ជាតិ
សេដ្ឋកិច្ច
ស្ថានីយឥន្ធនៈជាង៦០០កន្លែង ត្រូវបាន ក.ប.ប រកឃើញមានការបន្លំគុណភាព និងបរិមាណ
24, Jun 2022 , 10:59 pm        
រូបភាព
មន្តី្រជំនាញរបស់ ក.ប.ប ចុះពិនិត្យគុណភាពប្រេងឥន្ធនៈនៅដេប៉ូមួយកន្លែង កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២។ រូបថត៖ ក.ប.ប
មន្តី្រជំនាញរបស់ ក.ប.ប ចុះពិនិត្យគុណភាពប្រេងឥន្ធនៈនៅដេប៉ូមួយកន្លែង កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២។ រូបថត៖ ក.ប.ប
ភ្នំពេញ៖ រយៈពេល៥ខែមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) រកឃើញដេប៉ូ/ស្ថានីយលក់ប្រេងឥន្ធនៈប្រមាណ៦០០កន្លែងនៅទូទាំងប្រទេ​ស ដែលមិនមានអនុលោមភាពចំពោះអតិថិជន។ បើតាមលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប​ ម្ចាស់ស្ថានីយ/ដេប៉ូ​ទាំងនេះ មានភាគច្រើនបានក្លែងបន្លំបរិមាណ និងគុណភាព ចំពោះអ្នកប្រើប្រាស់។​

 
ដើម្បីការពារអ្នកប្រើប្រាស់ និងការក្លែងបន្លំគុណភាពនានា ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្តបានរហូតជិត២០០០កន្លែង នារយៈពេល៥ខែមកនេះនៃដើមឆ្នាំ២០២២។ ក្នុងចំណោមស្ថានីយនិងដេប៉ូទាំងនេះ មានស្ថានីយ/ដេប៉ូដល់ជាង ៦០០កន្លែង​ ដែលលក់ប្រេងឥន្ធនៈកេងបន្លំទាំងបរិមាណនិងគុណភាពចំពោះអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាជាអគ្គនាយកនៃ ក.ប.ប។​
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) លោក ផាន អូន បានបញ្ជាក់ថា៖ «ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈណា ដែលយើងរកឃើញមិនមានអនុលោមភាព គឺយើងបានពិន័យជាអន្តរការណ៍ រួមទាំងណែនាំដល់ម្ចាស់សា្ថនីយ/ដេប៉ូទាំងនោះ ឱ្យធ្វើកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បន្តទៀត»។  បើតាមអគ្គនាយក ក.ប.បនៃក្រសួងពាណិជ្ជកម្មរូបនេះ ការពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈដែលបន្លំគុណភាព និងប្រភពដើមនៃទំនិញ​ចំពោះអ្នកប្រើប្រាស់ គឺអាចមានទំហំ ដល់២០លានរៀល(ប្រមាណ ៥ ០០០ដុល្លារ)។
 
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ក.ប.ប។ រូបថត៖ ឈន សុផាត

«បទល្មើសក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ​ចំពោះបទដ្ឋានព័ត៌មានសម្រាប់អ្នក​ប្រើប្រាស់ គឺមានកម្រិតអតិប្បរមា១០លានរៀល​ ឬអាចតូចជាងហ្នឹង។ ប៉ុន្តែ ក្នុងករណីបើយើងឃើញមានការបន្លំគុណភាព! ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនោះ អាចរងការពិន័យរហូតដល់២០លានរៀល»។ លោក ផាន អូន មានប្រសាសន៍បែបនេះ ដោយបញ្ជាក់ថា ការពិន័យនេះ គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ដែលសិក្សាពីកំហុសរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ ដោយឈរលើទំហំនៃការធ្វើពាណិជ្ជកម្ម, ផលប៉ះពាល់សង្គម រួមទាំងកត្តាជីវភាពជាក់ស្តែងរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនីមួយៗ។​
 
ជាមួយគ្នានេះ លោក ផាន អូន បានព្រមានដល់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈណាដែលបន្តប្រព្រឹត្តល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណតែម្តង។  លើសពីនេះទៅទៀត ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈទាំងនោះ អាចប្រឈមការកសាងសំណុំរឿងទៅតុលាការថែមទៀត​។ «កន្លងមក គឺមាន៤ករណីហើយដែលយើងកសាងសំណុំរឿងរបស់ស្ថានីយប្រេងឥន្ធនៈដែលបន្តប្រព្រឹត្តល្មើសនឹងច្បាប់ ទៅតុលាការ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ផាន អូន។ 
 
សូមជម្រាបថា ប្រេងសាំងធម្មតាដែលលក់រយនៅលើទីផ្សារកម្ពុជា គឺមានតម្លៃ៥ ៨០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត បានកើនដល់ ៦ ៣០០រៀលក្នុងមួយលីត្រ។ ដោយឡែក សាំងស៊ុបពែរ គឺមានតម្លៃ ៦ ៤០០រៀល ឬលើសពីនេះ ក្នុងមួយលីត្រ។  ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃទាំងនេះឱ្យគ្រប់ស្ថានីយ/ដេប៉ូឥន្ធនៈទាំងអស់ត្រូវអនុវត្តរហូតដល់បំណាច់ខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 ប្រេងឥន្ធនៈ
  លោក ផាន អូន
  ក.ប.ប
© រក្សាសិទ្ធិដោយ thmeythmey.com