នុងស្រុក និង ៣១ភាគរយប៉ុណ្ណោះ ចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធរហូតដល់៧០ភាគរយ,  សិង្ហបុរី ៦៧,៥ភាគរយ និងភូមាពី៥០-៦០ភាគរយ និងវៀតណាម មានក្នុងរង្វង់៣៥ភាគរយ។
 
យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ នៅពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ដល់៧៥ភាគរយ នោះ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារ នារយៈពេល៥ឆ្នាំខាងមុខ។ ចំណូលនេះ នឹងកើនដល់ ៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងការដំឡើងពន្ធថ្នាំជក់នេះ វានឹងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។ 
 
អង្គការសហប្រជាជាតិ បានបង្ហាញទៀតថា ពលរដ្ឋកម្ពុជាចំនួន១,៥ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ដូចជា៖ ជំងឺមហារីកសួត រលាកស្រោមខួរ ជាដើម។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ ក្នុងនោះ មាន៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់, ផលិតភាពធ្លាក់ចុះ ពីការសម្រាកទៅជក់បារី និង អវត្តមានពីការងារ...៕
 

Tag:
 ពន្ធដារ
  ហិរញ្ញវត្ថុ
  ស្រាបៀរ
  ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com