ជាតិ
កសិកម្ម មាន​ពាក្យ​ចុងក្រោយ​ថា «​កម្ម​» មានន័យថា ធ្វើ​កសិកម្ម គឺ​លំបាក​
09, Jun 2018 , 12:39 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ​ជា​អ្នក​ប្រកប​របរ​កសិកម្ម​។ តែ​កសិកម្ម​របស់​ពួកគេ​ពឹង​ផ្អែកលើ​មេឃ រីឯ​កសិផល​កើនឡើង ឬ​ថយចុះ អាស្រ័យ​លើ​ធាតុអាកាស​។ ចំពោះ​តម្លៃ​វិញ តម្លៃ​កសិផល​ខ្មែរ​ស្ថិតនៅលើ​កណ្តាប់ដៃ​របស់​ឈ្មួញកណ្តាល និង​ឈ្មួញ​នៃ​ប្រទេសជិតខាង​។

 
​ពី​ឆ្នាំ​១៩៧៩ ដល់​អំឡុង​ឆ្នាំ​២០០០ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ធ្វើ​កសិកម្ម​តាមបែប​បុរាណ​។ ពួកគេ​ខ្វះ​ប្រព័ន្ធ​ធា​រាស្ត្រ ខ្វះ​បច្ចេកទេស ខ្វះ​ទុន និង​ខ្វះ​អ្នកជំនាញ​។​ល​។ ក្រោយមក អ្នកជំនួញ​មួយចំនួន​បាន​បោះទុន​ក្នុង​វិស័យ​កសិកម្ម​ដោយ​បង្វែរ​កសិកម្ម​ខ្មែរ​ពី​កសិកម្ម​បែប​បុរាណ​ទៅជា​កសិកម្ម​បែប​ទំនើប​គ្រាន់បើ ហើយ​ពួកគេ​បាន​រុញច្រាន​វិស័យ​កសិកម្ម​សុទ្ធសាធ ឲ្យ​ទៅ​ជាក​សិ​-​ពាណិជ្ជកម្ម មានន័យថា មិន​ត្រឹមតែ​ផលិត​ដើម្បី​ពិសា​ក្នុងប្រទេស​ដោយ​ខ្លួនឯង​ទេ តែ​កម្ពុជា​ប្រឹង​ផលិត​ដើម្បី​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​ខ្លះ ដូចជា ស្រូវ ដំឡូង សណ្តែក​។​ល​។ 
 
​ក្រោយមកទៀត មានន័យថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​សាកល្បង​លោត​ពី​កសិកម្ម​បែប​បុរាណ ឆ្លងកាត់​ក​សិ​-​ពាណិជ្ជកម្ម ដោយ​ឈាន​មក​ចា​ប់ក​សិ​-​ឧស្សាហកម្ម​។ ក្នុងន័យនេះ កម្ពុជា​ចាប់ផ្តើម​កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​ពិសា​ដោយ​ខ្លួនឯង​។ ក​សិ​-​ឧស្សាហកម្ម​មិនទាន់មាន​ច្រើន​មែន​។ តែ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​ដែរ​។ 
 
​បើទោះបីជា​កម្ពុជា​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​សង្កេតឃើញ​កសិកម្ម​ខ្មែរ​នៅ​ប្រឈម​នឹង​បញ្ហា​រាប់មិនអស់​ដែរ ពីព្រោះថា អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​មួយចំនួន​បាន​ដួល​បះជើង​។ 
 
​លោក ម៉ុង ឫទ្ធី មហាសេដ្ឋី​កសិកម្ម ដែល​បាន​ប្រឹងប្រែង​ជម្នះ​ឲ្យ​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បាន​និយាយថា​៖«​ខ្ញុំ​សូម​ប្រាប់ថា បើ​គ្មាន​ចិត្ត​សេ្ន​ហា​ស្មោះ​ជាមួយ​កសិកម្ម​ទេ មិនចាំបាច់​ធ្វើ​ទេ នាំ​ក្រ​ទៅវិញ​។ តែបើ​មានចិត្ត​ស្នេហា​ស្មោះ ប្តូរផ្តាច់ ទើប​អាច​ជោគជ័យ​…​។ ខ្ញុំ​ប៊ិះ​ដួល​ជិត​១០០​ដង​ហើយ​ទម្រាំ​ឈរជើង​បាន​ដល់​សព្វថ្ងៃនេះ​»​។
 
​អ្នក​ស្រឡាញ់​កសិកម្ម​រូបនេះ បាន​បន្ត​បញ្ជាក់ថា​៖«​កសិកម្ម បើ​មើល​ពាក្យ​«​កម្ម​»​ចុងក្រោយ ចូរ​គិត​ឲ្យ​ហើយ​ទៅ​! កសិកម្ម ពាក្យ​ចុងក្រោយ មិនមែនជា​រឿង​ងាយស្រួល​ទេ​។ លុះត្រា​តែមាន​ឆន្ទៈ មនសិការ​កសិកម្ម​ពិត​ប្រាកដ ទើប​អាច​ធ្វើបាន​»​។ 
 
​លោក ម៉ុង ឫទ្ធី និយាយថា កសិកម្ម មាន​ពាក្យ​ខាងចុង​«​កម្ម​» តើ​វា​កម្ម​មែន​ឬទេ​? លោក យ៉ង់ សាំង​កុមារ អតីត​នាយក​អង្គការ​កសិកម្ម សេ​ដាក់ បាន​ឆ្លើយតប​តាមរបៀប​កំប្លែង​លេង​វិញ​ថា ចុះ​ឧស្សាហកម្ម មិនមាន​ពាក្យ​ខាងចុង​«​កម្ម​»​ដែរ​។ តែ​ទោះជា​យ៉ាងណា ក៏​លោក យ៉ង់ សាំង​កុមារ ទទួលស្គាល់ថា ការធ្វើ​កសិកម្ម​នៅ​កម្ពុជា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ លោក​ថា ប្រសិនបើ​ធ្វើ​កសិកម្ម​ដើម្បី​ពិសា មិនមាន​បញ្ហា​អ្វី​ទេ តែបើ​ធ្វើ​កសិកម្ម​ដើម្បី​លក់ ឬ​ធ្វើ​កសិកម្ម​ដើម្បី​ពាណិជ្ជកម្ម គឺជា​រឿង​លំបាក​។ 
 
​លោក យ៉ង់ សាំង​កុមារ បញ្ជាក់ថា ការធ្វើ​កសិកម្ម គឺ​ត្រូវការ​ស្រឡាញ់​កសិកម្ម ស្រឡាញ់​ធម្មជាតិ​ជាដើម​។ លោក កុមារ បាន​បន្តទៀតថា បញ្ហា​ប្រឈម​របស់​វិស័យ​កសិកម្ម​កម្ពុជា​ដែល​លោក​ហៅថា​ព្យុះ​នោះ ទី​១ គឺ​បម្រែបម្រួល​អាកាសធាតុ និង​ទី​២ ការប្រែប្រួល​តម្លៃ​លើ​ទីផ្សារ​។ 
 
​លោក កុមារ លើកឡើងថា ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​ជំនួញ​កសិកម្ម អ្នកជំនួញ​ត្រូវមាន​លក្ខខណ្ឌ​សមស្រប​ចំនួន​៥ ក្នុងនោះ​មាន​៖ ទុន ទឹក បច្ចេកទេស ទំនាក់ទំនង​សហការគ្នា​រវាង​គ្នា និង​គ្នា និង​ទីផ្សារ​។ ដោយសារតែ​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំងពេក ហើយ​កសិកម្ម​ខ្វះ​ព័ត៌មាន​ជុំវិញ​រឿង​តម្លៃ​នោះ ទើប​កសិករ ឬ​អ្នកជំនួញ​មួយចំនួន​ផ្អើល​ត​គ្នា​កាប់​ស្វាយចន្ទី​ចោល ដាំ​ដើម​កាហ្វេ ឬ​ដាំ​កៅស៊ូ ហើយ​ពេល​កៅស៊ូ​ចុះថោក ពួកគេ​នាំគ្នា​ត្រៀម​កាប់​ដើម​កៅស៊ូ​ចោល ហើយ​គ្រោង​ដាំ​ស្វាយចន្ទី​វិញ​។ កសិកម្ម​ប្រភេទ​ខាងលើនេះ ត្រូវការ​ពី​៤ ទៅ​៥​ឆ្នាំ​ទើប​ទទួលបាន​បាន​ផល​អាច​លក់បាន​។ 
 
​ការលំបាក​របស់​អ្នកជំនួញ​កសិកម្ម និង​កសិករ​ខ្មែរ មាន​ដូចតទៅ​៖ ទី​១ គឺ​កសិកម្ម​ពឹង​លើ​មេឃ​។ ទី ២ ខ្វះ​ទុន​។ ទី​៣ ខ្វះ​ទីផ្សារ និង ទី​៤ ខ្វះ​បច្ចេកទេស​។ កសិករ​ខ្មែរ និង​អ្នកវិនិយោគ​តែងតែ​ត្អូញត្អែរថា ពួកគេ​ផលិត​រួចហើយ លក់​មិនបាន​រួច​ថ្លៃដើម​ផលិត​វិញ​ផង​។ តើ​កសិកម្ម គឺ ជា​«​កម្ម​»​របស់​កសិករ​ខ្មែរ​មែន​ឬទេ​? 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com