ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មន្រ្តីបក្សភ្លើងទៀន ដែលជាប់ចោទពីបទប្លន់កាល២០ឆ្នាំមុន ត្រូវបានដោះលែងវិញហើយ
22, Jun 2022 , 5:41 pm        
រូបភាព
រូបលោក ញឹម សារ៉ុម ពីទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
រូបលោក ញឹម សារ៉ុម ពីទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
តុលាការខេត្តកំពង់ធំ បានដោះលែងលោក ញឹម សារ៉ុម បេក្ខជនរបស់គណបក្សភ្លើងទៀន ដែលទើបជាប់ឆ្នោតជាមេឃុំ ឲ្យមានសេរីភាពវិញហើយ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយជាប់ឃុំអស់១យប់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ នេះបើតាមការអះអាងរបស់លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ធំ មកកាន់សារព័ត៌មានថ្មីៗ។



លោក សាយ វាសនា លើកឡើងថា តុលាការ មានហេតុផល៣យ៉ាង ក្នុងការដោះលែងលោក ញឹម សារ៉ុម គឺ ទី១ លោក មានមុខរបរច្បាស់លាស់ ទី២ លោក មានលំនៅឋានពិតប្រាកដ និងទី៣ លោក បានចូលរួមសហការក្នុងដំណើរការនីតិវិធីរបស់តុលាការ។ យ៉ាងណា លោកព្រះរាជអាជ្ញារងរូបនេះ បញ្ជាក់ថា តុលាការ ដោះលែងលោក ញឹម សារ៉ុម ជាបណ្តោះសន្នប៉ុណ្ណោះ ដោយបទចោទប្រកាន់លើលោក នៅរក្សាទុកដដែល។ លោក មានប្រសាសន៍ថា៖«គាត់ មិនទាន់រួចផុតពីបទចោទទេ»។  

លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយយកទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ តុលាការ រកឃើញថា លោក បានទៅប្លន់យកម៉ាស៊ីនភ្លើង១គ្រឿងពីអ្នកដទៃ នៅក្នុងស្រុកស្ទោង តាំងពីឆ្នាំ២០០២មកម្ល៉េះ ដែលមានរយៈពេល២០ឆ្នាំមកហើយ ដូច្នេះទើបលោក ត្រូវរងពីបទប្លន់នេះ។ ការចាប់លោកនាពេលនេះ គឺធ្វើទៅតាមដីការបស់ចៅក្រមស៊ើបសួរ ដែលចេញកាលពី១០ឆ្នាំមុន គឺក្នុងឆ្នាំ២០១២។ 

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកព្រះរាជអាជ្ញារង សាយ វាសនា ថ្លែងថា សំណុំរឿងរបស់លោក ញឹម សារ៉ុម បានឆ្លងកាត់ការជំនុំជម្រះរួចមកហើយ កាលពីឆ្នាំ២០១៤ ដោយតុលាការ សម្រេចផ្តន្ទាទោសលោករយៈពេល៥ឆ្នាំ។ ប៉ុន្តែ លោក ញឹម សារ៉ុម មិនដែលត្រូវបានចាប់ខ្លួនយកទៅឃុំនោះទេ ដោយទើបតែជាប់ឃុំបាន១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ហើយក៏ត្រូវបានដោះលែងវិញ។ 

លើទំព័រហ្វេសប៊ុករបស់ខ្លួន គណបក្សភ្លើងទៀន បានបង្ហោះឯកសារមួយចំនួនជាភស្តុតាង ដែលបង្ហាញថា លោក ញឹម សារ៉ុម មិនមែនទៅប្លន់យកម៉ាស៊ីនភ្លើងឡើយ គឺលោក ទៅយកម៉ាស៊ីនភ្លើងនោះ ដោយសារម្ចាស់ម៉ាស៊ីនភ្លើង ជំពាក់ប្រាក់លោក ហើយមិនសងលោក។ គណបក្សភ្លើងទៀន បញ្ជាក់ថា លោក មិនមែនជាចោរប្លន់ ដូចការចោទប្រកាន់របស់តុលាការនោះទេ។

ព័ត៌មានលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន បានឲ្យដឹងបន្ថែមថា លោក ញឹម សារ៉ុម បានជាប់ឆ្នោតនៅឃុំចំណា ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣ដងហើយ គឺ ជាប់ជាសមាជិកក្រុមប្រឹក្សា មកពីគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ ជាប់ជាជំទប់ទី១ មកពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ហើយលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ បង្ហាញថា លោក ជាប់ជាមេឃុំ៕ 

អត្ថបទទាក់ទង



Tag:
 គណបក្សភ្លើងទៀន
  ញឹម សារ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com