ជាតិ
សិស្សស្រីដល់ទៅ៦រូបនៅវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង ជាប់សិស្សពូកែអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស
23, Jun 2022 , 7:59 pm        
រូបភាព
 មោទកភាព! សិស្សស្រីចំនួន៦រូបនៃវិទ្យាល័យ​ព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្ត​ព្រៃវែង បានជាប់​ជាជ័យលាភីសិស្សពូកែផ្នែក​អក្សរសិល្ប៍ខ្មែរ​ទូទាំង​ប្រទេស​ក្នុងឆ្នាំ​២០២២។ នេះបើតាម​ការប្រកាសស្តីពីការទទួល​ស្គាល់​សិស្សពូកែ​ទូទាំង​ប្រទេស​ដែលចុះហត្ថលេខាដោយ​រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី១៩ ខែមិថុនា។ នេះមិនមែន​ជាលើកទី១ឡើយសម្រាប់វិទ្យាល័យ​ដែលមាន​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រពីទីរួមខេត្ត ប៉ុន្តែលោកនាយក ឆាយ ប៉េងឆាន បានអះអាងនេះជាកំណត់ត្រាថ្មី​សម្រាប់វិទ្យាល័យ​ដែលមាន​សិស្សស្រីដល់ទៅ​៦រូបជាប់ជាជ័យលាភី​ក្នុងឆ្នាំតែមួយ។

 
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសពីទទួលស្គាល់​សិស្សពូកែទូទាំង​ប្រទេស​ចំនួន​៦០នាក់សម្រាប់ឆ្នាំ​២០២២ ក្រោយឆ្លងកាត់សម័យប្រឡង ១៣មិថុនា ២០២២ លើមុខ​វិជ្ជាអក្សរសិល្ប៍ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យាសម្រាប់ថ្នាក់ទី​៩ និងទី១២។
 
អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ វិទ្យាល័យព្រៃព្នៅ មាន​វត្តមាន​សិស្សពូកែ​អក្សរសិល្ប៍ខ្មែរ​រហូត​ដល់ទៅ​៦នាក់ ហើយ​សុទ្ធតែជា​សិស្សស្រីទាំងអស់។ ជ័យលាភីទាំងនោះមាន​ ធីម ស្រីពៅ បាន​​មេដាយ​មាស (ចំណាត់ថ្នាក់​លេខ១), ស្រេង ថារ៉ា បាន​​មេដាយ​ប្រាក់(ចំណាត់ថ្នាក់លេខ២) និង​ ជុន កាក់នីកា ជា​ប់ចំណាត់​ថ្នាក់​លេខ​៧សម្រាប់​មុខ​វិជ្ជា​អក្សរសិល្ប៍ខ្មែរថ្នាក់​ទី១២។ ចំណែក​ថ្នាក់ទី៩ មាន ផា ធីតា ​ជ័យ​លាភី​មេដាយ​មាស (ចំណាត់ថ្នាក់​លេខ១), នី ស្រីនិច ជា​ប់ចំណាត់​ថ្នាក់​លេខ​៦ និង​ ថន រតនា ជា​ប់ចំណាត់​ថ្នាក់​លេខ​៧។


 រូបភាពពី​វិទ្យាល័យ​ព្រៃព្នៅ

នេះមិន​មែន​ជា​លើក​ដំបូង​ឡើយ​ ដែលសិស្សនៃ​វិទ្យាល័យ​ព្រៃព្នៅ ជាប់​ជ័យលាភីសិស្ស​ពូកែ​ទូទាំង​ប្រទេស ប៉ុន្តែវាជាកំណត់ត្រាថ្មីដែល​សិស្សវិទ្យាល័យ​មួយនេះ បានជាប់ជ័យលាភី៦នាក់ក្នុងចំណោម​៨នាក់​ដែលបាន​ចូលរួម​ប្រឡងសិស្សពូកែ តាមរយៈ​លទ្ធផល​ល្អ​នេះ បាន​ធ្វើឱ្យ​កិត្តិសព្ទរបស់​វិទ្យាល័យនេះល្បី​ឮខ្ចរខ្ចាយ។
 
«នេះជា​មហាកិត្តិយសណាស់សម្រាប់​ស្រុក​ពារាំងនិង​ខេត្តព្រៃវែងទាំងមូល ជាពិសេស​សម្រាប់​វិទ្យាល័យ​ព្រៃព្នៅរបស់យើងខ្ញុំពិតជាមាន​កិត្តិយសណាស់»។ នេះជា​ប្រសាសន៍​របស់​លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យ​ព្រៃព្នៅ ក្នុងបទសម្ភាសតាមទូរសព្ទជាមួយ​សារពត៌មានថ្មីៗ។
 
បើតាមលោកនាយកសាលា​វ័យ​៥១ឆ្នាំ​រូបនេះ ​កត្តា​ដែលនាំ​ឲ្យ​​វិទ្យាល័យលោក​ ​សម្បូរ​សិស្ស​ពូកែ​អក្សរសិល្ប៍ខ្មែរ​ គឺមកពី​សិស្សទាំងនោះចូលចិត្ត​មុខ​វិជ្ជាខ្មែរ និង​មានការ​​បង្ហាត់​ពី​គ្រូ​ដែល​​យក​ចិត្ត​ទុកដាក់​លើ​ការ​បង្រៀន។ លោកបន្តយ៉ាងដូច្នេះថា៖«ចំពោះ​វិធីសាស្រ្ត​នៃការ​បង្រៀន​របស់​គ្រូ​នីមួយៗមិនខុសគ្នានោះទេ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​នោះ​គឺ​ល្បិច និង​តិចនិក​នៃ​ការ​បង្រៀន ដែល​អាច​ធ្វើឱ្យ​សិស្សទទួលបានលទ្ធផលល្អក្នុងការ​សិក្សា​»។
 
ភាព​ជោគជ័យ​របស់​សិស្ស​ពូកែ​ទាំង​៦រូប ពិត​មាន​ចំណែក​របស់​លោក​គ្រូ​អ្នក​គ្រូ, គណៈ​នាយក, អាណាព្យាបាល និង​អាជ្ញាធរមូលដ្ឋាន ដែលបាន​លើក​ទឹកចិត្ត និង​ជំរុញ​ការ​សិក្សាដល់​ពួកគេ។ ទន្ទឹមនឹងនេះ លោក ឆាយ ប៉េងឆាន ក៏​បាន​រំលេច​ពី​ការ​ចូលរួម​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់ និងសហគមន៍​របស់លោក ដែល​តែង​យក​ចិត្ត​ទុក​ដាក់​លើការសិក្សារបស់​សិស្សានុសិស្ស។


 លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ។ រូបភាព​ពី​វិទ្យាល័យ​ព្រៃ​ព្នៅ

បច្ចុប្បន្នព្រៃវែង សម្បូរធនធានមនុស្ស ដែលខុសពីព្រៃវែងជំនាន់មុន។ «ពី​អតីត​កាល​ខេត្ត​ព្រៃ​វែង​របស់ខ្ញុំ​បាទមាន​ការ​ឈឺចាប់​ណាស់​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់ទៅ​ជា​សប្បាយ​រីករាយ​។ កាល​ពី​មុនយើងនិយាយថាខេត្ត​ព្រៃវែងជា​ខេត្ត​ក្សត់ធនធាន​មនុស្ស សម្បូរ​អ្នក​សុំទាន។ ប៉ុន្តែ​ខេត្ត​ព្រៃ​វែង​សម័យ​កាល​នេះ មិនមែន​ដូច​សម័យ​កាល​ដែល​បង​ប្អូនមួយចំនួនគិតនិងមិនយល់ពី​តម្លៃ​នៃ​ការ​វិវត្ត និង​ការ​ផ្ដល់​នូវ​ធនធានមនុស្សទេ។ ខេត្តព្រៃវែងឥឡូវ​នេះគឺ​មាន​ការរីកចម្រើនណាស់ ​ទាំងសេដ្ឋកិច្ច និងធនធានមនុស្ស»។ នេះ​ជាការ​លើក​ឡើងរបស់​នាយកវិទ្យាល័យ​ព្រៃព្នៅ ដោយ​បន្តថាវិស័យ​អប់រំ​នៅ​ខេត្ត​ព្រៃ​វែង បាន​ដើរទៅមុខ​យ៉ាងរលូនដោយ​​មាន​សិស្ស​ប្រឡងជាប់​និទ្ទេស A និងសិស្ស​ពូកែ​ជា​បន្ត​បន្ទាប់។ 
 
នាយកសាលា​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​រូបនេះ នៅតែ​មាន​មហិច្ឆតាចង់​ឱ្យ​សិស្សរបស់លោក​ប្រឡងជាប់​សិស្ស​ពូកែ​កាន់តែ​ច្រើន។ លើសពីនេះ លោក ឆាយ ប៉េងឆាន ប្ដេជ្ញា​​សម្រិតសម្រាំងសិស្ស ថែទាំសិស្ស និង​បណ្ដុះ​បណ្ដាល​សិស្ស​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ។
 


សិស្សពូកែទាំង៦រូបរបស់វិទ្យាល័យព្រៃព្នៅ។ រូបភាពពីវិទ្យាល័យព្រៃព្នៅ

តាម​រយៈ​លទ្ធ​ផល​ខាងលើនេះ រដ្ឋបាលខេត្ត​ព្រៃវែង នឹងរៀបចំពិធី​ជួប​សំណេះសំណាលជាមួយជ័យលាភី​សិស្ស​ពូកែ​ទូទាំងខេត្ត​នៅថ្ងៃទី​២៦ មិថុនា​ខាងមុខ។ សូម​បញ្ជាក់ថា ការ​ប្រឡង​សិស្សពូកែ​ទូទាំង​ប្រទេសដែលរៀបចំ​​​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី១៣ ខែ​មិថុនាកន្លងទៅ ខេត្ត​ព្រៃវែងមាន​សិស្សប្រឡង​ជាប់​ចំនួន ១១រូប ក្នុង​នោះមានមេដាយមាសចំនួន ៣, មេដាយ​ប្រាក់​ចំនួន ១ និង​មេដាយ​សំរិទ្ធចំនួន១។ 
 
គួរ​បញ្ជាក់ថា សិស្ស​ពូកែ​ជាប់​ជ័យ​លាភី​លេខ១ ទទួល​បាន​ថវិកា៣លាន៥សែនរៀល, មេដាយ​មាស​មួយ​គ្រឿង​ និង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែទូ​ទាំង​ប្រទេស។ សិស្ស​ពូកែ​ជាប់​ជ័យ​លាភី​លេខ២ ទទួល​បាន​ថវិកា ៣លាន២សែនរៀល, មេដាយ​ប្រាក់​​មួយ​គ្រឿង​ និង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែទូ​ទាំង​ប្រទេស។ សិស្ស​ពូកែ​ជាប់​ជ័យ​លាភី​លេខ៣ទទួល​បាន​ថវិកា ២លាន៩សែនរៀល, មេដាយ​សំរិទ្ធ​​មួយ​គ្រឿង​ និង​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែទូ​ទាំង​ប្រទេស៕ ​
 
 

Tag:
 សិស្ស​ពូកែ
  អក្សរសិល្ប៍ខ្មែរ
  ព្រៃព្នៅ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com