កីឡាជាតិ
ជាតិ
គុនខ្មែរជើងឯកពិភពលោក៖ ប៊ូខាវ ជួបម្ចាស់ជើងឯក MauyThai ៣សម័យ Dzmitry នៅទឹកដីកម្ពុជា
24, Jun 2022 , 8:29 am        
រូបភាព
ដោយ៖ហៀក ឆក

ពហុកីឡដ្ឋានមរតកតេជោ ជាសង្វៀនទទួល កំពូលកីឡាករប្រដាល់ថៃ ប៊ូខាវ បេនឆាមេក ប្រកួតជាមួយម្ចាស់ជើងឯក MauyThai ៣សម័យ Varats Dzmitry ជនជាតិ បេឡារុស នៅលើទឹកដីកម្ពុជា នាថ្ងៃទី៦ ខែកក្កដា ម៉ោង៥៖០០ នាទីល្ងាច ក្នុងព្រឹត្តការណ៍កីឡាប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោក។


គូពិសេសក្នុងកម្មវិធីប្រកួតសង្វៀនគុនខ្មែរជើងឯកពិភពលោក កីឡាករប្រដាល់ថៃ ដែលមានរហស្សនាមថា «ផ្កាឈូកស» ប៊ូខាវ ជាម្ចាស់ជើងឯក WBC, TF, WMC, K-1 WC, KFMMWC, និងជាម្ចាស់ជើងឯក S-Cup WC ត្រូវប្រកួតជាមួយ Varats Dzmitry ក្នុងប្រភេទទម្ងន់៧១គ.ក (គូទី៤)។

ប៊ូខាវ បង្ហាញខ្លួនលើសង្វៀនប្រកួត ២៧៥ ដង ឈ្នះ២៣៩ ចាញ់២៤ និងស្មើ ១២ដង ផ្តួលគូប្រកួតឲ្យសន្លប់ ៧៣ដង ។ កីឡាកររូបនេះ ប្រើប្រាស់កណ្តាប់ដៃ ទាត់ និងកាច់ឡើងជង្គង់ក្នុងការផ្តួលគូប្រកួតមិនឲ្យស៊ូបាន សមត្ថភាពកីឡាកររូបនេះដែរ មានការហ្វឹកហ្វឺនផ្នែករាងកាយបានល្អ លើសង្វៀនកីឡាកររូបនេះមានមហេច្ឆតាតស៊ូ និងការសម្រុកគ្មានពាក្យរាថយគូរប្រកួតអាចនឹងដួលសន្លប់ ប្រសិនបើនៅកៀកកីឡាកររូបនេះ។ ចំពោះការត្រៀមខ្លួនជួបគូប្រកួតឆ្លងទ្វីប ជនជាតិបេឡារុសនេះដែរ ប៊ូខាវ បានប្រឹងប្រែងហ្វឹកហាត់ឥតឈប់ឈរ លោកក៏បានបង្ហោះពាក្យមួយឃ្លា នៅហ្វេសប៊ុកខ្លួនថា៖«ខ្ញុំត្រៀមរួចរាល់ហើយសម្រាប់ការប្រកួត»។
 
ចំណែក Dzmitry ក៏មិនអន់ដែរ ដោយ៣៦ប្រកួតក្នុងការបង្ហាញខ្លួនរបស់គេ ឈ្នះ២៦ ចាញ់១០ដង ផ្តួលគូតស៊ូឲ្យសន្លប់ ១០ដង។ កីឡាកររូបនេះល្អកណ្តាប់ដៃ វាយចេញធ្ងន់ និងការទាត់ រូបគេមិនចូលចិត្តចូលកៀកគូតស៊ូនោះទេ ភាគច្រើនគេប្រើជង្គង់ហោះ និងនាគវ័ធកន្ទុយ សម្រាប់ផ្តួលគូប្រកួត។
 
ក្នុងពេលជាមួយគ្នានោះដែរ អ្នកប្រដាល់Kickboxing កម្ពុជា កាន់ ម៉េងហុង ប្រកួតបើកឆាកគូទី១ ជាមួយកីឡាករ Dylane Eagle មកពីប្រទេសអូស្ត្រាលី ក្នុងប្រភេទទម្ងន់ ៥៣.៣ គ.ក ខណៈបឺត សង្ឃឹម ជួបកីឡាករថៃ Penthep Eakmuangnon (៥៧.២ គ.ក)ក្នុងគូទី២។
 
ឈានចូលដល់គូទី៣ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ នៅវៀតណាម ម៉ឺន មេឃា ទទួលកីឡាករមកពីប្រេស៊ីល Felype Souza (៦១.២ គ.ក) និងគូបញ្ចប់ កីឡាការិនី ទូច ចាន់វុត្តី ត្រូវតទល់ជាមួយកីឡាការិនីមកពីប្រទេសអេស្តូនី Marie Ruumet ក្នុងប្រភេទទម្ងន់ ៥៣.៥ គ.ក។
 
គួរម្លឹកផងដែរ ការប្រកួតចាប់ផ្តើមនៅម៉ោង ៥​៖០០ ដល់ម៉ោង ៧៖០០​នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា នាពហុកីឡដ្ឋានមរតកតេជោ ក្នុងកម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក។ នេះជាលើកទី៣ ហើយសម្រាប់ការបង្ហាញខ្លួនលើសង្វៀននៅកម្ពុជារបស់ស្តេចប្រដាល់ថៃ ប្រកួតដំបូង ផ្តួលកីឡាករអូស្ត្រាលី Haree Avison សន្លប់ក្នុងទឹកទី៣ លើសង្វៀនបឹងស្នោក្នុងកម្មវិធី គុណខ្មែរ លើកទី២ ផ្តួល់កីឡាករកុងហ្គោ Chris Ngimbi សន្លប់ ត្រឹមទឹកទី១ក្នុងកម្មវិធី Mas Fight។
 

Tag:
 ប្រដាល់គុនខ្មែរ
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com