អន្តរជាតិ
អ្នក​ជំនាញ​៖​​ ​ការតែងតាំងរដ្ឋមន្ត្រី​ការ​បរទេស​ថ្មី ​​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាង​ជើង
23, Jun 2022 , 11:29 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រី Choe Son Hui ចូលរួមពិធីស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកស្រី Choe Son Hui ចូលរួមពិធីស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
ដោយ: VOA
ខណៈ​ប្រទេស​កូរ៉េខាង​ជើង​ កំពុង​រៀបចំ​ ដូច​អ្វី​ដែល​រូប​ភាព​ពី​ផ្កាយ​រណប​បាន​បង្ហាញ​គឺ​ការ​ត្រៀម​សាក​ល្បង​អាវុធ​នុយក្លែអ៊ែរនោះ​ ​ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏​កំពុង​ត្រៀម​ខ្លួនសម្រាប់​ស្ថាន​ការណ៍​ក្រោយ​ការ​សាក​ល្បង​នោះ​ផង​ដែរ​ ដើម្បី​ទប់​ទល់​ការ​ថ្កោល​ទោស​ជា​សាកល​ ​និង​ការពារ​នយោបាយ​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង​ដាក់​សម្ពាធ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ធ្វើ​សម្បទាន​មួយ​ចំនួន​ដល់​ខ្លួន។​


កូរ៉េខាង​ជើង​បាន​ត្រៀម​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ខណៈ​រូប​ភាព​ពី​ផ្កាយ​រណប​បាន​បង្ហាញ​ពី​សកម្មភាព​នៅ​ទី​តាំង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ Punggye-ri ដែល​បិទ​កាល​ពី​ឆ្នាំ​២០១៨។​ សកម្មភាព​នៅ​ទីតាំង​សាក​អាវុធ​នុយក្លេអ៊ែរ​នោះ​ត្រូវ​បានថត​ជាប់​ដោយផ្កាយ​រណប​ ហើយត្រូវ​បាន​វិភាគ​ដោយ​មជ្ឈ​មណ្ឌល ​James Martin ​សម្រាប់ការ​សិក្សា​ការ​ទប់ស្កាត់ការសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ដែល​មានមូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា ​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែ​មីនា។​
 
ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​បែប​នេះ​នឹង​រង​ការ​ថ្កោល​ទោស​ជា​ខ្លាំង​ពី​អន្តរជាតិ​ ហើយ​ការ​តែង​តាំង​លោក​ស្រី​ Choe Son Hui​ អ្នក​ការទូត​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃទី​១១​ ខែ​មិថុនា​នោះ ​គឺ​ជា​ការត្រៀម​ខាង​យុទ្ធសាស្ត្រ​មួយ នៅ​ក្រោយ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្កោល​ទោស​ពី​សំណាក់​អន្តរជាតិ។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​មួយ​ចំនួន។ ​
 
លោកស្រី​ Choe ​មាន​បទ​ពិសោធន៍​ជា​ច្រើន​ ក្នុង​ការ​ទាក់​ទង​ជា​មួយ​សហ​រដ្ឋ​អាមេរិក។​ លោក​ស្រី​ធ្លាប់ធ្វើ​ជា​អ្នក​បកប្រែ​ភាសាឱ្យ​គណៈ​ប្រតិភូ​កូរ៉េខាង​ជើង​ នៅ​ក្នុង​ជំនួប​ចរចា​ចតុភាគី​ស្តីពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ​១៩៩៧ ​និង​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​៦​ភាគី​ នៅ​ដើម​ទសវត្សរ៍​២០០០​ផង​ដែរ។ លោក​ស្រី​ Choe​ ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​អាមេរិក​ខាង​ជើង​ នៅ​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង។​ លោក​ស្រី​ក៏​ធ្លាប់​បាន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង​ពីរ​លើក​ ជា​មួយ​សហ​រដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩​ និង​ធ្លាប់​ធ្វើ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​ មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ថ្មី​នេះ។​
 
ម្យ៉ាង​ទៀត ​ សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un ​បាន​បើក​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ខ្លួន។​ កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​យោធា​មជ្ឈិម​នេះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ហើយ​នឹង​ពិនិត្យ​ឡើងវិ​ញ​នូវ​កិច្ចការ​ការពារ​ជាតិ​ រហូត​មក​ដល់​ពេល​នេះ​ ក្នុង​ឆ្នាំ​នេះ។ កិច្ចប្រជុំ​នេះបាន​បញ្ជាក់​ពី​ភារកិច្ច​បន្ទាន់​ និង​សំខាន់ៗ​ដើម្បី​ពង្រីក​សមត្ថភាព​យោធា​ និង​អនុវត្ត​គោល​នយោបាយ​ការពារ​ជាតិ​ផង​ដែរ។
 
កិច្ច​ប្រជុំ​នេះ​បាន​កើត​មាន​ឡើង​ ខណៈ​កូរ៉េ​ខាងជើង​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​បាញ់​សាកល្បង​មីស៊ីល​បាល្លីស្ទិក​ជា​ច្រើន​ដង​ ដែលរួម​មាន​ការ​បាញ់​សាកល្បង​ផង​ដែរ​នូវ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ជាលើក​ទីមួយក្នុង​រយៈ​ពេល​ជិត​៥​ឆ្នាំ​កន្លង​ទៅ​នេះ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com