ពីនេះ ពីនោះ
ចាយលុយ​គឺ​ចាយ​កម្លាំង​ញើស​ឈាម
07, Jul 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាយលុយ​គឺ​គ្មាន​អ្វីដែល​លំបាក​នោះទេ សូម្បីតែ​ក្មេង​ក៏​អាច​ចាយលុយ​បានដែរ​។ ប៉ុន្តែ​ដើម្បី​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ចេះ​ចាយលុយ គឺ​មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះឡើយ​។ ហេតុនេះ​ការចាយវាយ​ថវិការ​គឺ​ចាំបាច់​ត្រូវតែ​គិត​ឲ្យ​បាន​ច្បាស់ ព្រោះ​ការចាយ​លុយ​គឺជា​ការចាយ​កម្លាំង​ញើស​ឈាម​។​


យុវជន​បច្ចុប្បន្ន មួយចំនួនធំ​កំពុងតែ​សប្បាយ​នឹង​ការ​ចាយលុយ​ឪពុកម្ដាយ គេ​ហ៊ឺហា​សប្បាយ ប៉ុន្តែ​យុវជន​ទាំងនោះ​បែរជា​នាំគ្នា​ភ្លេច​ថា លុយ​នៅក្នុង​ដៃ​របស់​ពួកគេ​ដែល​ឃ្លាត​ចេញទៅ​នោះ គឺជា​កម្លាំង​ញើស​ឈាម​ដែល​ឪពុកម្ដាយ​របស់ខ្លួន ខំប្រឹង​គាស់កកាយ​ធរណី ធ្វើការ​កណ្ដាល​ព្យុះភ្លៀង ប្រើ​កម្លាំងកាយ​កម្លាំង​ប្រាជ្ញា គ្រប់​ជំ​ហ៊ាន​ដើម្បី​ស្វះស្វែង​រកថ​វិការ​សម្រាប់​កូន​។ យ៉ាងណា ចំពោះ​កូនអ្នកមាន​ទាំងឡាយ​ក៏​មិន​ខុសគ្នា​ផងដែរ ទោះបី​គ្រួសា​ខ្លួន​ស្ថិតក្នុង​វណ្ណៈ​អ្នក​សម្បូរ​ចាយ ប៉ុន្តែ​ទម្រាំ​បាន​ដល់ពេលនេះ មិនដឹងថា ឪពុកម្ដាយ​ទាំងឡាយ​លោក​ខិតខំ​កម្រិតណា​ឡើយ​។ ហេតុនេះ​យុវជន​ទាំងឡាយ​គួរ​ណាស់ ពិចារណា​ឲ្យ​បាន​ច្រើន​បន្តិច​។​

ចំណែក​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ប្រទេស​គ្រប់​ជាន់ថ្នាក់ ក៏ត្រូវ​តែពិចារណា​ផងដែរ​ថា ប្រសិនបើ​ខ្លួន​កំពុងតែ​ចាយលុយ​ជាតិ​ដែល​បាន​ពី​ការប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​នោះ គឺ​មានន័យថា ខ្លួន​កំពុងតែ​ចាយ កម្លាំង​ញើស​ឈាម​របស់​ប្រជាជន​ពលរដ្ឋ​ហើយ​។ ហេតុនេះ​ប្រសិនបើ​មិន​ចង់​ទទួលបាន​ការដាក់ទណ្ឌកម្ម​ពី​អំណាច​ទង្វើ​បាប​ទេ គ្រប់​មន្ត្រី​ណា​ដែល​ទទួល​លុយ​រាជការ​ហើយ ត្រូវតែ​ធ្វើ​ការជូន​ពលរដ្ឋ​វិញ កុំ​ក្បត់​រាស្ត្រ កុំ​ធ្វើបាប​រាស្ត្រ កុំ​បំផ្លាញ​រាស្ត្រ​។ ព្រោះថា ឈាម​រាស្ត្រ​ពិតជា​ក្ដៅ​ណាស់​ទម្រាំ​បាន​លុយ​មួយចំនួន​បង់ពន្ធ​ជូន​រដ្ឋ ដើ​ម្ប្យី​មន្ត្រី​រដ្ឋ​ធ្វើ​ការបម្រើ​ខ្លួន​។​

ជារួម​មក ដើម្បី​ការចាយ​លុយ ប្រកបដោយ​កុសល គ្រប់​ភ្នាក់ងារ​ចាយលុយ​ទាំងអស់​ត្រូវតែ​ពិចារណា​ពី​ប្រភព​លុយ​ដែល​ខ្លួន​ទទួលបាន មុននឹង​ចាយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com