ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយមិនបានលទ្ធផលល្អពីការបោះឆ្នោត លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ រងការចំអកពីលោក កឹម សុខា
22, Jun 2022 , 4:50 pm        
រូបភាព
រូបលោក កឹម សុខា ពី AFP, រូបលោក ប៉ុល ហំម ពីទំព័រហ្វេសប៊ុកគណបក្សកែទម្រង់កម្ពុជា, រូបលោក យ៉ែម បុញ្ញឫទ្ធិ ពីទំព័រហ្វេសប៊ុករបស់លោក
រូបលោក កឹម សុខា ពី AFP, រូបលោក ប៉ុល ហំម ពីទំព័រហ្វេសប៊ុកគណបក្សកែទម្រង់កម្ពុជា, រូបលោក យ៉ែម បុញ្ញឫទ្ធិ ពីទំព័រហ្វេសប៊ុករបស់លោក
ពីមុន លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ ប្រៀបដូចជាដៃស្តាំដៃឆ្វេងរបស់លោក កឹម សុខា។



លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចំអកដាក់អ្នកនយោបាយប្រឆាំង២រូប ដែលធ្លាប់ស្និទ្ធស្នាលខ្លាំងជាមួយលោក គឺលោក ប៉ុល ហំម ជាប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយម ក្រោយឃើញគណបក្សទាំង២នេះ មិនទទួលបានលទ្ធផលល្អពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ជាការកត់សម្គាល់ ការនិយាយរបស់លោក ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រជាសាធារណៈតែម្តង ខណៈសិទ្ធិនយោបាយរបស់លោក នៅត្រូវបានបិទនៅឡើយ។ 

លោក កឹម សុខា ដែលធ្លាប់ជាមេកើយរបស់លោក ប៉ុល ហំម និងលោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងដូច្នេះថា៖«អ្នកនៅ [គណបក្ស] សិទ្ធិមនុស្សជាមួយខ្ញុំ ដូចតា ប៉ុល ហំម ក្តី និងលោក យ៉ែម បុញ្ញឫទ្ធិ អី គេចេញទៅ ហើយចេញទៅអត់បានអី ធ្វើមុខស្វា»។ គ្រាន់តែលោក និយាយពាក្យនេះចប់ សំឡេងសើចនិងសូរទះដៃរបស់អ្នកគាំទ្រ ក៏ឮឡើង។ 
 
មេដឹកនាំប្រឆាំង ដែលកំពុងរែកពុនសំណុំរឿងនៅក្នុងស្រុករូបនេះ បន្តសម្តីរបស់ខ្លួនដោយសំដៅលើលោក ប៉ុល ហំម និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ ទៀតថា៖«ហ្នឹងហើយប្រាប់មិនជឿ ខ្មែរកុំចេះតែនិយាយបោកគាត់ មិនមែនចេះតែបានទេ ណាបងប្អូនណា គ្រប់គ្នាចេះគិតហើយឥឡូវ មិនមែនចេះតែមកកុហក អ្នកឯងគ្រាន់បើ ចង់គ្រាន់បើ សាកមើលទៅ ខ្ញុំថាសាកទៅ»។ 
 
សំឡេងរបស់លោក កឹម សុខា ត្រូវបានផ្សាយដោយវិទ្យុអាស៊ីសេរី។ វិទ្យុអាស៊ីសេរី អះអាងថា  សំឡេងរបស់លោក កឹម សុខា ប្រហែលជាស្ថិតក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ 
 
លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ ដើរតាមលោក កឹម សុខា តាំងពីការបង្កើតគណបក្សសិទ្ធិមនុស្ស នៅឆ្នាំ២០០៧មកម្ល៉េះ។ កាលនៅក្នុងគណបក្សសិទ្ធិមនុស្ស ដែលមានលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម ជាអ្នកនាំពាក្យ ហើយលោក យ៉ែម បុញ្ញឫទ្ធិ ជាអគ្គលេខាធិការ។ 
 
ក្រោយគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២ លោក សម រង្ស៊ី គឺជាប្រធាន ហើយលោក លោក កឹម សុខា ជាអនុប្រធាន។ ពេលលោក កឹម សុខា ឡើងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលលាលែង អនុប្រធាន៣រូប ត្រូវបានតែងតាំង គឺអ្នកស្រី មូរ សុខហួរលោក អេង ឆៃអ៊ាង និងលោក ប៉ុល ហំម  ឯលោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនាំពាក្យ។ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោលនៅចុងឆ្នាំ២០១៧។  
 
មុនការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥មកដល់ លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ បានបង្កើតគណបក្សថ្មីមួយម្នាក់ ហើយបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នាពាក់កណ្តាលឆ្នាំ២០២២នេះ ជាមួយគេឯងដែរ។ លោកទាំង២ ធ្លាប់ជាមនុស្សជំនិតរបស់លោក កឹម សុខា និងស្ទើរតែអាចទុកជាដៃឆ្វេងដៃស្តាំរបស់លោក កឹម សុខា។
 
ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនទេ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈគណបក្សផ្សេងទៀត ដោយរួមទាំងគណបក្សកែទម្រង់កម្ពុជារបស់លោក ប៉ុល ហំម និងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ទទួលបានសំឡេងគាំទ្រមិនសូវច្រើនឡើយ។ លទ្ធផលក្រៅផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩,៣ពាន់ ហើយគណបក្សភ្លើងទៀន ដែលដូរឈ្មោះមកពីគណបក្ស សម រង្ស៊ី ទទួលបានជាង២ពាន់អាសនៈ។ 
 
ក្រៅពីចំអកឲ្យលោក ប៉ុល ហំម និងលោក យ៉ែម បុញ្ញឫទ្ធិ លោក កឹម សុខា ក៏បានប្រកាសសាជាថ្មីម្តងទៀតនៅចំពោះមុខអ្នកគាំទ្រថា លោក បានកាត់ផ្តាច់សម្ព័ន្ធមិត្តជាមួយលោក សម រង្ស៊ី ហើយ។ លោក មានប្រសាសន៍ថា៖«កាលមុន ខ្ញុំ ត្រូវជាមួយ សម រង្ស៊ី ឥឡូវ គាត់ដើរចេញហើយ គាត់នាំគណបក្សភ្លើងទៀនរបស់គាត់ ដើរចេញហើយ ចប់ហើយ។ មិនត្រឹមចេញទេ គាត់វាយប្រហារខ្ញុំទៀតថា កឹម សុខា ឯង ខុសធ្ងន់ណាស់»។ 
 
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក កឹម សុខា បានប្រកាសក្នុងសវនាការនៃតុលាការភ្នំពេញម្តងរួចមកហើយ ពីការផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ លោក ថែមទាំងសង្កត់ធ្ងន់ថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ គឺលែងមានទៀតហើយ។ 
 
ការប្រកាសរបស់លោក កឹម សុខា ទាំងក្នុងសវនាការ ទាំងនៅចំពោះមុខអ្នកគាំទ្រ គឺធ្វើឡើងក្រោយពីលោក រងការរិះគន់ពីលោក សម រង្ស៊ី។ លោក សម រង្ស៊ី និយាយជាមួយវិទ្យុអាស៊ីសេរីថា ការដែលលោក កឹម សុខា មិនទៅបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ក្រោមហេតុផលថាគ្មានជម្រើស គឺជាការខុសឆ្គងដ៏ធ្ងន់ធ្ងរ។ 
 
យ៉ាងណាក៏ដោយចុះ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំង នៅតែយល់ថា ការប្រកាសរបស់លោក កឹម សុខា អំពីការផ្តាច់ចំណងមិត្តភាពនេះ មិនមែនចេញពីចិត្តឡើយ ដ្បិតលោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធរបស់គេ៕ 
 

Tag:
 កឹម សុខា
  ប៉ុល ហំម
  យ៉ែម បុញ្ញឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com