ជាតិ
បទវិភាគ
​ជា​ល​ក្ខ​ណៈ​​​ធ​ម្មជា​តិ តើ​មនុស្ស​ពិតជា​អាក្រក់ អាត្មានិយម ពុករលួយ​ និង​លោភលន់​មែនឬ​?
28, Oct 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅក្នុង​សកម្មភាព​បស់​មនុស្ស​បច្ចុប្បន្ន មនុស្ស​ត្រូវបាន​គេ​វិនិច្ឆ័យ​ថា ជាស​ភាវៈ អាក្រក់ ពុករលួយ អាត្មានិយម និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​សារជាតិ​មនុស្ស ហាក់ដូចជា​នៅ​ស្រពេចស្រពិល​នៅឡើយ សម្រាប់​បញ្ញវន្ត និង​អ្នកសិក្សា​ស្រាវជ្រាវ​ទូទៅ​។ តើ​ធម្មជាតិ​របស់​មនុ​ស្សពិត​ជា​អាក្រក់ លោភលន់ អាត្មានិយម អត្តទត្ថ និង ពុករលួយ​មែនឬ​?

​ក្នុង​ចរន្ត​សង្គម​ថ្មី មនុស្ស​ចាប់ផ្តើម​ឲ្យ​តម្លៃ​លើ​សម្ភារ​និយម មាសប្រាក់ បុណ្យ​សក្តិ តួនាទី តំណែង និង​អំណាច ជាជាង​តម្លៃ​មនុស្ស​។ ហេតុផល​នេះហើយ ទើប​ជំរុញ​ឲ្យ​មាន​សកម្មភាព​អមនុស្សធម៌ និង​ព្រៃផ្សៃ​ជាច្រើន​ដូចជា លួច ឆក់​ប្លន់ កេងប្រវ័ញ្ច ជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស និង ទង្វើ​ខុសច្បាប់​មួយចំនួនទៀត​។ តើ​ធម្មជាតិ​មនុស្ស​ពិតជា​អាក្រក់​មែនឬ​?
​ដើម្បី​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​ធម្មជាតិ​មនុស្ស មាន​ទស្សនវិទូ​ចំនួន​បី​រូប​ដែល​ពិភពលោក​ទទួលស្គាល់ថា ជា​អ្នក​ដែល​ពន្យល់​ច្បាស់​ពី​ធម្មជាតិ​មនុស្ស​។ 
 
​លោក Thomas Hobbes៖ ជា​ទស្សនវិទូ​ជនជាតិ​អង់គ្លេស បាន​ពន្យល់ថា នៅក្នុង​សភាព​ធម្មជាតិ​មនុស្ស​បាន​បណ្តោយ​ខ្លួន​តាម សភាវគតិ អត្តទត្ថ និង​ចំណង់​។ ដោយសារ​ចលករ​ទាំង​បី​នេះ បានធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​សត្រូវ​នឹង​គ្នា​។ លោក​ពន្យល់ថា មនុស្ស​ជា​ឆ្កែចចក​សម្រាប់​មនុស្ស​គ្នាឯង ដែល​ខាំ​គ្នាឯង​ដូច​ឆ្កែចចក​។ សភាព​ធម្មជាតិ​របស់​មនុស្ស​គឺជា​សភាព​គ្មាន​សន្តិសុខ ដោយសារ​មនុស្ស ត្រូវ​ស្ថិតក្រោម​អំណាច​នៃ​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន​ឬ​អ្នក​ដែល​ពូកែ​បោកប្រាស់​ជាង​ខ្លួន​។  នៅ​ក្នុងន័យនេះ លោក​ចង់​ពន្យល់ថា សារជាតិ របស់​មនុស្ស គឺមាន​ធម្មជាតិ​អាក្រក់ ពោលគឺ​មនុស្ស​តែងតែ​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច ពុករលួយ គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​គ្មាន​គុណធម៌​ក្នុងនាម​ជាម​នុស្ស​។ នៅក្នុង​សង្គម​ជាក់ស្តែង​មនុស្ស មនុស្ស​ឈ្លោះ​គ្នា ស៊ីសាច់ហុតឈាម ដើម្បី​ដណ្តើម​អំណាច  លាភសក្ការៈ តំណែង​បុណ្យ​សក្តិ និង​ផលប្រយោជន៍​។  (​សៀវភៅ​«​ប្រវត្តិ​គំនិត​នយោបាយ​បស្ចិមប្រទេស​» រៀបរៀង​ដោយ​លោក អ៊ុំ ប៉ុ​ម​)
 
​លោក Jean Jacques Rousseau៖ ជា​ទស្សនវិទូ​ជនជាតិ​បារាំង បាន​ពន្យល់ថា ធម្មជាតិ​មនុស្ស គឺ​ល្អ​បរិសុទ្ធ​តាំងពី​កំណើត​មកម្ល៉េះ​។ ក្មេងៗ​កើតមក​មិនចេះ​លួច ប្លន់ មិនចេះ​ពុករលួយ ពោលគឺ​ពួកគេ​ប្រៀបដូចជា​ក្រដាស​ស ដែល​មិនបាន​ប្រឡាក់​ប្រឡូក​ជាមួយ​ទង្វើ​អាក្រក់​នោះទេ​។ 
 
​នៅក្នុង​សង្គម​បែប​ធម្មជាតិ​ដែល​ពុំទាន់​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ឲ្យ​បានច្បាស់លាស់ និង​មិនទាន់មាន​ច្បាប់សង្គម​ត្រឹមត្រូវ មនុស្ស​រស់នៅ​ដោយ​ពឹង​លើ​ការ​បេះ​ផ្លែឈើ​ហូប​ដើម្បី​ចម្អែត​ក្រពះ ពោលគឺ​មនុស្ស​មិនចេះ​លោភលន់ ព្រោះ​មនុស្ស​ដើរ​បេះ​ផ្លែឈើ​ហូប​រៀងៗ​ខ្លួន មិនចេះ​លាក់ទុក​ផ្លែឈើ​ដើម្បី​ហូប​នៅ​ថ្ងៃក្រោយ​នោះទេ​។  
 
​ព្រះពុទ្ធ​៖ ទ្រឹស្តី «​បុគ្គល​ប្រព្រឹត្ត​អំពើ​ណា បុគ្គល​នោះ​នឹង​ទទួលបាន​ផល​នោះ​» ក្នុងន័យនេះ ព្រះពុទ្ធ​បាន​ផ្តោត​សំខាន់​លើ​ទង្វើ​របស់​មនុស្ស​គឺជា​ក​ត្តា​កំណត់​។ មនុស្ស​ល្អ និង​អាក្រក់ មិនមែន​មកពី​សារជាតិ​ឬ​ដើមកំណើត​នោះទេ គឺ​អាស្រ័យ​លើ​ការប្រព្រឹត្ត​របស់​បុគ្គល​ទៅវិញ​ទេ​។​
 
​សរុបមក ធម្មជាតិ​មនុស្ស មិនមែន​សុទ្ធតែ​អាក្រក់​នោះទេ ប៉ុន្តែ​មនុស្ស​ដែល​ធ្វើ​ទង្វើ​អាក្រក់ គឺ​មកពី​ពួកគេ​លោភលន់​មិនចេះចប់​មិនចេះហើយ​។ ការរស់នៅ​របស់​មនុស្ស គឺ​ប្រែ​ប្រូ​ល​ទៅតាម​បរិបទ​សង្គម ជាពិសេស នៅក្នុង​សម័យកាល​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​បែបនេះ មនុស្ស​ចាប់ផ្តើម​ចង់​មានការ​រស់នៅ​ស៊ី​វិ​ល័យ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មានកេរ្តិ៍ឈ្មោះ ឋានៈ​បុណ្យ​សក្តិ និង​មានអំណាច ពោលគឺ​វត្ថុ​ទាំងនេះ បានធ្វើ​ឲ្យ​មនុស្ស​បោះបង់ចោល នូវ​សីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ និង​តម្លៃ​ជាម​នុស្ស​។ មនុស្ស​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ទទួលបាន​វត្ថុ​ទាំងនេះ បើទោះបីជា​ត្រូវ​សម្លាប់​មនុស្ស​ដូចគ្នា​ក៏ដោយ​៕
 

Tag:
 មនុស្ស
  ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com