ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំអង្គការសម្ព័ន្ធពិភពអ៊ិស្លាម ចាត់ទុកកម្ពុជា ជាគំរូនៃសុខុមនីយកម្មសាសនា
23, Jun 2022 , 10:59 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក មូហាម៉ាដ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ិស្លាម
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក មូហាម៉ាដ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ិស្លាម
ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក មូហាម៉ាដ បិន អាប់ឌុល ការីម អ៊ិសសា (Muhammad Bin Abdul Karim Issa) អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម (The Muslim World League) បានវាយតម្លៃថា កម្ពុជា ជាគំរូដ៏ល្អរបស់ពិភពលោក សម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមាន ក្នុងចំណោមសាសនាផ្សេងគ្នា។



ខ្លឹមសារអំពីជំនួបរវាងលោកទាំង២ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
លោក មូហាម៉ាដ លើកឡើងថា គោលនយោបាយសុខដុមនីយកម្មរបស់រដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តត្រឹមត្រូវចំពោះម៉ូស្លីម ទទួលបានការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពអ៊ិស្លាម និងម៉ូស្លីមផងដែរ។ លោក ប្រាក់ សុខុន បានសរសើរត្រឡប់ទៅវិញ ចំពោះការផ្តល់ជំនួយដោយអង្គការសម្ព័ន្ធពិភពអ៊ិស្លាម ដល់សហគមន៍ម៉ូស្លីមនៅកម្ពុជា។ លោករដ្ឋមន្រ្តី បង្ហាញតួលេខដល់លោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ិស្លាមថា នៅកម្ពុជាបច្ចុប្បន្ន ពុទ្ធសាសនិក មាន៩០ភាគរយ ហើយសាសនិកអ៊ិស្លាម មាន៥ភាគរយ។ 
 
លោក ប្រាក់ សុខុន មើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក មូហាម៉ាដ មកកម្ពុជានាពេលនេះ គឺជាការជំរុញទំនាក់ទំនងរវាងកម្ពុជា ជាមួយអង្គការសម្ព័ន្ធពិភពអ៊ិស្លាម និងជាជំរុញទំនាក់ទំនងរវាងសហគមន៍ម៉ូស្លីមនៅកម្ពុជា ជាមួយសហគមន៍ម៉ូស្លីមលើពិភពលោក៕ 
 
 
 

Tag:
 ប្រាក់ សុខុន
  MWL
  អ៊ិស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com