កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប PSG៖ ទោះ Real ផ្តល់​ប្រាក់ខែខ្ពស់ជាង តែ Mbappe សម្រេច​នៅ​បន្ត
22, Jun 2022 , 11:29 pm        
រូបភាព
 Kylian Mbappe ជ្រើសរើសបន្តនៅ Paris Saint Germain ដោយសារតែក្លិបបានបង្ហាញគម្រោងដ៏ល្អសម្រាប់រដូវកាលក្រោយ ហើយរូបគេផ្ទាល់ជាអ្នកបដិសេធសំណើររបស់ Real Madrid។Real បានផ្តល់ប្រាក់ដល់រូបគេច្រើនជាង PSG ទៅទៀត។ នេះបើតាមលោក Nasser Al-Khelaifi ថ្ងៃទី២១ ខែមិថុនា។

Mbappe វ័យ២៣ឆ្នាំ ត្រូវបានកាសែតកីឡាជាច្រើនរាយការណ៍ ថាអាចនឹងចូលរួមជាក្លិបម្ចាស់ជើងឯក ​Champions league រដូវកាល ២០២១-២២ Real Madrid ពេលផុតកិច្ចសន្យាជាមួយ PSG ក្រោយចប់រដូវកាល។ ទោះជាបែបនេះ ខ្សែប្រយុទ្ធជួរមុខ ​PSG រូបនេះក៏បានបន្តកិច្ចសន្យាជាមួយក្លិបបន្តទៀតរហូតដល់ឆ្នាំ ២០២៥ ដែលធ្វើឱ្យ Real ក៏ដូចជាក្របខណ្ឌ La Liga បានខកចិត្តជាខ្លាំង។
 
ការសម្រេចចិត្តនេះ ធ្វើឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ក្លិបនិងក្របខណ្ឌប្រទេសអេស្ប៉ាញមួយនេះ ហើយប្រធានក្លិប Real លោក Florentino Perez បានចាត់ទុករឿងនេះជាការប្រមាថ និងឱ្យ Mbappe សុំទោសមកក្លិប។ ចំណែក ​La Liga បានប្តឹងទៅ UEFA ជុំវិញរឿងបំពានច្បាប់ហិរញ្ញវត្ថុពីសំណាក់ក្លិប PSG ក្រោយបន្តកិច្ចសន្យាជាមួយ Mbappe។
 
យ៉ាងណាក្តីប្រធានក្លិប PSG លោក Al-Khelaifi បាននិយាយថា ខ្សែប្រយុទ្ធរបស់លោកជ្រើសនេះមិនដោយសារតែលុយលើយ ហេតុផលនោះគឺដោយសារតែក្រុមមានគម្រោងល្អខ្លាំងសម្រាប់រដូវកាលខាងមុខ។
 
«ខ្ញុំពិតជាផ្តល់ការគោរពដ៏ខ្ពល់មួយដល់ក្លិប Real Madrid ពួកគេជាក្លិបដ៏អស្ចារ្យ ហើយ Madrid បានផ្តល់សំណើរដ៏ល្អជាងយើងទៅកាន់ Mbappe ប៉ុន្តែ Mbappe បន្តកុងត្រាមិនដែលខ្វល់អំពីរឿងលុយឡើយ នេះជារឿងដំបូងគេបង្អោះ។ គេជាកីឡាកររបស់យើង ហើយគេក៏មានក្លិបនៅអង់គ្លេសបានផ្តល់សំណើរដូចជា Madrid ដែរ។»។ លោក Al-Khelaifi បាននិយាយប្រាប់កាសែត Marca បែបនេះ។
 
ប្រធានក្លិប PSG រូបនេះក៏បាននិយាយអះអាងបន្ថែមថា ក្លិបយក្សបារាំងមួយនេះមិនដែលគិតចង់ជ្រៀតជ្រែកក្លិបផ្សេង ឬក៏ក្របខណ្ឌផ្សេងណាមួយឡើយ ការចុះកិច្ចសន្យាលើកីឡាករដូចជា Mbappe និង Messi គឺជាសមត្ថភាពវិនិយោគរបស់ក្លិប ហើយស្របច្បាប់៕
 
 

Tag:
 Nasser Al-Khelaifi
  PSG
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com