ពីនេះ ពីនោះ
សាសនាមានតួនាទីសំខាន់ក្នុងការកសាងសន្តិភាព
× ភ្នំពេញ៖ ដោយសារតែនៅក្នុងសង្គមនីមួយៗរមែងតែងតែមានភាពចម្រុះសាសនានៅក្នុងសង្គមនោះ ដែលជាប្រភពជំនឿរបស់អ្នកកាន់សាសនានីមួយ។ ចំណែកនៅក្នុងប្រទេសកម្ពុជាមានសាសនាបីដែលជាសាសនាសំខាន់ៗជាងគេ គឺរួមមាន ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រឹស្ដសាសនា។ ដែលប្រភពសាសនាទាំងបីនេះបានកំពុងដឹកនាំមនុស្សខ្មែរតាមរយៈច្បាប់របស់សាសនាខ្លួន ឬគម្ពីរបស់សាសនាខ្លួនមួយ។
ជាការពិតគ្រប់សាសនិកនៃសាសនាណាក៏ដោយតែងតែឲ្យតម្លៃចំពោះគម្ពី ទ្រឹស្ដី និងព្រះ ឬក៏អាទិទេព្វ ឬបុគ្គលអស្ចារ្យនៅក្នុងសាសនារបស់ខ្លួន។ តែគ្រប់សាសនិកនៃសាសនាទាំងអស់គួរតែគិតផងដែរថា ខ្លួនឲ្យតម្លៃសាសនាខ្លួន អ្នកកាន់សាសនាផ្សេងៗក៏គេគោរព និងឲ្យតម្លៃសាសនារបស់គេដែរ។ ហេតុនេះត្រូវជៀសវាងការលើកតំកើងសាសនាខ្លួន ហើយមើលទៅសាសនាដទៃថាមិនមានភាពល្អប្រសើរស្មើសាសនាខ្លួន។ តែត្រូវចាំថា គ្រប់សាសនាទាំងអស់គឺមានភាពល្អរបស់គេ មនុស្សទេដែលធ្វើឲ្យសាសនាអាក្រក់ យកសាសនាធ្វើអាជីវកម្ម ជំនឿសាសនានិយមជ្រុលដែលនាំទៅរកជម្លោះសាសនាកើតមានឡើង។
សាសនិកគួរតែចង់ចាំថា បំណងដ៏សំខាន់មួយ ដែលយើងចង់ឃើញ ចង់បាន ដូចៗគ្នា នោះគឺសន្ដិភាព ។ នៅពេលមានសន្តិភាពសាសនា នាំឲ្យអ្នកកាន់សាសនានីមួយៗ អាចរស់នៅជាមួយគ្នា មានសាមគ្គីគ្នា ចេះជួយគ្នា ស្រឡាញ់គ្នា កសាងសុខុមាលភាពសង្គមជាមួយគ្នា។ អាចកសាងសេចក្ដីថ្នៃថ្នូរសង្គមជាមួយគ្នា កសាងសន្ដិភាពសង្គមហើយចូលរួមក្នុងការផ្សព្វផ្សាយសន្ដិភាពជាមួយគ្នា រួមគ្នាកសាងសមភាពសង្គម ក្នុងនាមជាមនុស្សដូចគ្នា ដោយមិនលើកយកនិន្នាការសាសនាមកធ្វើជាកត្តាកំណត់លើប្រភពទំនាក់ទំនងប្រចាំថ្ងៃ។ ដែលទាំងអស់នេះគឺសុទ្ធតែជាបេសកកម្មរបស់សាសនានីមួយៗនានាចង់បាន។ ព្រោះគ្មានសាសនាណាមួយបង្រៀន ឬដឹកនាំមនុស្សឱ្យសាងនូវអំពើអាក្រក់ ឬអំពើបាបនោះឡើយ។
ជាសរុបរួមមកវិញដើម្បីដឹកនាំសង្គមមួយឱ្យសន្ដិភាព យុត្តិធម៌ ការគោរពសិទ្ធមនុស្ស ការគោរពតម្លៃមនុស្ស ហើយនាំឱ្យសង្គមមួយមានការីកចម្រើនក្នុងផ្លូវត្រូវយើងត្រូវការរបស់ពីរយ៉ាង ដែលជាធាតុសំខាន់បំផុតនោះគឺ សាសនា និងច្បាប់សង្គម។ របស់ទាំងពីចាំបាច់ត្រូវតែមាន។ ព្រោះសាសនាគឺមាននាទីសំខាន់បំផុតក្នុងការដាក់ទោសផ្នែកស្មារតី និងអប់រំផ្នែកសតិស្មារតីឱ្យគិតពិចារណាក្នុងមាគ៌ាមួយដែលត្រឹមត្រូវ នាំទៅរកការប្រព្រឹត្តត្រូវ។ រីឯច្បាប់សង្គមគឺមាននាទីខាងកម្រិតភាពល្អ អាក្រក់ទៅលើការប្រព្រឹត្ត និងរាល់សកម្មភាពប្រតិបត្តិនានា។
« ចូលដាក់ជំនឿរបស់អ្នកទៅក្នុងបេះដូង និងការយល់ឃើញរបស់អ្នក ហើយចូលប្រើការស់នៅរបស់អ្នកដោយប្រើមូលដ្ឋាននៃការឱ្យតម្លៃចំពោះអ្នកដ៏ទៃ។ ចូលចាត់ទុកតម្លៃសាសនាដ៏ទៃដូចអ្នកបានឱ្យតម្លៃចំពោះសាសនារបស់អ្នក។ ចូលអ្នកគោរពច្បាប់សង្គមរបស់អ្នកប្រកបដោយទំនួលខុសត្រូវ។ ចូលអ្នកយកមូលដ្ឋានការគិតពិចារណាជាធំក្នុងការដឹកនាំខ្សែជីវិតរបស់អ្នក»៕
© រក្សាសិទ្ធិដោយ thmeythmey.com