ជាតិ
សង្គមជាតិ
សមត្ថកិច្ចបង្រ្កាបជនសង្ស័យជួញដូរអាវុធខុសច្បាប់ចំនួន ៦នាក់ នៅខេត្តព្រះសីហនុ
24, Jun 2022 , 4:56 pm        
រូបភាព
សមត្ថកិច្ចបង្រ្កាបបានអាវុធជាច្រើនដើម និងជនសង្ស័យ​៦នាក់ នៅខេត្តព្រះសីហនុ ។ រូបភាពពីហ្វេសប៊ុកលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។
សមត្ថកិច្ចបង្រ្កាបបានអាវុធជាច្រើនដើម និងជនសង្ស័យ​៦នាក់ នៅខេត្តព្រះសីហនុ ។ រូបភាពពីហ្វេសប៊ុកលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។
 ដោយ៖ ញឹក​ សំអូន
 
ភ្នំពេញ៖ អាវុធជាច្រើនដើម ត្រូវបានដកហូតពីបុរសជនជាតិខ្មែរ ៣នាក់ និងជនជាតិវៀតណាមប្រុសស្រី ៣នាក់ ដោយសារពួកគេបានជួញដូរអាវុធខុសច្បាប់។ ប្រតិបត្តិការនោះ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះបង្រ្កាប កាលពីថ្ងៃទី១៥ មិថុនា ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជុំវិញការចុះបង្រ្កាបជនសង្ស័យជួញដូរអាវុធ គឺសមត្ថកិច្ចមានការគំរាម​គំហែងពីជនដៃដល់មួយក្រុមដោយពួកគេបានបាញ់តបតជាមួយកម្លាំងសមត្ថកិច្ចវិញ។ អំឡុងពេលចុះប្រតិបត្តិការ មានសមត្ថកិច្ចម្នាក់ បានរងរបួស។
 

ជនសង្ស័យជួញដូរអាវុធនៅខេត្តព្រះសីហនុ។ រូបភាពពីស្នងការនគរបាលជាតិ។

«ការចុះបង្រ្កាបជាក់ស្ដែង អ៊ឹចឹងតែងតែមានការជម្រូងជម្រាស់គ្នា ហើយមានការផ្ទុះអាវុធធ្វើឱ្យរបួលប៉ូលិសម្នាក់ហ្នឹង»។ នេះបើតាមលោក ជួន ណារិន្ទ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នារសៀលថ្ងៃទី ២៤ មិថុនា។
 
លោក ណារិន្ទ បានបញ្ជាក់ថា ករណីចុះបង្រ្កាបជនដៃដល់ពីបទល្មើសជួញដូរអាវុធនៅសង្កាត់លេខ៤ ដំបូងឡើយ ឃាត់បានសង្ស័យ ៣នាក់ ហើយបញ្ជូនទៅតុលាការ។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញអាវុធ និងជនសង្ស័យ ៣នាក់ទៀត។ 
 
យ៉ាងណាមិញលោក ជួន ណារិន្ទ ពុំទាន់អាចរៀបរាប់លម្អិតពីជុំវិញករណីដកហូតអាវុធបានជាច្រើនដើម ពីជនសង្ស័យទាំង ៦នាក់នោះបានទេ។ លោកបញ្ជាក់បែបនេះ រួចបន្តថា៖ «ការងារនេះ ខ្ញុំកំពុងតែរៀបចំឱ្យបានលម្អិត ថ្ងៃស្អែកខ្ញុំនឹងផ្ដល់ព័ត៌មាននៅម៉ោង ៩ព្រឹក។ ខ្ញុំនឹងប្រាប់លម្អិតមិនធ្វើឱ្យមានការឆ្ងល់ទេ។ ក្នុងដែនសមត្ថកិច្ចមិនអាចផ្ដល់ព័ត៌មានបានទេ ដោយសារពាក់ព័ន្ធជនសង្ស័យពេលតាមស៊ើប និងបន្តបង្រ្កាប ទើបសមត្ថកិច្ចមិនអាចបញ្ចេញព័ត៌មាន»។


 ជនសង្ស័យជួញដូរអាវុធ។ រូបភាពពីស្នងការនគរបាលជាតិ។

កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានបិទបញ្ចប់សំណុំរឿង នៅព្រឹកថ្ងៃទី ២៤មិថុនានេះ។ លោក ជួន ណារិន្ទ បានបញ្ជាក់ដូច្នេះ។ 
 
បើយោងតាមការចុះផ្សាយរបស់ស្នងការនគរបាលជាតិ នៅថ្ងៃទី ២៤នេះ ជនសង្ស័យទាំង ៦នាក់ មានឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់), ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម(ប្រពន្ធជនដៃដល់),ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក),ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ(អ្នកជួញដូរអាវុធ), ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ(អ្នកជួញដូរអាវុធ) និងម្នាក់ទៀតឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
 
ជាមួយគ្នានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញនូវបទបញ្ជាយ៉ាងដាច់ណាត់គឺ «គ្មានការលើកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រើប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហើយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់» ក្រោយពេលប្រជុំគណៈកម្មការបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៦ ខែមិថុនា។
 
បច្ចុប្បន្នជនសង្ស័យក្រោយបញ្ចប់ការសួរនាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ជាមួយវត្ថុតាងដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
 

សមត្ថកិច្ចបង្រ្កាបបានអាវុធជាច្រើនដើម និងជនសង្ស័យ​៦នាក់ នៅខេត្តព្រះសីហនុ ។ រូបភាពពីហ្វេសប៊ុកលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។ 

 សមត្ថកិច្ចបង្រ្កាបបានអាវុធជាច្រើនដើម និងជនសង្ស័យ​៦នាក់ នៅខេត្តព្រះសីហនុ ។ រូបភាពពីហ្វេសប៊ុកលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។ 

© រក្សាសិទ្ធិដោយ thmeythmey.com