ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះរាជា នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ផ្ញើសារពីកម្ពុជាជូនទៅមេដឹកនាំវៀតណាម ដើម្បីសាទរខួបទំនាក់ទំនង៥៥ឆ្នាំ
24, Jun 2022 , 9:59 pm        
រូបភាព
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម (ពាក់វែនតា)/ រូបពី AKP
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម (ពាក់វែនតា)/ រូបពី AKP
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារទៅកាន់លោក ង្វៀន ភូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមផង និងទៅកាន់លោក ង្វៀន សួនហ៊្វុន (Nguyen Xuan Phuc) ប្រធានាធិបតីវៀតណាមផង ដើម្បីអបអរសាទរខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ ព្រះរាជទាំង២របស់ទ្រង់ ចុះកាលបរិច្ឆេទនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដូចគ្នា។



«កម្ពុជា និងវៀតណាម បានរីករាយជាមួយគ្នានូវទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងកក់ក្តៅ និងសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យអស់រយៈពេលជាង៥ទសវត្សរ៍មកនេះ ផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក។ ខ្ញុំ មានសេចក្តីសោមនស្សរីករាយ ដោយបានឃើញចំណងទាក់ទងរបស់យើង បន្តរីកលូតលាស់ ដែលកើតឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំប្រទេសទាំង២ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន»។ នេះជាព្រះបន្ទូលរបស់ព្រះរាជាក្នុងព្រះរាជសារ ដែលប្រទានទៅលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ 
 
រីឯក្នុងព្រះរាជសារ ដែលប្រទានដល់លោកប្រធានាធិបតីវៀតណាម ព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់មានព្រះរាជឱង្ការថា៖«ខ្ញុំ សូមរម្លឹកអំពីការចងចាំនូវការដឹងគុណ ដែលយើងបានផ្តល់ឲ្យគ្នាទៅវិញទៅមកពីអតីតកាល ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួម ឯករាជ្យ និងការអភិវឌ្ឍ ហើយខ្ញុំជឿជាក់ថា ការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នឹងពង្រឹងបន្ថែមនូវស្មារតីភាពជាអ្នកជិតខាងល្អសាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ដល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំង២»។ 
 
ចំណែក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតជូនទៅសមភាគីរបស់សម្តេច គឺលោក ផាម មិញ ឈិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម ហើយលោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានផ្ញើលិខិតជូនលោក បួយ ថាញ់ សឺន (Bui Thanh Son) រដ្ឋមន្រ្តីការបរទេសវៀតណាម។ លិខិតរបស់សម្តេច និងលិខិតរបស់លោក ប្រាក់ សុខុន សុទ្ធតែធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ទៅកាន់លោកនាយករដ្ឋមន្រ្តីវៀតណាមថា៖«នេះ ពិតជាពេលវេលាដ៏ប្រសើរ ដើម្បីជំរុញឲ្យកាន់តែខ្លាំងក្លានូវមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំង២ ដែលបានផ្សារភ្ជាប់គ្នាអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ មុនពេលដែលយើងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៦៧។ ខ្ញុំ មានការរីករាយដោយបានសង្កេតឃើញថា ចំណងទាក់ទងមិត្តភាពជាបងប្អូនដ៏ល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកំពុងបន្តរីកចម្រើន និងត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រោមស្មារតីភាពជាអ្នកជាតិខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។ 
 
ចំពោះលោកប្រមុខការទូតកម្ពុជាវិញ លោក បានសរសេរក្នុងលិខិត ដែលផ្ញើជូនប្រមុខការទូតវៀតណាមថា៖«ក្នុងរយៈពេល៥៥ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាម ទទួលបានការរីកចម្រើនឥតឈប់ឈរនៅក្នុងទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់ទិដ្ឋភាព […]»។ 
 
ព្រះរាជសារ លិខិតរបស់សម្តេច ហ៊ុន សែន និង លិខិតរបស់លោក ប្រាក់ សុខុន ត្រូវបានបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា។ បើតាមការផ្សាយលើសារព័ត៌មាន VOV របស់វៀតណាម មេដឹកនាំវៀតណាម ក៏បានសរសេរលិខិតមកកាន់ភាគីកម្ពុជាដែរ ដើម្បីអបអរសាទរខួប៥៥នៃការបង្កើតចំណងមិត្តភាពរវាងប្រទេសទាំង២។
 
«ទោះមានការងើបឡើង និងការថយចុះក្នុងប្រវត្តិសាស្រ្តក្តី តែប្រជាជនវៀតណាម និងប្រជាជនកម្ពុជា តែងតែរួបរួមគ្នា ប្រកៀកស្មាគ្នា និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូ ដើម្បីសេរីភាពកាលពីអតីតកាល និងក្នុងការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន រួមទាំងសមាហរណកម្មអន្តរជាតិផងដែរ»។ នេះជាខ្លឹមសាររួមក្នុងលិខិតរបស់បណ្តាមេដឹកនាំវៀតណាម ដែលត្រូវបានដកស្រង់យកទៅផ្សព្វផ្សាយដោយសារព័ត៌មាន VOV ដោយពុំបានបញ្ជាក់ឲ្យច្បាស់ឡើយថា ខ្លឹមសារនេះ ស្ថិតក្នុងលិខិតរបស់មេដឹកវៀតណាមរូបណាខ្លះ។ 
 
សូមរម្លឹកថា ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ មានរយៈពេល៥៥ឆ្នាំហើយ៕ 
 

Tag:
 កម្ពុជា-វៀតណាម
  ខួប៥៥នៃទំនាក់ទំនងការទូត
© រក្សាសិទ្ធិដោយ thmeythmey.com