កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ៖ យើងមិនជឿរឿងក្លែងបន្លំសំបុត្រជាង ៤ម៉ឺនសំបុត្រពីសំណាក់មន្រ្តីប្រទេសបារាំងឡើយ
22, Jun 2022 , 3:19 pm        
រូបភាព
តំណាងជាន់ខ្ពស់មួយរូបរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២១ ខែមិថុនា និយាយថា ខ្លួនជឿសម្តីលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលនិយាយពីតួលេខដ៏ច្រើនអំពីការក្លែងបន្លំសំបុត្រចូលទស្សនាព្រឹត្តិការណ៍ជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២១-២២។


ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០២១-២២ រវាង Liverpool និង Real Madrid បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។ បើតាមលោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានអះអាងក្រោយពេលចប់ការប្រកួតថា សំបុត្រស្ថិតក្នុងដៃអ្នកគាំទ្រចន្លោះពី ៣ម៉ឺនទៅ៤ម៉ឺនសំបុត្រ គឺជាសំបុត្រក្លែងក្លាយ។ នេះជាមូលហេតុនៃបញ្ហាដែលក្រុមមន្ត្រីប៉ូលីសបានរារាំងអ្នកគាំទ្រនៅខាងក្រៅទីលាន។
 
ការប្រកួតបានពន្យាពេលជាង១ម៉ោង ដោយសារតែបញ្ហាអ្នកគាំទ្រច្រើនអ្នកចូលក្នុងទីលានប្រកួតយឺតយ៉ាវ ដោយសារការកកស្ទះនៅក្រៅកីឡដ្ឋាន Stade des France នាទីក្រុងប៉ារីស។ 
ទោះយ៉ាងនេះក្តី លោក Martin Kallen ប្រធានផ្នែករៀបចំព្រឺត្តិការណ៍ UEFA បានប្រាប់តុលាការបារាំងថា បញ្ហាសំបុត្រក្លែងក្លាយដែល UEFA កំពុងស៊ើបអង្កេត មានតួរលេខ ទាបជាងការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង។
 
«យើងរកឃើញថាសំបុត្រត្រឹមតែ ២,៦០០សំបុត្រដែលត្រូវបានរកឃើញថាជាសំបុត្រក្លែងបន្លំ។ […] យើងមិនជឿលើតួរលេខដែលបានលើកឡើងពីសំណាក់បារាំងឡើយ ដែលពួកគេបានអះអាងថាជាង ៣ម៉ឺនទៅ៤ម៉ឺនសំបុត្រ។»។ លោក Martin Kallen និយាយបែបនេះ។
 
UEFA កាលពីចុងខែឧសភា ធ្លាប់បានប្រកាសរួចហើយថា បានបើកការស៊ើបអង្កេតលើបញ្ហាជំនួបផ្តាច់ព្រ័ត្រនៅប្រទេសបារាំង ដោយមានអតីតរដ្ឋមន្ត្រីកីឡានិងផ្នែកអប់រំរបស់ព័រទុយហ្គាល់ជាអ្នកគ្រប់គ្រង ។ ការស៊ើបអង្កេតនេះនឹងចេញលទ្ធផលក្នុងរយៈពេលចន្លោះ ២ឬ៣ខែទៀត។
 
គួររំលឹកថា Real Madrid យកឈ្នះលើក្រុមហង្សក្រហម Liverpool លទ្ធផល ១-០ ដោយកីឡាករ Vinicius JR ជាអ្នកស៊ុតរកគ្រាប់បាន ធ្វើឱ្យក្រុមអធិរាជស ក្លាយជាជើងឯក Champions League ចំនួន១៤លើកក្នុងប្រវត្តិសាស្ត្រ លើសក្រុមណាទាំងអស់នៅតំបន់អឺរ៉ុប៕
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com