ជាតិ
អូស្ត្រាលី​ជួយដល់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១
24, Jun 2022 , 10:50 am        
រូបភាព
លោក Andreas Zurbrugg ឯកអគ្គ​រាជទូតរង​នៃស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា
លោក Andreas Zurbrugg ឯកអគ្គ​រាជទូតរង​នៃស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិ​កម្ពុជា (Cambodia International Film Festival) លើកទី១១ វិល​ត្រឡប់មក​វិញ ក្រោយខក​ខានអស់រយៈពេល​២ឆ្នាំ។ អូស្ត្រាលី ដែល​កំពុង​ប្រារព្ធ​ខួបលើកទី​៧០​ឆ្នាំ​នៃទំនាក់ទំនង​ការទូតជាមួយ​កម្ពុជា បាន​ក្លាយ​ជា​ដៃគូដ៏សំខាន់​នៃ​មហោស្រព​ដែល​ប្រព្រឹត្តទៅពី​ថ្ងៃទី​២៨ ខែមិថុនា ដល់ថ្ងៃទី​៣ ខែកក្កដា នេះ។

 
ដើម្បីឲ្យ​កាន់តែច្បាស់ជុំវិញ​វត្តមាន​អូស្ត្រាលី លើការ​គាំទ្រ​កម្មវិធី​មហោស្រព​ភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នេះ លោក Andreas Zurbrugg ឯកអគ្គ​រាជទូតរង​នៃស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា បាន​រៀបរាប់យ៉ាងក្បោះក្បាយ​ក្នុងបទសម្ភាស​មួយ ដែល​ស្ថានទូតអូស្ត្រាលី ផ្ញើមក​កាន់សារព័ត៌មាន​ថ្មីៗ ដូចខាងក្រោម៖
 
ហេតុអ្វីបានជាស្ថានទូតអូស្ត្រាលីជួយដល់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ?

លោក Andreas Zurbrugg ៖ ខ្ញុំពិតជារីករាយណាស់ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានត្រលប់មកវិញជាថ្មី នៅឆ្នាំនេះ ជាលើកទី១១ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំមកហើយ។ នេះក៏ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ របស់រដ្ឋាភិបាលកម្ពុជា ហើយអូស្ត្រាលីមានមោទកភាពណាស់ ដែលបានជួយដល់ភាពជោគជ័យនេះ ដោយយើងបានផ្តល់វ៉ាក់សាំង Pfizer និងជំនួយតាំងពីដើមដល់ចប់ ក្នុងការចែកចាយវ៉ាក់សាំងនេះ។  វាជាការរីករាយណាស់ ដែលបន្ទាប់ពីការខិតខំប្រឹងប្រែងទាំងនេះ ព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង យើងទាំងអស់គ្នាអាចទៅមើលភាពយន្ត នៅតាមរោងភាពយន្តបាន ក្នុងពេលឥឡូវនេះ។ 


 
ស្ថានទូតអូស្ត្រាលីជាដៃគូឧបត្ថម្ភដ៏ធំ របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) នៅឆ្នាំនេះ។ ឆ្នាំ២០២២ គឺជាឆ្នាំដ៏សំខាន់សម្រាប់យើង ជាឆ្នាំដែលយើងប្រារព្ធខួបទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ ដូច្នេះហើយ យើងចង់ប្រើប្រាស់កម្មវិធីនេះ ដើម្បីភ្ជាប់វប្បធម៌របស់យើង ស្វែងរកមូលដ្ឋានរួម និងអារម្មណ៍រួមគ្នាជាសហគមន៍។ ខ្សែភាពយន្តនានា នឹងឆ្លុះបញ្ចាំងពីប្រទេសអូស្ត្រាលីសហសម័យ ដែលមានភាពចម្រុះ ការច្នៃប្រឌិត និងភាពបត់បែនជាច្រើន។ ការគាំទ្ររបស់យើងដល់មហោស្រពភាពយន្តនៅឆ្នាំនេះ គឺជាឱកាសសម្រាប់ប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជាទាំងអស់ ឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសយើងទាំងពីរ ក្នុងរយៈពេល៧០ឆ្នាំមកនេះ និងអ្វីដែលយើងអាចធ្វើ ក្នុងរយៈពេល៧០ឆ្នាំខាងមុខ និងរាប់ឆ្នាំទៅមុខទៀត។
 
កម្មវិធីមហោស្រពភាពយន្តនេះទទួលបានការពេញនិយមជាខ្លាំង។ ខណៈពេលដែលការគាំទ្ររបស់យើងនេះ មានគោលបំណងដើម្បីអបអរខួបទី៧០ឆ្នាំរបស់យើង កម្មវិធីនេះក៏នឹងជួយផ្តល់ជាវេទិកាសម្រាប់ផលិតករភាពយន្ត និងទស្សនិកជន ទាក់ទងគ្នាទៅវិញទៅមក និងបង្កើតការសន្ទនារវាងមនុស្សទាំងអស់។ វានឹងគាំទ្រដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកិច្ចសហការរវាងមនុស្ស និងស្ថាប័នដែលមានគុណតម្លៃ និងចំណាប់អារម្មណ៍ស្រដៀងគ្នា។
 
តើលោកអាចរៀបរាប់បានទេ ថាមានព្រឹត្តិការណ៍របស់អូស្រ្តាលីអ្វីខ្លះ ដែលនឹងត្រូវបានរៀបចំឡើង ជាផ្នែកមួយនៃកម្មវិធីទាំងមូល?

លោក Andreas Zurbrugg ៖ គេហទំព័ររបស់ CIFF គឺ www.cambodiaiff.com មានរៀបរាប់ពីកម្មវិធីទាំងអស់របស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា។ ដើម្បីអបអរខួបទី៧០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី យើងនឹងចាក់បញ្ចាំងភាពយន្តអូស្ត្រាលីប្រហែល២០រឿង ដែលផលិតឡើងក្នុងអំឡុងឆ្នាំ១៩៥២ ដល់ឆ្នាំ២០២២។ ភាពយន្ត​ទាំងនេះ​រួម​មាន​ ភាពយន្ត​សហគមន៍ និង​ភាពយន្ត​អប់រំ ​ដែល​លើក​ឡើង​អំពី​បញ្ហា​បរិស្ថាន និង​ការគ្រប់គ្រង​ទឹក​ទន្លេមេគង្គ កសិកម្ម ក្រុម​ជនជាតិ​ដើម​ភាគតិច និង​សមភាព​យេនឌ័រ។
 
លើសពីនេះទៅទៀត ផលិតករភាពយន្តជនជាតិអូស្ត្រាលីល្បីៗមួយចំនួន ក៏នឹងមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីចូលរួមក្នុងមហោស្រពឆ្នាំនេះ។ ផលិតករភាពយន្ត និងសិល្បករ​ទាំងនេះ រក្សា និងចែករំលែកវប្បធម៌សោតទស្សន៍ដ៏រស់រវើក និងចម្រុះរបស់អូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីការពិតថា យើងជាអ្វី យើងធ្លាប់ជាអ្វី ហើយយើងចង់ក្លាយជាអ្វី។
 
លោកបានរៀបរាប់ថាផលិតករភាពយន្តអូស្ត្រាលីមួយចំនួន នឹងមកកាន់ប្រទេសកម្ពុជា។ តើ​ពួកគេ​ជា​នរណា ហើយ​ពួកគេ​នឹង​ធ្វើ​អ្វីខ្លះ​ក្នុងកម្មវិធីមហោស្រពនេះ?

លោក Andreas Zurbrugg ៖ យើង​មានផលិតករភាពយន្ត​អូស្ត្រាលី​ចំនួន​៣​រូប ដែល​នឹង​មក​ចូលរួម​ក្នុង​កម្មវិធីមហោស្រពក្នុងឆ្នាំ​នេះ គឺលោក Richard Kuipers អ្នកនាង ឈន អាលីសុន និងលោក James Gerrand ។
លោក Richard Kuipers ជាអ្នកវិភាគភាពយន្ត និងជាអ្នករៀបចំកម្មវិធីមហោស្រពភាពយន្ត ជនជាតិអូស្ត្រាលីរស់នៅក្នុងទីក្រុងស៊ីដនី។ គាត់​បាន​ជួយ​រៀបចំ និងបង្ហាញពី ‘Panorama of Australian Cinema’ ដែលនឹងបញ្ចាំង ដែលមានចំនួន១៧ភាពយន្ត ដែលផលិតនៅក្នុងរយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងអូស្ត្រាលី និងកម្ពុជា គឺពីឆ្នាំ១៩៥២​ ដល់ឆ្នាំ២០២២។ ការចាក់បញ្ចាំង និងព្រឹត្តិការណ៍នានា នឹងធ្វើឡើងនៅរោងភាពយន្តផ្សេងៗគ្នា។ ដូច្នេះសូមពិនិត្យមើលព័ត៌មានក្នុងកម្មវិធីលម្អិត។ លោក Richard ក៏នឹងធ្វើជាវាគ្មិននៅថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្ត នៃវិស័យភាពយន្តអូស្ត្រាលី ដល់អ្នកដែលចូលចិត្តភាពយន្ត និងផលិតករភាពយន្តកម្ពុជា ដោយបង្ហាញរៀបរាប់ពីការចាប់ផ្តើមដំបូង និងសមិទ្ធផលថ្មីៗ របស់វិស័យភាពយន្តអូស្ត្រាលី។


 
ខ្ញុំ​ក៏រីករាយ​ផងដែរ​ ដែល​អ្នកនាង​ ឈន អាលីសុន ជាសិល្បករ និង​ផលិតករ​ភាពយន្ត ​ជនជាតិ​អូស្ត្រាលី សញ្ជាតិខ្មែរ នឹង​មកកាន់កម្ពុជា។ អាលីសុន កើតនៅប្រទេសអូស្ត្រាលី មានឪពុកម្តាយជាខ្មែរ ដែលបានភៀសខ្លួនពីរបបខ្មែរក្រហម។ ​កាល​ពី​១០​ឆ្នាំ​មុន នាង​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ​ជាមួយ​ក្រុម​គ្រួសារ​ដើម្បី​មកលេង​សាច់​ញាតិ​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​ឡើង​វិញ។ 
 
ស្នាដៃរបស់ អាលីសុន ត្រូវបានបង្ហាញនៅក្នុងមហោស្រពភាពយន្តដ៏ល្បីល្បាញជុំវិញពិភពលោក ហើយនាងគឺជាគំរូដ៏ល្អមួយនៃការរួមចំណែករបស់ប្រជាជនអូស្ត្រាលីដែលមានដើមកំណើតកម្ពុជា បានធ្វើចំពោះប្រទេសអូស្ត្រាលីសម័យទំនើប។ ខ្សែភាពយន្តថ្មីបំផុតរបស់នាង ដែលមានចំណងជើងថា "The Plastic House" ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីឆាកអន្តរជាតិ ហើយនឹងត្រូវដាក់បង្ហាញនៅ Java Creative Café នៅទួលទំពូង នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា វេលាម៉ោង៤រសៀល។ អាលីសុន ក៏នឹងចូលរួមក្នុងការពិភាក្សា ស្តីពីស្ត្រីនៅក្នុងវិស័យភាពយន្ត រួមជាមួយផលិតករភាពយន្តផ្សេងៗមកពីអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលមហោស្រពនេះផងដែរ។
 
លោក James Gerrand ដែលជាផលិតករភាពយន្តជើងចាស់អូស្ត្រាលី ក៏នឹងចូលរួមជាមួយយើងនៅឆ្នាំនេះដែរ។ លោក James បានផលិតខ្សែភាពយន្តជាងដប់រឿង នៅក្នុងប្រទេសកម្ពុជា ហើយយើងទន្ទឹងរង់ចាំមើលភាពយន្តដ៏ល្បីល្បាញពីររបស់គាត់ អំពីទន្លេមេគង្គ គឺរឿង “ទន្លេមេគង្គ​ក្រោម” និង ”ខ្មែរ! ខ្មែរ! កម្ពុជា​ក្នុង​ជម្លោះ”។ លោក James ក៏នឹងមានផ្តល់ថ្នាក់សិក្សា ស្តីពីការផលិតភាពយន្តឯកសារ ដល់ផលិតករភាពយន្ត និងនិស្សិតភាពយន្តកម្ពុជាវ័យក្មេង ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនេះ។
 
តើលោកអាចប្រាប់យើងបន្ថែម អំពីខួបទី៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីបានទេ?

លោក Andreas Zurbrugg ៖ អូស្ត្រាលី និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥២ ប្រហែលមួយឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យជាផ្លូវការ។ ទំនាក់ទំនងរបស់យើង គឺផ្អែកលើទំនាក់ទំនងជាមូលដ្ឋាន រវាងប្រជាជននិងប្រជាជន ហើយតំណភ្ជាប់ពីប្រជាជនទៅប្រជាជននេះ គឺជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស។ សព្វថ្ងៃយើងមានជនជាតិអូស្ត្រាលីប្រហែល ៦៦ ០០០នាក់ ដែលមានប្រវត្តិជាខ្មែរ ហើយពួកគេបានរួមចំណែកយ៉ាងរស់រវើក ដល់សហគមន៍ពហុវប្បធម៌របស់ប្រទេសអូស្ត្រាលី។
 
៧០ឆ្នាំមកនេះ យើងជាដៃគូដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យ សុខាភិបាល កសិកម្ម ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ហើយយើងចង់អបអរភាពជាដៃគូនេះ ដោយឆ្លុះបញ្ចាំងពីរបៀបដែលយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការប្រភេទនេះ ឱ្យកាន់តែស៊ីជម្រៅទៅមុខទៀត។ ទំនាក់ទំនងរបស់យើងជាមួយកម្ពុជា អាចឱ្យយើងចូលរួមក្នុងបញ្ហានានា​ដែលសំខាន់ទាំងទ្វេភាគី ក្នុងតំបន់ និងជាយុទ្ធសាស្ត្រ ព្រមទាំងជួយធ្វើឱ្យប្រសើរឡើង នូវផលប្រយោជន៍សម្រាប់ប្រជាជនអូស្ត្រាលី និងកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៧ មក អូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១,៣ ពាន់លាន ដុល្លារអូស្ត្រាលី ដល់កម្ពុជា។ ជំនួយរបស់យើងមានទៅដល់ផ្នែកជាច្រើន រួមទាំងបញ្ហាជនជាតិដើមភាគតិច ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការគ្រប់គ្រងបរិស្ថាន និងទឹកនៅទន្លេមេគង្គ ដែលទាំងអស់នេះ នឹងត្រូវបានបង្ហាញក្នុងចំណោមភាពយន្តអូស្ត្រាលីទាំង២០ ដែលបានលើកឡើងខាងលើនេះ។
 
ជំនួយរបស់យើងនឹងបន្តទៅអនាគត។ ក្តីបារម្ភជាបន្ទាន់របស់យើងពេលនេះ គឺជួយកម្ពុជាឱ្យស្តារឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត និងរីកចម្រើនចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ឆាប់ៗនេះ យើងនឹងចាប់ផ្តើមជំនួយថ្មី ដែលមានចំនួន ៨៧លានដុល្លារ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ។
 
តើភាពយន្តអ្វីដែលលោកចូលចិត្តជាងគេ ហើយហេតុអ្វី?

លោក Andreas Zurbrugg ៖ ខ្ញុំមានភាពយន្តច្រើនដែលខ្ញុំចូលចិត្ត ប៉ុន្តែក្នុងចំណោមភាពយន្តទាំង២០ ដែលនឹងដាក់បញ្ចាំងនៅ CIFF ខ្ញុំរង់ចាំមើលរឿង "LION"។ វាជារឿងដ៏អស្ចារ្យ ផ្អែកលើរឿងពិត ដែលនិយាយអំពីក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Saroo (Dev Patel) ដែលបាត់បង់ពីគ្រួសាររបស់គាត់ កំព្រា និងត្រូវបានឪពុកម្តាយជនជាតិអូស្ត្រាលីយកទៅចិញ្ចឹម (Nicole Kidman សម្តែងជាតួម្តាយចិញ្ចឹមរបស់គាត់)។ ២០ឆ្នាំក្រោយមកគាត់ប្រើ Goggle Earth ដើម្បីតាមរកភូមិរបស់គាត់ ហើយបានត្រលប់ទៅប្រទេសឥណ្ឌាវិញ ដើម្បីស្វែងរកគ្រួសាររបស់គាត់។ វាជាភាពយន្តនិយាយអំពីឥទ្ធិពលនៃភាពស្មុគស្មាញ នៃអត្តសញ្ញាណជាតិពីរ។ ខ្ញុំជឿថា​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​អស្ចារ្យ ​និងចង់​យំ ក្នុង​ពេល​តែ​មួយ​!
 
ខ្ញុំចូលចិត្តមើលភាពយន្តជាមួយប្រពន្ធ និងកូនរបស់ខ្ញុំ។ ភាពយន្ដផ្តល់នូវការកម្សាន្តអារម្មណ៍ និងអាចឱ្យយើងស្វែងយល់អំពីខ្លួនយើង និងពិភពលោក វាជាចក្ខុដែលយើងសម្លឹងមើលពិភពលោក។ ភាពយន្តផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការស្តាប់សំឡេងដ៏សម្បូរបែប ពីកន្លែងដែលយើងមិនបានស្គាល់ ព្រមទាំងអ្វីដែលកើតឡើង នៅក្នុងកន្លែងដែលនៅឆ្ងាយៗបំផុតនៃពិភពលោក។ ខ្ញុំទន្ទឹងរង់ចាំចូលរួមក្នុងកម្មវិធីមហោស្រពនេះ ហើយសង្ឃឹមថា នឹងឃើញអ្នកទាំងអស់គ្នានៅតាមរោងភាពយន្ត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com