អន្តរជាតិ
ប្រធាន G20 លោក វីដូដូ នឹងធ្វើទស្សនកិច្ចនៅក្រុងកៀវ និងមូស្គូ នៅចុងខែមិថុនា
23, Jun 2022 , 11:03 am        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នឹងធ្វើទស្សនកិច្ចនៅក្រុងកៀវ និងមូស្គូ បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅអាល្លឺម៉ង់។ ប្រមុខការទូតឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែមិថុនា។ នេះនឹងជាទស្សនកិច្ចរបស់មេដឹកនាំអាស៊ីដំបូង នៅអ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងពីការផ្ទុះជម្លោះនៅក្នុងខែកុម្ភៈកន្លងទៅ។

 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២២ ខែមិថុនា រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអះអាងថា លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ រួចបន្តទៅជួបសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅមូស្គូ បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ដែលអាល្លឺម៉ង់ ធ្វើជាប្រធានផ្លាស់វេន មុននឹងបញ្ចប់ទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម។ 
 
«ទស្សនកិច្ចរបស់លោកប្រធានាធិបតី បង្ហាញពីក្តីបារម្ភជុំវិញបញ្ហាមនុស្សធម៌។ លោកព្យាយាមចូលរួមដោះស្រាយវិបត្តិស្បៀងអាហារ ដែលបង្កដោយសង្រ្គាម»។ ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា​ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានចំណូលទាប។ 
 
ក្នុងនាមជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ដែលគ្រោងរៀបចំឡើងនៅបាលី នាខែវិច្ឆិកាខាងមុខ លោក វីដូដូ នឹងក្លាយជាមេដឹកនាំអាស៊ីដំបូងគេ ដោយបានធ្វើទស្សនកិច្ចនៅក្រុងកៀវ និងក្រុងមូស្គូ ស្របពេលសង្រ្គាមកំពុងផ្ទុះឡើង។ កន្លងមកអាម៉េរិក និងសម្ព័ន្ធមិត្តជំរុញឱ្យឥណ្ឌូណេស៊ីដករុស្ស៊ីចេញពីកិច្ចប្រ ជុំG20 ខណៈរដ្ឋាភិបាលក្រុងហ្សាការតា បានព្យាយាមស្វែងរកតុល្យភាពនៅក្នុងភាពចម្រូងចម្រាសនេះ តាមរយៈការអញ្ជើញប្រធានាធិបតីអ៊ុយក្រែនមកចូលរួម។ 
 
យ៉ាងណាមិញ ប្រមុខការទូតឥណ្ឌូណេស៊ី មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃជំនួបរវាងមេដឹកនាំឥណ្ឌូណេស៊ីជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ីឡើយ។ តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី លោកវីដូដូ អាចជួបជាមួយលោកពូទីន នៅថ្ងៃទី៣០ ខែមិថុនា។ ក្នុងជំនួបជាមួយមេដឹកនាំរុស្ស៊ី ប្រធានាធិបតីឥណ្ឌូណេស៊ី អាចពិភាក្សាពីការសម្រួលឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ បន្ទាប់ពីនាវារុស្ស៊ីជាច្រើនគ្រឿង បានបិទផ្លូវទឹកចូលក្នុងកំពង់ផែអ៊ុយក្រែន Odesa។
 
កន្លងមក ឥណ្ឌូណេស៊ី ជាប្រទេសមួយ ដែលព្យាយាមស្វែងរកអព្យាក្រឹតភាពក្នុងសង្រ្គាមនៅអ៊ុយក្រែន និងទទូចឱ្យមានការដោះស្រាយប្រកបដោយសន្តិភាព។ មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី ថែមទាំងបដិសេធបញ្ជូនអាវុធទៅអ៊ុយក្រែន តាមការអំពាវនាវពីសំណាក់មេដឹកនាំអ៊ុយក្រែនថែមទៀត ប៉ុន្តែរដ្ឋាភិបាលក្រុងហ្សាការតា បានផ្តល់តែជំនួយមនុស្សធម៌ទៅប៉ុណ្ណោះ៕
 

Tag:
 ឥណ្ឌូណេស៊ី
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com