ជាតិ
គ.ជ.ប៖ បណ្ដឹង ២៤៥ ត្រូវបានដោះស្រាយរួចរាល់ ១០០ភាគរយហើយ
22, Jun 2022 , 10:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មាការរៀបចំការបោះឆ្នោត គ.ជ.ប។ រូបភាព គ.ជ.ប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មាការរៀបចំការបោះឆ្នោត គ.ជ.ប។ រូបភាព គ.ជ.ប។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ស្ថាប័នរៀបចំការបោះឆ្នោតទាំង៣ថ្នាក់ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ និង គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត បានទទួលបណ្ដឹងចំនួន ២៤៥បណ្ដឹង ខណៈបណ្ដឹងទាំងនោះ បានដោះស្រាយរួចរាល់ហើយ។



លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយពេលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចមក ស្ថាប័នរៀបចំការបោះឆ្នោតទាំង៣ ទទួលបានបណ្ដឹងចំនួន ២៤៥បណ្ដឹង ដោយក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ និងគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត បានបញ្ជូនបណ្តឹងចំនួន៣៣ ទៅឱ្យ គ.ជ.ប។

«បណ្ដឹង ២៤៥ បានដោះស្រាយចប់ហើយ។ ការដោះស្រាយបណ្ដឹងនេះ គឺការធ្វើលិខិតជូនដំណឹងរដ្ឋបាល ដោយសារពាក្យបណ្ដឹងមកដល់ គ.ជ.បខ្លះ ត្រូវបានដោះស្រាយនៅខេត្តរួចហើយ ប៉ុន្តែសាមីដើមបណ្ដឹង មិនសុខចិត្តក៏បន្តប្ដឹងទៀត»។ នេះបើតាមលោក ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី ២២ មិថុនា។
 
អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយពេលស៊ើបអង្កេតរួច និងដោះស្រាយបញ្ចប់ហើយ និងបានធ្វើសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរទៅតាមបណ្ដឹងនីមួយៗ តាមបែបលិខិតរដ្ឋបាល ។
បើតាមច្បាប់ ការដោះស្រាយបណ្ដឹងនៅ គ.ជ.ប គឺជាការដោះស្រាយបណ្ដឹងបិទផ្លូវតវ៉ា ។ តាមរយៈការដោះស្រាយបណ្ដឹងនេះ គ.ជ.ប ពិនិត្យលើហេតុផល អង្គហេតុ និងអង្គច្បាប់ ព្រមទាំងអនុម័តឆ្លើយតបទៅតាមច្បាប់ និងមិនមានបើកសាវនាការជាសាធារណៈនោះទេ ព្រោះជាបណ្ដឹងមានការស៊ើបអង្កេតរួចហើយ ដូច្នេះ គ.ជ.ប មានសិទ្ធិអាចសម្រេច។
 
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា បណ្ដឹងដែលលោកទទួលបានភាគច្រើនជាបណ្ដឹងរបស់គណបក្សភ្លើងទៀន ហើយបណ្ដឹងទាំងនោះ ជាបណ្ដឹងដែលស្នើសុំឱ្យមានការដាក់ទោស លើគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់។ បណ្ដឹងគណបក្សភ្លើងទៀនមានប្រមាណ ៨០ភាគរយ។
 
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២៕
 
 
 

Tag:
 បណ្ដឹង
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com