កីឡាជាតិ
ជាតិ
អតីតខ្សែប្រយុទ្ធបរទេសព្រះខ័នរាជស្វាយរៀង២រូប នឹងជួបវិសាខាម្ដងទៀត នៅទឹកដីឥណ្ឌូណេស៊ី
24, Jun 2022 , 7:59 am        
រូបភាព
Privat Mbarga និង Robert Mendy អតីតខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង មានឱកាសប្រកួតជាមួយ ក្លិបវិសាខា ម្ដងទៀត ក្រោយចាកចេញពីកម្ពុជា ក្នុងព្រឹត្តិការណ៍ពានរង្វាន AFC Cup ចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនា នៅកីឡដ្ឋាន Wayan Dipta នៃប្រទេសឥណ្ឌូណេស៊ី ។


Privat Mbarga កីឡាករសញ្ជាតិកាមេរូន បានចូលរួមជាមួយ Bali United របស់ឥណ្ឌូណេស៊ី នៅរដូវកាល២០២២ បន្ទាប់ពីប្រកួតឲ្យក្លិបព្រះខ័នរាជ ស្វាយរៀង អស់រយៈពេល២រដូវកាល។ សម្រាប់ការប្រកួតលីគកម្ពុជា កីឡាករវ័យ៣០ឆ្នាំរូបនេះ ឈ្នះបានស្បែកជើងមាស២ ដងសម្រាប់ពីរឆ្នាំចុងក្រោយ ដែលនៅជាមួយព្រះខ័នរាជ ស្វាយរៀង ដោយជាប់ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ។ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញខ្លួនឲ្យ ព្រះខ័នរាជស្វាយរៀង ៦២លើក រកបាន៧៣គ្រាប់ ដោយឡែក បង្ហាញខ្លួនឲ្យ Bali United ១៧លើក រកបានគ្រាប់បាល់ ៤គ្រាប់។ 
 
ក្នុងព្រឹត្តិការណ៍ដដែលនេះ អតីតខ្សែប្រយុទ្ធ ព្រះខ័នរាជស្វាយរៀង Robert Mendy បានប្រកបអាជីពនៅKaya F.C.–Iloilo ក្លិបក្នុងប្រទេសហ្វីលីពីន។ ខ្សែប្រយុទ្ធស្លាបរូបនេះ បានចាកចេញ ក្រោយពីបានចូលរួមបានតែមួយរដូវកាល នៅឆ្នាំ២០២១ ហើយចាប់ផ្ដើមជាមួយ ក្លិបនៅហ្វីលីពីននេះ នៅដើមរដូវកាល២០២២។ ក្នុងការបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀង ១៩លើក រូបគេស៊ុតបញ្ចូលទីបាន ៧គ្រាប់។ ហើយសម្រាប់ការបង្ហាញខ្លួនឲ្យ Kaya F.C.–Iloilo បាន៧លើក រកបាន៣គ្រាប់។ 
 
គួរបញ្ជាក់ផងដែរថា Kaya F.C.–Iloilo របស់ហ្វីលីពីន ប្រកួតជាមួយវិសាខា នៅថ្ងៃទី២៤ ខែមិថុនា , Bali United របស់ឥណ្ឌូណេស៊ី ប៉ះជាមួយវិសាខា នៅថ្ងៃទី២៧ មិថុនា។ វិសាខា ត្រូវជួប Kedah Darul Aman FC នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២៕
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com