ពីនេះ ពីនោះ
តើ​បុរស​ខ្លាំង តេង ស៊ីវ​ពីង មាន​ចំណុចខ្លាំង​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ចិន​រីកចម្រើន​?
16, Oct 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖« ឆ្មា​ស​ក៏ដោយ​ឆ្មា​ខ្មៅ​ក៏ដោយ​ឲ្យ​តែ​ចាប់​កណ្ដុរ​បាន​នោះ គឺជា​ឆ្មា​ល្អ​»​នេះ​ជា​សម្ដី​របស់លោក តេង ស៊ា​វ​ពីង ជា​អ្នក​បដិវត្តន៍​ពាណិជ្ជកម្ម​ដ៏​ពូកែ​ម្នាក់​របស់​ប្រទេស​ចិន សម័យ​ម៉ៅ សេទុង​។ លោក​គឺជា​អ្នក​ប្រកាន់​ទ្រឹស្ដី​ម៉ាក្ស​និយម​ដ៏​អស្ចារ្យ ជា​រដ្ឋបុរស ជា​អ្នក​យុទ្ធសាស្ត្រ យោធា និង​ជា​អ្នកការទូត​ដ៏​ជំនាញ​។ មិនតែប៉ុណ្ណោះ​លោក​គឺជា​ស្ថា​ប្យករ​ដ៏​ចំណាន​នៃ​សង្គមនិយម​ចិន ក្នុងការ​បើកទ្វារ​ជើងមេឃ​ចិន និង​ទំនើបកម្ម​ប្រទេស​ចិន​ឲ្យ​ក្លាយ​ប្រទេស​ដ៏​ខ្លាំង​នៅលើ​ពិភពលោក​។



​នៅក្នុង​ដំណើរ​កសាង​ប្រទេស​ចិន លោក​តេង ស៊ា​វ​ពីង បានចាប់ផ្ដើម កសាង​ប្រទេសមួយ​នេះ ដោយ​ចាប់ផ្ដើម​ពី​ជំហាន​ទីមួយ គឺ​ដោះស្រាយ​បញ្ហា​ស្បៀង បញ្ហា​ហូប​ឆ្អែត និង​សម្លៀកបំពាក់​គ្រប់គ្រាន់​សមរម្យ​។ ជំហាន់​ទី​ពីរ ដោះស្រាយ​ជីវិត​ក្នុងសង្គម​របស់​ប្រជាជន​ឈានដល់​ថ្នាក់កណ្ដាល​។ ជំហាន​ទី​បី ប្រទេស​ចិន ឈានដល់​កម្រិត​ជា​ប្រទេស​អភិវឌ្ឍន៍​មធ្យម និង​មាន​តួនាទី​ពិតប្រាកដ​លើ​សកលលោក​។ នេះ​គឺជា​វិធីសាស្ត្រ​រយ​ឆ្នាំ​របស់ បុរស​ខ្លាំង តេង ស៊ា​វ​ពីង បានរៀបចំ​និង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ចិន​ពី​ការងារ​គ្រប់គ្រង​តាមបែប​សង្គមនិយម​។

​ដើម្បី​ស្ដារ​ប្រទេស​ពីរ​បប​គ្រប់គ្រង​សង្គម​តាមបែប​សង្គមនិយម ដែលមាន​គំនិត​ចង់​ឲ្យ​ប្រជាជន​ធ្វើ​បដិវត្តន៍​ដោយ​មិន​ឲ្យ​ប្រជាជន​ហូប​ឆ្អែត និង​មាន​ជីវភាព​សមរម្យ តេង ស៊ា​វ​ពីង បាន​ផ្លាស់ប្ដូរ​ទស្សនៈ​យល់ឃើញ​បែបនេះ ដោយ​លោក​យល់ឃើញថា មានតែ​ធ្វើ​ឲ្យ​ប្រជាជន​បាន​ហូប​ឆ្អែត ជីវភាព​សមរម្យ​ទេ ទើប​អាចធ្វើ​ឲ្យ​ជាតិ​រឹងមាំ​បាន​។​

​ហេតុផល​នេះហើយ ទើបបានជា តេង ស៊ា​វ​ពីង បានដាក់​ចេញ​កត្ដា​គន្លឹះ​បីយ៉ាង​ជា​ចំណុច​អ​ត្តិ​ភាព​និង​ជា​ចំណុច​ស្នូល   ដើម្បី​ស្ដារ​ស្ថានភាព​របស់​ប្រទេស​ចិន តាមរយៈ​ការធ្វើ​ឲ្យ​មាន​ទំនើបកម្ម​បួន​យ៉ាង​( កសិកម្ម​ទំនើប ឧស្សាហកម្ម​ទំនើប ការពារជាតិ​ខ្លាំង និង​ទំនើប និង​ចុងក្រោយ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ទំនើប​) ការកសាង​សេដ្ឋកិច្ច និង​កម្លាំងផលិតកម្ម​។​

​វីរបុរស​របស់​ប្រទេស​ចិន​រូបនេះ បាន​អះអាង​ចំពោះ​ស្ថានភាព​ចិន​សម័យ​នោះ​ថា សេដ្ឋកិច្ច​គឺជា​កត្តា​មាន​សារៈ​សំខាន់បំផុត​សម្រាប់​បុព្វហេតុ​ស្ដារ​ស្ថានភាព​ប្រទេស ប្រការ​ផ្សេងៗ​គឺ​ត្រូវតែ​ចំណុះ​។ ប្រសិនបើ​ដោះស្រាយបាន​បញ្ហា​សេដ្ឋកិច្ច អ្វីៗ​ផ្សេងទៀត​ក៏​អាច​ដោះស្រាយ​បានដែរ​។ អ្វីដែល​រឹតតែ​ធ្វើ​ឲ្យ​បុរស់ វ័យ​ចំណាស់​រូបនេះ​ស្ថិត​ជាប់​បេះដូង​ប្រជាជន​ចិន​នោះ​គឺ លោក​បាន​ជួយ​ស្វែងរក​ការងារ​ជូន​យុវជន លោក​បាន​សុខចិត្ត​បាត់បង់​កិត្តិយស​ក្នុង​ឆាក​អន្តរជាតិ ដោយ​មិន​ទុក​ឲ្យ​ប្រទេស​មាន​ភាពចលាចល និង​ប៉ះពាល់​ដល់​ផែនការ​ទំនើបកម្ម​ក្នុង​រយៈបេល​១០០​ឆ្នាំ​របស់លោក​។​

​ដកស្រង់​ពី​សៀវភៅ​៖ (​សិ​ល្បះ​នយោបាយ តេង ស៊ា​វ​ពីង​, ឌួង​រតនា​)


© រក្សាសិទ្ធិដោយ thmeythmey.com