អន្តរជាតិ
លោក បៃឌិន ស្នើអតីតអ្នកការទូតអាម៉េរិកនៅចិននិងវៀតណាម ជាអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា
23, Jun 2022 , 2:08 pm        
រូបភាព
លោក Robert William Forden ត្រូវបានស្នើជាបេក្ខភាពអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត AmCham China
លោក Robert William Forden ត្រូវបានស្នើជាបេក្ខភាពអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត AmCham China
សេតវិមាន នៅថ្ងៃទី២២ ខែមិថុនា បានស្នើតែងតាំងលោក Robert William Forden ដែលជាអ្នកការទូតអាម៉េរិកប្រចាំចិន ជាអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ជំនួសលោក W. Patrick Murphy ដែលចប់អាណត្តិ។ ការស្នើនេះ​ ត្រូវឆ្លងកាត់ការយល់ព្រមពីព្រឹទ្ធសភាអាម៉េរិក មុនការតែងតាំងផ្លូវការ។

 
លោក Robert William Forden បច្ចុប្បន្នលោកបម្រើការជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសក្នុងទីក្រុងវ៉ាស៊ីនតោន។ មុនត្រឡប់ទៅអាម៉េរិកវិញ លោក Forden ជាអនុប្រធានបេសកកម្ម និងជាភារធារីបណ្តោះអាសន្ននៃស្ថានទូតអាមេរិកប្រចាំនៅសាធារណរដ្ឋប្រជាមានិត​ចិន។ លោក Forden ធ្លាប់បំពេញការងារនៅកោះតៃវ៉ាន់ និងជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុង Tel Aviv ទឹកដីអ៊ីស្រាអែលដែរ។
 
ជាមន្រ្តីផ្នែកការទូត លោក Forden ក៏ធ្លាប់ធ្វើការជាទីប្រឹក្សាសេដ្ឋកិច្ចនៅស្ថានទូតអាម៉េរិកប្រចាំទីក្រុងហាណូយផងដែរ។ ក្រៅពីភាសាអង់គ្លេស លោកអាចនិយាយភាសាចិន និងវៀតណាម។
 
នៅថ្ងៃទី២២ ខែមិថុនា សេតវិមានប្រកាសថា ប្រធានាធិបតី ចូ បៃឌិន ប្រកាសស្នើបេក្ខភាពលោក Forden ជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជានីតិវិធី លោក Forden ត្រូវផ្ដល់សក្ខីកម្មនៅព្រឹទ្ធសភាអាម៉េរិក។ បើព្រឹទ្ធសភាអនុម័តបេក្ខភាពរបស់លោក Forden លោក បៃឌិន អាចតែងតាំងជាផ្លូវការតែម្ដង។
 
លោក Forden នឹងត្រូវជំនួសតំណែងលោក W. Patrick Murphy ដែលកាន់តំណែងតាំងពីឆ្នាំ២០១៩មក៕
 

Tag:
 អាម៉េរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com