អន្តរជាតិ
សហភាពអឺរ៉ុប នឹងបើកភ្លើងបៃតងឱ្យអ៊ុយក្រែនធ្វើជាបេក្ខភាពរបស់ខ្លួន
23, Jun 2022 , 9:29 pm        
រូបភាព
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបភាព៖ AP
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបភាព៖ AP
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៣ ខែមិថុនា នឹងអនុម័តទទួលយកអ៊ុយក្រែន រួមទាំងម៉ុលដាវីជាបេក្ខភាពរបស់ខ្លួន។ ប្រសិនបើសមាជិកសហភាពអឺរ៉ុបទាំង២៧ ឯកភាពមែន វានឹងក្លាយជាដំណាក់កាលដ៏សំខាន់សម្រាប់អ៊ុយក្រែន ដើម្បីឆ្ពោះទៅរកដំណើរកាលបន្ទាប់ ដែលត្រូវចរចាលើប្រព័ន្ធច្បាប់ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច បទបញ្ញត្តិ និងបញ្ហាផ្សេងទៀតតាមលក្ខខណ្ឌរបស់អឺរ៉ុប។

 
មេដឹកនាំនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានធ្វើដំណើរទៅក្រុងព្រុចសែលជាបន្តបន្ទាប់ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ដែលរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា។ ក្នុងជំនួបដ៏សំខាន់មួយនេះ សហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងបើកភ្លើងបៃតងទទួលយកអ៊ុយក្រែន រួមទាំងម៉ុលដូវ៉ា ជាបេក្ខភាព ស្របពេលរុស្ស៊ីកំពុងវាយប្រហារនៅតំបន់ដុនបាស។ 
 
មុនកិច្ចប្រជុំនៅក្រុងព្រុចសែល លោក ឆាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប បង្ហាញក្ដីសង្ឃឹមថា មេដឹកនាំអឺរ៉ុប នឹងសម្រេចចិត្តជាប្រវត្តិសាស្រ្ត ក្នុងការផ្តល់ឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដាវី។ 
 
«នេះជាពេលដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប ហើយនេះក៏ជាការសម្រេចលើភូមិសាស្រ្តនយោបាយ ដែលយើងត្រូវធ្វើក្នុងថ្ងៃនេះផង»។ លោក មីឈែល ប្រាប់អ្នកសារព័ត៌មានបែបនេះ ដោយបន្តថា លោកមានទំនុកចិត្ត ដែលសហភាពអឺរ៉ុបនឹងផ្តល់ឋានៈបេក្ខភាពដល់អ៊ុយក្រែន រួមទាំងម៉ុលដាវី។ 
 
ចំណែក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនវិញ នៅថ្ងៃទី២២ ខែមិថុនា បាននិយាយទូរសព្ទជាមួយមេដឹកនាំសហភាពអឺរ៉ុបចំនួន ១១ជុំវិញការអនុម័តបេក្ខភាពអ៊ុយក្រែន។ ក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៣ ខែមិថុនា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តជាប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអឺរ៉ុប។ 
 
បើអ៊ុយក្រែនត្រូវបានបើកភ្លើងបៃតងឱ្យធ្វើជាបេក្ខភាពសហភាពអឺរ៉ុបមែន វាមិនមានន័យថាអ៊ុយក្រែនអាចចូលជាសមាជិកប្លុកមួយនេះដោយស្វ័យប្រវត្តិឡើយ។ ត្រង់ចំណុចនេះ អ៊ុយក្រែនត្រូវបំពេញលក្ខខណ្ឌសេដ្ឋកិច្ច និងនយោបាយ និងគោរពតាមលក្ខខណ្ឌច្បាប់កម្រាស់៨ម៉ឺនសន្លឹកឯណោះ ពាក់ព័ន្ធពាណិជ្ជកម្ម អន្តោប្រវេសន៍ នីតិរដ្ឋ និងវិស័យផ្សេងទៀត។ 
 
ដើម្បីជួយក្រុងកៀវឱ្យចូលជាសមាជិកភាពពេញលេញ សហភាពអឺរ៉ុបអាចផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងពេលចរចា។ មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏អាចដកឋានៈនេះបានវិញដែរ បើអ៊ុយក្រែនមិនអនុវត្ត ឬគោរពលក្ខខណ្ឌណាមួយ។ កន្លងមក មន្រ្តីអឺរ៉ុប បានបញ្ជាក់ថា អ៊ុយក្រែន បានគោរពលក្ខខណ្ឌសហភាពអឺរ៉ុប បានប្រមាណ៧០ភាគរយរួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
យ៉ាងណាមិញ នីតិវិធីចរចាចូលជាសមាជិករបស់អ៊ុយក្រែន ទំនងជាមិនអាចចាប់ផ្តើមនៅឆ្នាំក្រោយបានឡើយ ដោយសារតែសង្រ្គាមនៅតែបន្ត។ អ៊ុយក្រែន អាចនឹងប្រើពេលយូរ ក្នុងការចរចាចូលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែមេដឹកនាំប្លុកមួយនេះ អាចពន្លឿនបាន បើសិនអ្នកទាំងនោះមានឆន្ទៈនយោបាយចង់ជួយ៕ 
 

Tag:
 សហភាពអឺរ៉ុប
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com