ជាតិ
ប្រវត្តិ​ទិវា​នៃ​ក្តី​ស្រឡាញ់ Valentine’s Day
14, Feb 2023 , 8:59 am        
រូបភាព
ដោយ: រួបរួម
ថ្ងៃទី១៤ កុម្ភៈ ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day ជា​ភាសា​អង់គ្លេស ឬ Saint-Valentin ជា​ភាសា​បារាំង) បានចាប់ផ្តើម​ឡើង​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ពោលគឺ​នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ហើយ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក។



ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​នេះ មានរឿង​តំណាលតៗគ្នា​ថា នា​អំឡុងពេល​កល​យុគ្គ (សង្គ្រាម) នៅក្នុង​ទីក្រុង​រ៉ូម រដ្ឋាភិបាល​អ៊ីតាលី មានការ​លំបាក​ក្នុងការ​កែនពល​រដ្ឋ​ធ្វើ​កងទ័ព ដោយសារ​ពួកបុរសៗមិន​ចង់​ចាក​ចេញពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ និង​គ្រួសារ​របស់​ពួកគេ។ ដូច្នេះ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​រំសាយ​ចោល​នូវ​ការ​រៀបការ និង​ពិធី​ភ្ជាប់ពាក្យ​ទាំងអស់​នៅក្នុង​ទីក្រុង​រ៉ូម។

នា​គ្រិស្តសករាជ២៦៩ មាន​ព្រះសង្ឃ​គ្រិស្តសាសនា​មួយអង្គ​ព្រះនាម Saint Valentine បាន​សហការ​ជាមួយ​មិត្ត​របស់គាត់ Saint Marius បន្ត​ជួយ​រៀប​អាពាហ៍ពិពាហ៍​ដល់​គូស្នេហ៍​វ័យក្មេង​ជាសម្ងាត់។ ប៉ុន្តែ​ទង្វើ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញ ហើយ​លោក Valentine ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវគេ​ប្រកាស​ប្រហារជីវិត​ដោយ​កាត់​កនៅ​ថ្ងៃទី១៤ កុម្ភៈ។

នៅក្នុង​ពន្ធនាគារ លោក Valentine បាន​លួច​ស្រឡាញ់​នារី​វ័យក្មេង​ម្នាក់ ដែល​គេ​ជឿថា ជា​កូនស្រី​របស់​ឆ្មាំ​គុក ដោយសារ​នាង​ឧស្សាហ៍​ចេញចូល សួរសុខទុក្ខ និង​គាំទ្រ​គាត់។ មុនពេល គេ​នាំ​គាត់​ទៅ​ប្រហារជីវិត​នៅ​ថ្ងៃទី១៤ កុម្ភៈ លោក Valentine បាន​សរសេរ​សំបុត្រ​យ៉ាងខ្លី​មួយ​ផ្ញើរ​ទៅ​នាង​ដើម្បី​បញ្ជាក់​ពី​មិត្តភាព និង​ភាពស្មោះត្រង់​របស់គាត់​ចំពោះ​នាង​ដោយមាន​ចុះហត្ថលេខា​ថា «ពី Valentine របស់​អ្នក» ។

ចាប់តាំងពី​ពេលនោះ​មក នៅ​រៀងរាល់​ថ្ងៃទី១៤ កុម្ភៈ គេ​ឃើញ​មានការ​រៀបចំ ទិវា​នៃ​ក្តី​ស្រឡាញ់ នេះ ដោយមាន​ភ្ជាប់​មកជា​មួយ​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅវិញទៅមក មាន​ផ្កា​កុលាប និង​ស្ករ​គ្រាប់​ជាដើម​ដើម្បី​បង្ហាញ​ពី​ការគោរព​ស្រឡាញ់​រាប់អាន និង​ដឹងគុណ​ដល់​លោក Valentine៕

អត្ថបទ​សហការ​ផ្តល់​ដោយ គណៈកម្មការ​ស្រាវជ្រាវ​ឯកសារ​នៃ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង




© រក្សាសិទ្ធិដោយ thmeythmey.com