កីឡាអន្តរជាតិ
អន្តរជាតិ
ការស្លាប់របស់ ម៉ារ៉ាដូណា ៖ តុលាការកាត់ទោសវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ពីបទមនុស្សឃាត
23, Jun 2022 , 7:29 pm        
រូបភាព
មនុស្ស៨នាក់ដែលជាក្រុមគ្រូពេទ្យមើលថែវីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona ត្រូវបានតុលាការអាហ្សង់ទីនកាត់ទោសពីបទមនុស្សឃាត ក្រោយពេលការស៊ើបអង្កេតពីការស្លាប់ តាំងពីឆ្នាំ ២០២០ បានបញ្ចប់។ នេះបើតាមទីភ្នាក់ងារ ​​​Reuters ថ្ងៃទី២២ ខែមិថុនា។

 
ឯកសារចំនួន ២៣៦ទំព័រ ដែលទីភ្នាក់ងារ Reuters បានពិនិត្យមើលឃើញថា ចៅក្រមទទួលបន្ទុកលើសំណុំរឿងនេះ បានចោទសួរជនជាប់ចោទអំពី«អាកប្បកិរិយា និងសកម្មភាពនៃការធ្វេសប្រហែសនៃជនជាប់ចោទម្នាក់ៗ ដែលរួមចំណែកនាំឱ្យមានការបង្កគ្រោះថ្នាក់។»។ 
 
បើតាមការស៊ើបអង្កេតពីការស្លាប់របស់លោក Maradona ក្នុងឆ្នាំ២០២១ ពីសំណាក់ក្រុមប្រឹក្សាវេជ្ជសាស្ត្រប្រចាំនៅប្រទេសអាហ្សង់ទីននោះ ក្រុមគ្រូពេទ្យទាំង៨រូប មានអាកប្បកិរិយាមិនសមរម្យ ខ្វះខាត និងមិនចេះប្រុងប្រយ័ត្ន។ 
 
យ៉ាងណាមិញនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ តុលាការបានចេញសេចក្តីសម្រេចកាត់ទោសមនុស្សទាំង៨នាក់ ដែលរួមមាន វេជ្ជបណ្ឌិត១រូប , វេជ្ជបណ្ឌិតចិត្តសាស្ត្រ១រូប និងគិលានុបដ្ឋាយិកា៦រូប ដែលមើលថែលោក Diego Maradona អំឡុងពេលលោកស្លាប់ ពីបទ«មនុស្សឃាតដោយចេតនា»។
 
លោក Mario Baudry ដែលមេធាវីម្នាក់របស់កូនប្រុសលោក Maradona បាននិយាយប្រាប់អ្នកកាសែតដែរថា ស្ថានភាពការស្លាប់របស់លោក Maradona គឺជាអំពឺឃាតកម្ម។
 
«ស្ថានភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន ស្ថិតក្នុងស្ថានភាពដ៏អស់សង្ឃឹមបំផុត នៅពេលដែលគាត់ស្លាប់។ នៅពេលដែលខ្ញុំបានទៅឃើញរូបគាត់ផ្ទាល់ភ្នែក ខ្ញុំបាននិយាយថានោះជាអំពឺឃាតកម្ម ខ្ញុំបានប្រយុទ្ធយ៉ាងយូរចំពោះរឿងក្តីនេះ ហើយពេលនេះយើងបានសម្រេចនូវអ្វីដែលយើងចង់បាននូវយុត្តិធម៌។»លោកBaudry បាននិយាយបែបនេះ។
 
ក្រុមគ្រូពេទ្យដែលជាចុងចោទទាំង៨ រូបនោះរួមមាន វេជ្ជបណ្ឌិតរបស់លោក Maradona ផ្ទាល់គឺលោក Leopoldo Luque , អ្នកស្រី Agustina Cosachov គ្រូពេទ្យផ្នែកវិកលចរិក, លោក Carlos Diaz គ្រូពេទ្យផ្នែកចិត្តសាស្ត្រ , អ្នកស្រី Gisella Madrid, Mariano Perroni, Pedro Di Spagna, Nancy Forlini និង Ricardo Almiron ជាគិលានុបដ្ឋាយិកា។ 
 
សូមជម្រាមថា បទមនុស្សឃាតក្នុងប្រទេសអាហ្សង់ទីន ជាធម្មតា ឧក្រិដ្ឋជននឹងត្រូវជាប់ទោសដាក់ពន្ធនាគារចាប់ពីរយៈពេល ៨ឆ្នាំ រហូតដល់ទៅ២៥ឆ្នាំ។ នេះបើយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ ប៉ុន្តែតុលារមិនទាន់បានសម្រេចប្រកាសសាលក្របនៃសវនានៅឡើយទេ៕ 
 
 
 
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com