ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៣ ខែមិថុនា មុនប្រកួត AFC Cup គ្រូបង្វឹកវិសាខា និង ភ្នំពេញក្រោន សុទ្ធតែបង្ហាញជំនឿចិត្តជោគជ័យក្នុងការប្រកួត ។ វិសាខា ត្រូវប្រកួតជាមួយ Kaya FC-Iloilo ខណៈភ្នំពេញក្រោន ត្រូវប៉ះHougang United នាថ្ងៃទី២៤ មិថុនានេះ។
វិសាខា ត្រូវប្រកួតជាមួយ Kaya FC-Iloilo របស់ហ្វីលីពីន នៅម៉ោង៤:០០រសៀល ក្នុងកីឡដ្ឋាន Kapten I Wayan នៅប្រទេសឥណ្ឌូណេស៊ី។ ក្រុមមកពីហ្វីលីពីននេះ មានបទពិសោធន៍ប្រកួតក្នុង AFC ៤លើករួចមកហើយ ខណៈការប្រកួតនេះ ជាការបង្ហាញខ្លួនលើកដំបូងរបស់វិសាខា។
ជាមួយបទពិសោធន៍ដ៏ច្រើនក្រុម Kaya FC-Iloilo មិនព្រួយបារម្ភទេ ក្នុងជំនួបជាមួយវិសាខា។ លោកYu Hoshide គ្រូបង្គោលក្លិប Kaya FC-Iloilo បាននិយាយក្នុងសន្និសីទថា៖«បើទោះជាអកុសល យើងមិនដែលឈ្នះ AFC Championship តែយើងបានយល់ដឹងច្រើន ហើយមានរឿងជាច្រើនទៀត ដែលយើងបានហ្វឹកហាត់។ យើង ត្រូវតែយកអ្វីដែលយើងបានស្វែងយល់ និងហ្វឹកហាត់ពី AFC Cup ឆ្នាំមុន មកអនុវត្តពេលនេះឲ្យបានល្អ។»។
ឆ្លើយតបទៅវិញដែរ លោក មាស ចាន់ណា គ្រូបង្វឹកក្លិបវិសាខា បានបង្ហាញភាពជឿជាក់លើសមត្ថភាពកូនក្រុមខ្លួនថា នឹងធ្វើបានល្អ បានបង្ហាញអារម្មណ៍ នាជំនួបក្រុម Kaya FC-Iloilo នេះ។
«ខ្ញុំ ពិតជាសប្បាយចិត្ត ដែលបានចូលរួមប្រកួត AFC Cup។ ក្រុមខ្ញុំ បានត្រៀមខ្លួនយ៉ាងល្អ ហើយកីឡាករ មានជំនឿចិត្តក្នុងការប្រកួតនេះ។ យើង នឹងធ្វើឲ្យភ្ញាក់ផ្អើល។»។ នេះបើតាមលោក ចាន់ណា។
នាឯសន្និសីទសារព័ត៌មាន ពីប្រទេសវៀតណាម មុនប្រកួត AFC ក្នុងពូល I វិញ។ លោក Clement Teo គ្រូបង្វឹកក្លិប Hougang United ក៏ជឿជាក់ថា ក្រុមនឹងធ្វើបានល្អដែរ តាមរយៈបទពិសោធន៍នៃការបង្ហាញខ្លួន ២លើកកន្លងមក នៃការប្រកួតពាន AFC នេះ។
«ខ្ញុំ រំពឹងថាការប្រកួតដំបូង ជាមួយភ្នំពេញក្រោន នឹងល្អហើយទាក់ទាញ ដោយក្រុមទាំងអស់សុទ្ធតែចង់ឆ្លងកាត់វគ្គនេះដូចគ្នា។ ក្រុមទាំងអស់មានជំនឿត្រឹម៥០ភាគរយ តែយើង នឹងធ្វើបានល្អ។»។ លោក Clement Teo បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតដូចនេះ។
ដោយឡែក លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយទាំងមានជំនឿចិត្តចំពោះការប្រកួតនេះថា ទោះភ្នំពេញក្រោនឆ្នាំនេះ ធ្វើមិនបានល្អ នៅក្នុងលីគកំពូលកម្ពុជាពិតមែន តែការប្រកួតនៅក្រៅប្រទេស មិនដូចការប្រកួតក្នុងលីគទេ។ ប៉ុន្តែការប្រកួតពានរង្វាន់ផ្សេងៗក្នុងស្រុកកន្លងមក ភ្នំពេញក្រោន តែងតែធ្វើបានល្អ ដោយឈ្នះជើងឯកផងដែរ។
«នេះ គឺជាពូលដែលមានភាពស្មើគ្នា ដោយគ្មានគម្លាតនៃកម្រិតឆ្ងាយទេ។ ខ្ញុំ គិតថាកត្តាស្មារតី និងកាយសម្បទា គឺជារឿងសំខាន់ ជាងតាក់តិចសម្រាប់ការប្រកួត។ យើងពិតជាត្រូវការជ័យជម្នះ ដោយសារ ជ័យជម្នះនេះ នឹងមានអត្ថន័យណាស់ដល់បាល់ទាត់កម្ពុជា។»។ គ្រូបង្វឹកសញ្ជាតិអ៊ុយគ្រែនរូបនេះ បាននិយាយទាំងជឿជាក់ដូច្នេះ។ Hougang United របស់ប្រទេសស៊ិង្ហបុរី ត្រូវប្រកួតជាមួយភ្នំពេញក្រោន នៅម៉ោង៩:០០យប់។
គួររំលឹកថា វិសាខា ត្រូវប្រកួតក្នុងពូល G ជាមួយបីក្រុមផ្សេងទៀត រួមមាន Bali United របស់ឥណ្ឌូណេស៊ី, Kedah Darul Aman FC ម៉ាឡេស៊ី និង Kaya FC-Iloilo របស់ហ្វីលីពីន ខណៈ ភ្នំពេញក្រោន នៅក្នុងពូល I ជាមួយ Viettel FC របស់វៀតណាម, Hougang United សិង្ហបុរី និង Young Elephants មកពីប្រទេសឡាវ៕