អន្តរជាតិ
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិព្រមានថា រុស្ស៊ីអាចនឹងកាត់ផ្តាច់ឧស្ម័នទៅអឺរ៉ុបទាំងស្រុង
23, Jun 2022 , 4:28 pm        
រូបភាព
រូបថត AFP
រូបថត AFP
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃទី២២ ខែ​មិថុនា ព្រមានថា រុស្សីអាចនឹងកាត់ផ្តាច់ឧស្ម័នទៅកាន់អឺរ៉ុបទាំងស្រុង ខណៈរុស្ស៊ីកំពុងស្វែងរកការពង្រឹងឥទ្ធិពលនយោបាយរបស់ខ្លួនអំឡុងវិបត្តិអ៊ុយក្រែននោះ។ លើសពីនេះ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ក៏ប្រាប់ឱ្យអឺរ៉ុបត្រូវត្រៀមខ្លួនពីឥឡូវទៅ បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរ។




«ខ្ញុំនឹងមិនច្រានចោលការណ៍ដែលរុស្ស៊ីបន្តបង្កើតបញ្ហាផ្សេងៗនៅទីនេះ និងទីនោះ ហើយបន្តស្វែងរកលេសដើម្បីកាត់បន្ថយការដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបនោះទេ។ លើសពីនេះរុស្ស៊ីអាចកាត់ផ្តាច់ការទាំងចេញឧស្ម័នទាំងស្រុងទៅទ្វីបអឺរ៉ុបផង»។ នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះនៅថ្ងៃ២២ ខែ​មិថុនា។
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Birol បានបន្ថែមថា វាជាហេតុផលដែលអឺរ៉ុបត្រូវរៀបចំផែនការបន្ទាន់។ លោកបានលើកឡើងពីការកាត់បន្ថយលំហូរឧស្ម័ន​នាពេលថ្មីៗនេះ ដែលអាចជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីដាក់សម្ពាធលើអឺរ៉ុប ព្រោះរដូវរងាដែលមានតម្រូវការប្រើប្រាស់ឧស្ម័នខ្ពស់ ជិតឈានចូលមកដល់ហើយ។
 
កន្លងមក អឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រេង និងធ្យូងថ្មរបស់រុស្ស៊ី ប៉ុន្តែមិនបានហាមឃាត់ការនាំចូលឧស្ម័នឡើយដោយសារនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីទីក្រុងមូស្គូ។ អាល្លឺម៉ង់ និងបារាំង សុទ្ធសឹងជាអតិថិជនធំរបស់រុស្ស៊ី 
 
បើតាមរបស់របាយការណ៍ស្តីពីលក្ខខណ្ឌនៃការវិនិយោគថាមពលសរុបសម្រាប់ឆ្នាំ២០២២ របស់ IEA អឺរ៉ុបបានកំណត់​ទំហំទឹកប្រាក់ ២,៤ទ្រីលានដុល្លារ ដើម្បីវិនិយោគនៅក្នុងវិស័យថាមពលនៅឆ្នាំនេះ រួមទាំងការចំណាយលើថាមពលកកើតឡើងវិញផងដែរ សំដៅកាត់បន្ថយការពឹងពាក់រុស្ស៊ី។ ទន្ទឹមនឹងនេះ អឺរ៉ុបនឹងផ្លាស់ប្តូរជាបណ្តោះអាសន្នទៅធ្យូងថ្មវិញ ដើម្បីទប់ទល់នឹងការថយចុះលំហូរឧស្ម័នរបស់រុស្ស៊ី ដោយប្ដេជ្ញាមិនធ្វើឱ្យប៉ះពាល់បរិយាកាសក្នុងរយៈពេលវែងឡើយ។
 
បើតាមមេដឹកនាំអឺរ៉ុប លំហូរឧស្ម័នពីរុស្ស៊ីមកទ្វីបអឺរ៉ុបតាមបំពង់ Nord Stream 1 ត្រូវបានកាត់បន្ថយមកសល់ត្រឹម ៤០ ភាគរយបើធៀបនឹងការផ្គត់ផ្គង់កន្លងមក។ អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ បានផ្តល់សញ្ញាពីការត្រៀមចាប់ផ្ដើមរោងចក្រថាមពលដើរដោយធ្យូងថ្មឡើងវិញដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ថាមពលបាន។ ប៉ុន្តែអាល្លឺម៉ង់ ក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសជឿនលឿនទាំង៧ ស្តីពីការការប្តេជ្ញាចិត្តចំពោះគោលដៅផ្លាស់ប្តូរអាកាសធាតុដែរ៕
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com