ពីនេះ ពីនោះ
គុណគ្រូ​បង្រៀន​
08, Sep 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជីវិត​កូន​អាចមាន​វិញាណ​នៅក្នុង​ពិភព​ដ៏​ស្រស់បំព្រង​នៃ​ធម្មជាតិ​គឺ​អាស្រ័យ​សេចក្ដី​សណ្ដោស នៃ​សណ្ដាន​ចិត្ត​របស់លោក​អ្នកមានគុណ​ទាំង​ទ្វេរ​។ រីឯ និស្ស័យ​រវាង​សិស្ស​និង​គ្រូ គឺ​អាស្រ័យ​លើ​ការកំណត់​នៃ​វាសនា​ដែល​ចារ​ដោយ​ព្រហ្ម​លិខិត និង​ការតស៊ូ​ជ​ម្នេះ​ក្នុង​ជីវិត​ស្វែងរក​ចំណេះដឹង​។ ការជួបគ្នា​រវាង​គ្រួ​និង​សិស្ស មិនមែន​គ្រាន់តែ​ជាការ​ណាត់ជួប​រវាង​មនុស្ស​ពី​នាក់ ឬ​គ្រាន់តែ​ជា​មិត្តភាព​ដែល​អ្នក​ធ្លាប់មាន​ជាមួយ​មិត្តភក្តិ​របស់​អ្នក​ឡើយ​។ ប៉ុន្តែ​ជាការ​ជួបគ្នា​ក្នុងនាម​ជា​អ្នកសិក្សា និង​ផ្ទេរ​ចំណេះដឹង​។



​ចុះ​តើ​មូល​អ្វី​អ្នក​ចាំបាច់​ត្រូវ​ស្ដាប់​សម្ដី​របស់លោក​? គឺ​ព្រោះតែ ៖
​លោកគ្រូ​អ្នកគ្រូ គឺជា​អ្នក​ណែរ​នាំ​ឲ្យ​សិស្ស​គ្រប់រូប ដើរ​តម្រង់ទិស​ទៅរក​ផ្លូវ​ដែល​ល្អ​ចៀសវាង​អំពើ​ឧបាយ​មុខ​ផ្សេងៗ ដែល​សង្គមជាតិ​ស្អប់ខ្ពើម ដូចជា​ជា​ក្មេង​ទំនើង ដើរ​ប្រ​ព្រឹ​ត្ដ​នូវ​អំពើ​ឆក់ ប្លន់ លួច និង​ការប្រើប្រាស់​គ្រឿងញៀន​ជាដើម​។ លោកគ្រូ​អ្នកគ្រូ គឺជា​អ្នក​ផ្ដល់នូវ ទេពកោសល្យ បទពិសោធន៍ ភាព​វៃឆ្លាត គំនិត​ប្រាជ្ញា ចំណេះដឹង​ផ្ទេរ​ទៅឱ្យ​សិស្ស​គ្រប់ៗ​គ្នា​ទាំងអស់​ដោយ​ឥត​លាក់លៀម​។​
​លោកគ្រូ​អ្នកគ្រូ គឺជា​អ្នក តែងតែ​ផ្ទេរ​ចំណេះដឹង​ឲ្យ​សិស្ស ដោយ​មិន​ប្រកាន់វណ្ណៈ​។ លោកគ្រូ​អ្នកគ្រូ គឺជា​មនុស្ស ដែល​តែង​លើក​នូវ​គុណ​សម្បត្ដិ​របស់​សិស្ស អួត​ប្រាប់​គេឯង​នៅក្នុង​ចំណោម​មិ​ត្ដ​អា​មាត្រ​ដទៃទៀត​របស់លោក​។ លោកគ្រូ​អ្នកគ្រូ គឺជា​អ្នក តែងតែ​ចេញមក​ធ្វើការ​ការពារ និង​ធ្វើការ​ពន្យល់​ណែនាំ​រៀបរាប់​ឱ្យ​អ្នកដទៃ​បាន​យល់ និង​ស្គាល់​នូវ​ឥរិយាបទ​មាយា​ទ​របស់​សិស្ស​លោក គឺ​ព្រោះ​មានតែ​គ្រូ​ទេ​ទើប​បានដឹង​ឥរិយាបថ​របស់​សិស្ស​លោ​ក​ច្បាស់​។​

​លោកគ្រូ​អ្នកគ្រូ គឺជា​មាតាបិតា​ទី​២​របស់​សិក្សា​នុ​សិស្ស​។ លោក គឺជា​អ្នក​កសាង​ស្ពាន​ចំណេះ​ដល់​សិស្ស​។ លោកគ្រូ​អ្នកគ្រូ គឺជា​អ​ណា​ព្យាបាល​ដែល​តែងតែ​ចាំ​ឃ្លាំង​មើល​និង​ការពារ​សិស្ស​គ្រប់ៗ​រូប​។ លោកគ្រូ​អ្នកគ្រូ គឺជា​ទីប្រឹក្សា​ដែល​តែងតែ​ណែនាំ ផ្ដល់យោបល់​ឲ្យ​សិស្ស​គ្រប់ៗ​គ្នា​។

​ផ្ទុយ​មកវិញ សិស្សានុសិស្ស​ទាំងឡាយ​! បងប្អូន​អ្នកសិក្សា​ទាំងឡាយ​! តើ​អ្នកមាន​ដែល​បានគិត​អំពី​ទង្វើ​របស់​អ្នក​ដែល​ធ្វើជា​ប្រចាំ​មកលើ​រូបលោក​ដែរឬទេ​? តើ​អ្នកមាន​ដែល​បានគិត ថា​តើ​លោក​មាន​អារម្មណ៍​បែបណា​នៅពេលដែល​លោក​ឃើញ​សិស្ស​បំពេញ​តួនាទី​មិនបាន​ល្អ ឬ មិន​ស្ដាប់​នូវ​ការ​ទូន្មាន ការ​ប្រៀនប្រដៅ​របស់លោក​? ប្រសិនបើជា​អ្នក តើ​អ្នកមាន​អារម្មណ៍​បែបណា នៅពេល​ឃើញ​សិស្ស​មិន​ស្ដាប់​ការណែនាំ​របស់លោក​? ប្រសិនបើ​អ្នកជា​គ្រូ តើ​អ្នកមាន​អារម្មណ៍ មានទឹក​ចិ​ត្ដ​ក្នុង​ការបង្រៀន​ដែរឬទេ​?

​ប៉ុន្តែ​សម្រាប់​លោកគ្រូ​អ្នកគ្រូ គឺ​លោក​មិនដែល​បន្ទោស​អ្នក​សូម្បី​តែមួយ​ម៉ាត់​។ ទោះបី​ពេលខ្លះ​លោក​ខឹង តែ​លោក​មិនដែល​បង្ហាញ​ឲ្យ​អ្នក​ទាំងអស់គ្នា បានឃើញ​ពី​ភាពឈឺចាប់​របស់លោក ចំពោះ​អ្នក​ទាំងអស់គ្នា​ឡើយ​។​ផ្ទុយទៅវិញ​លោក​បែរជា​បន្ទោស​ខ្លួនឯង ថា​អប់រំ​សិស្ស​មិនបាន​ល្អ ហើយ​លោក​បែរ​ជាមាន​វិប្បដិសារី​យ៍​ចំពោះ​ខ្លួនឯង​ទៅវិញ ទាំង​ពេលខ្លះ​គឺ​មិនមែនជា​កំហុស​របស់លោក​ឡើយ​។

​ហេតុនេះ គុណ​របស់​លោកគ្រូ​អ្នកគ្រូ ទឹកចិត្ត កា​លះបង់ ពិតជា​មិនអាច​រៀប​រាបបាន មិនអាច​ថ្លាថ្លែង​ឲ្យ​អស់ពី​អ្វីដែល​លោក​បានគិត បារម្ភ និង​បានផ្ដល់​ដល់​សិស្សានុសិស្ស​របស់​លោ​កឡើ​យ​។ ទឹក​ចិ​ត្ដ​គ្រូបង្រៀន​គឺជា​សន្ដាន​ចិ​ត្ដ​ដ៏​ជ្រាលជ្រៅ  ដោយ​សេចក្ដី​ជ្រះថ្លា នោះ​គឺ​ព្រោះតែ​លោក​ជា មាតាបិតា​ទី​ពីរ​របស់​សិស្សានុសិស្ស​ទាំង​ឡាយ​។ ទឹកចិត្ត​មាតាបិតា និង​លោកគ្រូ​អ្នកគ្រូ គឺ មិន​ខុសគ្នា​នោះទេ​។​
 
​ពាក្យចាស់​លោក​ពោលថា «​មាតាបិតា​ជា​អាចារ្យ​ទីមួយ ឬ​ជា​គ្រូ​ទីមួយ​ជា​អ្នក​បង្រៀន​កូន ឱ្យ​ចេះ​និយាយ ឱ្យ​ចេះ​ដើរ ចេះ​ឈរ ចេះ​ស្លៀកពាក់ នោះ​គឺជា​កាតព្វកិច្ច​របស់​មា​តា​បិតា​ដែលជា​គ្រូដើម​» ។ ចំណែក​គ្រូបង្រៀន គឺជា​អ្នកផ្ដល់​ចំណេះដឹង ចំណេះវិជ្ជា ទៅដល់​សិស្ស ដែល​គេ​ចាត់ទុកថា​ជា​គ្រូ​ទី​២​របស់​សិស្ស​។ ដូចនេះ​ទឹក​ចិ​ត្ដ​គ្រូ មិន​ខុសពី​មាតាបិតា ដែលមាន​សន្ដាន​ចិ​ត្ដ​ទៅលើ​កូន​ឡើយ​។ បើ​ផ្ដើម​ពី​ពាក្យ​ថា​កូន នោះ​គឺ​មានន័យថា​គ្រូ​ចាត់ទុក​សិស្សានុសិស្ស ប្រៀបដូចជា​កូន​របស់លោក​ដែរ នោះ​គឺ​ទឹក​ចិ​ត្ដ ដែល​ប្រកបដោយ​មេ​ត្ដា ករុណា មាន​ព្រហ្ម​វិហារធម៌​ចំពោះ​សិស្សានុសិស្ស​របស់លោក​គ្រប់ៗ​គ្នា​។​
 
​ទោះជា​យ៉ាងណា តើ​វា​ពិតជា​ពិបាក​ខ្លាំងណាស់​មែន​ទេ សម្រាប់​សិស្សានុសិស្ស​គ្រប់រូប ក្នុងការ​តាំងចិត្ត​ថា​អ្នក​ត្រូវតែ​ធ្វើជា​សិស្ស​ល្អ ជា​សិស្ស​គំរូ ចេះ​គោរព​ច្បាប់ គោរព​វិន័យ​សាលា ពេល​នៅក្នុង​ថ្នាក់​គោរព​លោកគ្រូ​អ្នកគ្រូ​នោះ​? តើ​វា​ពិបាក​ខ្លាំងណាស់​មែន​ទេ ដើម្បី​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​រៀនសូត្រ ពេល​គ្រូបង្រៀន​ត្រូវ​ស្ដាប់​គ្រូ មិន ជជែក​គ្នា មិន​ឡូឡា​ក្នុង​ថ្នាក់ មិន​រំខាន​ដល់​គ្រូ​កំពុង​ពន្យល់​មេរៀន​? តើ​អ្នក​ពិតជា​ពិបាក​ខ្លាំងណាស់​មែន​ទេ គ្រាន់តែ​គោរព​អង្គ​អ្នករៀន​ទាំង​បួន​គឺ សុ ចិ ពុ លិ នោះ​?

​សិស្សានុសិស្ស​ទាំងឡាយ​ត្រូវតែ​ដឹងថា លោកគ្រូ​អ្នកគ្រូ​គឺជា​បុគ្គល​ដែលមាន​តម្លៃ មាន​គុណោបក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង​។ ចំណែក​កិច្ច​របស់លោក​ក្នុង​អប់រំ​បង្រៀន​អ្នក លោក​មិនដែល​ចង់​បានការ​តប់ស្នង​អ្វី​ពី​អ្នក​វិញ​នោះទេ​ក្រៅពី​សិស្សានុសិស្ស​របស់លោក​ចេះ កសាង​ខ្លួន​ឲ្យ​បានល្អ តាំងចិត្ត​ធ្វើជា​ធាតុ​មួយ​នៃ​សង្គម​ដែលមាន​តម្លៃ  ចេះ​គោរព​ច្បាប់​រដ្ឋ ច្បាប់​សាលា ច្បាប់សង្គម ច្បាប់​គ្រួសារ និង​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​សិក្សា​រៀនសូត្រ ឲ្យ​ដូច​សុភាសិត​ខ្មែរ​បាន​ពោលថា ចេះ​ពី​រៀន មាន​ពី​រក​។ ក្នុង​អារម្មណ៍​របស់លោក នឹងមាន​ភាពសប្បាយ​រីករាយ​បំផុត​នៅពេល​ឃើញ​សិស្សានុសិស្ស​របស់លោក​ខិតខំ​ស្វែងរក​វិជ្ជា កសាង​ចរិយា​ថ្លៃថ្នូរ រៀបចំ​មារយាទ​ឲ្យ​ល្អ​ប្រពៃ បណ្ដុះ​ស្មារតី​គុណធម៌ ប្រព្រឹត្ត​តែ​អំពើ​ជា​សីលធម៌ ឲ្យ​ដូចជា​ពន្លឺ​ដ៏​សែន​ត្រជាក់​របស់​ព្រះ​ច័ន្ទ​ដែល​តែងតែ​ជាទី​ចូលចិត្ត​នៃ​មនុស្ស​សត្វ​ទាំងពួង​៕


© រក្សាសិទ្ធិដោយ thmeythmey.com