បទវិភាគ
ពីនេះ ពីនោះ
អ្នកមាន​កុំ​អរ អ្នកក្រ​កុំ​ភ័យ​…
30, Mar 2023 , 8:10 pm        
រូបភាព
«​មាន​មិនដែល​បី (​ត​) ក្រ​មិនដែល​បី​ជំនាន់ ឬ​មិនដែល​បី​ជាតិ​»​។ សុភាសិត​ខ្មែរ​មួយ​ឃ្លា​នេះ បញ្ជាក់​អត្ថន័យ​ពេញលេញ​ល្អ​ណាស់​។

 
​បើ​ពិនិត្យ​លើ​តថៈ​ភាពជាក់ស្តែង គេ​តែងតែ​សង្កេតឃើញថា ប្រសិនបើ​ឪពុកម្តាយ​ជា​អ្នកមាន​ស្តុកស្តម្ភ កូន​នៃ​គ្រួសារ​មួយ​នេះ និយាយ​ជារួម មិនសូវ​ប្រឹងប្រែង​ខ្លាំង​ទេ ពីព្រោះ ពួកគេ​ទទួលបាន​ផល​ច្រើន​ពី​ឪពុកម្តាយ​រួចទៅហើយ​។ កូនៗ​ភាគច្រើន ច្រើនតែ​ខ្ជិល ដេកចាំ​ស៊ី​ទ្រព្យ​របស់​គ្រួសារ ខ្វះ​ការតស៊ូ ចូលចិត្ត​សប្បាយ​ច្រើនជាង​ការងារ​។​ល​។ តែ​ការសង្កេត​ខាងលើនេះ មិនត្រូវ​ទាំងអស់​ទេ​។ វា​អាចមាន​កូនអ្នកមាន​ខ្លះ ប្រឹង​បន្ត​ឲ្យ​កាន់​តែមាន​ជាង​ឪពុកម្តាយ​ដែរ ដោយសារ ពួកគេ​មាន​ដើមទុន ពី​គ្រួសារ​រួចហើយ​។ 
 
​នៅពេលដែល​កូនអ្នកមាន​មិន​ប្រឹងប្រែង​បន្ត ពេលនោះ​មនុស្ស​ជំនា​ន់ទី​២​នៃ​គ្រួសារ​អ្នកមាន អាច​ប្រឈម​នឹង​ការធ្លាក់ចុះ​ទ្រព្យសម្បត្តិ​។ ហើយ​បន្ទាប់មក ចៅ​ដែលជា​ក្រុមមនុស្ស​ជំនា​ន់ទី​៣ អាច​ប្រឈម​នឹង​ការខ្វះ​ទ្រព្យ​ទៅវិញ ឬក៏​អាច​ធ្លាក់ខ្លួន​ក្រ​ទៅវិញ ក៏​អាច​ថា បានដែរ​។ 
 
​ងាក​មក​គ្រួសារ​ក្រីក្រ​វិញ​។ ប្រសិនបើ​មនុស្ស​ជំនា​ន់ទី​១​ធ្លាប់​ក្រ ពេលនោះ កូន​ដែលជា​មនុស្ស​ជំនា​ន់ទី​២ ប្រឹងប្រែង​ខ្លាំងណាស់​។ ប្រឹងប្រែង​រហូត​អាច​ក្លាយទៅជា​អ្នកមាន ឬ​អ្នកធូរធា​។ បន្ទាប់មក​មនុស្ស​ជំនា​ន់ទី​៣ កាន់តែ​ធូរធា​ខ្លាំង​ឡើង​។ 
 
​តែ​អ្វីដែល​បញ្ច្រាស​មកវិញ​ទៅនោះ គឺថា មនុស្ស​ជំនា​ន់ទី​៣(​មាន​ធនធាន​) ដែល​ចេញពី​គ្រួសារ​ក្រីក្រ​ដែរនោះ អាច​ភ្លេចខ្លួន មោទនភាព​នឹង​ទ្រព្យសម្បត្តិ ជំរុញ​ឲ្យ​កូនចៅ​ជំនា​ន់ទី​៤ សប្បាយ​ភ្លេចខ្លួន ធ្លាក់ខ្លួន​ក្រីក្រ​ទៅវិញ​បន្តិច​ម្តងៗ​។ 
 
​និយាយ​ជារួម​មកវិញ សុភាសិត «​មាន​មិនដែល​បី (​ត​) ក្រ​មិនដែល​បី​ជំនាន់​» គឺជា​សារ​ផ្តាំផ្ញើ​ត្រឹមត្រូវ គ្មាន​ខុស​បន្តិច​ណា​ឡើយ​។ ធ្លាប់មាន ហើយ​ធ្លាក់ខ្លួន​ទៅ​ក្រីក្រ​វិញ អាច​បណ្តាលមកពី​កង្វះខាត​ការព្យាយាម ការតាំង​ចិត្ត​នេះឯង​។ កូនអ្នកក្រ ត្រូវបាន​គេ​សង្កេតឃើញថា មានការ​តាំងចិត្ត​ខ្ពស់ និង​ព្យាយាម​ខ្លាំង​ជាង​កូនអ្នកមាន​។ 
 
​ភាពក្រីក្រ ការលំបាក ភាពឈឺចាប់ ជំរុញ​ទឹកចិត្ត​កូនអ្នកក្រ​ឲ្យ​ឈោង​ទៅ​ចាប់​ភាពជោគជ័យ​ខ្លាំង​ជាង​កូនអ្នកមាន​ដែល​គ្របដណ្តប់​ទៅដោយ​សេចក្តីសុខ​រួចស្រេច​ទៅហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com