ចំណងជើង​បទ​ចម្រៀង​ខ្លះ អាសអាភាស​ជាង​រឿង​សិច​!
ជាតិ
បទវិភាគ
ចំណងជើង​បទ​ចម្រៀង​ខ្លះ អាសអាភាស​ជាង​រឿង​សិច​!
06, Jul 2016 , 9:59 pm        
រូបភាព
​បើសិនជា​លោក​-​អ្នក​នៅ​ជាមួយ​កូនតូចៗ ចូរ​កុំ​ចាក់​បទ​ចម្រៀង​ថ្មីៗ​មួយចំនួន ជាពិសេស​បទ​ដែល​លួច​ចម្លង​ពី​បរទេស ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ផ្នែក​សីលធម៌ ដោយសារតែ​អត្ថន័យ​បទ​ចម្រៀង​បង្កប់​ទៅដោយ​ន័យ​អាសអាភាស និង​ពិបាក​ស្តាប់​។​



​ការជ្រើសរើស​ពាក្យពេចន៍​ក្នុងការ​តែង​និពន្ធ​បទ​ចម្រៀង មិនមែនជា​រឿង​ងាយស្រួល​ឡើយ ហើយ​កាន់តែ​ពិបាក​នោះ គឺ​ការ​តែង​និពន្ធ​បទ​ភ្លេង​ដោយ​ខ្លួនឯង ឬ Original ។ ផ្ទុយទៅវិញ​រឿង​ដែល​ងាយស្រួល​បំផុត​គឺ​ការ​ចាំតែ​ចម្លង​ពី​គេ​ដោយ​ឥត​អៀនខ្មាស និង​កែប្រែ​អត្ថន័យ​បន្តិចបន្តួច​ដើម្បី​ទាក់ទាញ និង​ស៊ី​អារម្មណ៍​អ្នក​ស្តាប់ អ្នកទស្សនា ជាមួយនឹង​ការប្រើប្រាស់​ពាក្យពេចន៍​បង្កប់ន័យ​អាសអាភាស​។​

​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​ចំណាត់ការ​ហាមឃាត់​បទ​មួយចំនួន ដោយសារតែ​ខ្លឹមសារ និង​រូបភាព ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌​ប្រពៃណីជាតិ​។ ប្រៀបដូចជា​ចាក់ទឹក​លើ​ក្បាល​ទា ទង្វើ​ដដែល​បានកើត​ឡើង ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​បណ្តាញ បាននាំគ្នា​ប្រតិកម្ម​លើ​បទ​ចម្រៀង​មួយចំនួន ជាពិសេស​បទ​ចម្លង​ពី​ថៃ ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​បង្កប់ន័យ​ស្រើបស្រាល និង​អាសអាភាស​។​

​នៅ​សម័យកាល​ហ្វេ​ស​ប៊ុ​ក​នេះ បើទោះបីជា​អ្នកនិពន្ធ​ប្រឹងប្រែង​ពន្យល់ថា ពួកគេ​ប្រើប្រាស់​ឃ្លោងឃ្លា​ត្រឹមត្រូវ សមរម្យ​យ៉ាងណាក៏ដោយ ប៉ុន្តែ​អ្នក​ស្តាប់​យល់ច្បាស់​ពី​ចេតនា​ពិតប្រាកដ​របស់​អ្នកនិពន្ធ​នោះ​។ Like, Share, Comment ឬ View មិន​ខ្វះ​នោះទេ ចំពោះ​បទ​ចម្រៀង​ដែល​បង្កប់​នៅ​ខ្លឹមសារ​អាសអាភាស ប៉ុន្តែ​វា​ជា​ភាពល្បីល្បាញ​ដោយសារ​គេ​ជេរ មិនមែន​ដោយសារ​ការសរសើរ​ឡើយ​។​

​បច្ចុប្បន្ន កម្ពុជា​កំពុង​ព្យាយាម​ប្រាប់​ពិភពលោក​ថា ខ្លួន​មាន​វប្បធម៌ អរិយធម៌ ដ៏​យូរលង់​ជាង​ថៃ​ដែលជា​ប្រទេសជិតខាង​។ កម្ពុជា​ជា​ម្ចាស់​ដើម​នៃ​ល្ខោនខោល ដែល​ថៃ​ត្រៀម​ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​ទង្វើ​របស់​សិល្បករ​មួយចំនួន​ដែល​ចាំតែ Copy បទ Original របស់​ថៃ កំពុង​ធ្វើ​ឲ្យ​ជាតិ​បាក់មុខ​យ៉ាងខ្លាំង​។ ម្យ៉ាងទៀត អ្នកចម្រៀង អ្នកនិពន្ធ អាចមាន​កំហឹង​លើ​កម្ពុជា ដោយសារ​ខ្លឹមសារ​បទ​ចម្រៀង​ដើម​របស់គេ​មាន​អត្ថន័យ​ជ្រាលជ្រៅ ប៉ុន្តែ​ការលួចចម្លង​កាឡៃ បានធ្វើ​ឲ្យ​បទ​ចម្រៀង​ពួកគេ​បាត់បង់​ប្រជាប្រិយភាព​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចលនា​ផលិត​បទ​ថ្មី (Original) កំពុង​ផុសផុល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នារ​យៈ​ពេល​ចុងក្រោយ​។ អ្នកចម្រៀង​មួយចំនួន​កំពុង​សាង​ភាពល្បីល្បាញ​ជាមួយនឹង​បទ Original របស់ខ្លួន ទោះបីជា​ពួកគេ​មិនបាន​ស្ថិតនៅ​ក្រុមហ៊ុន​ផលិតកម្ម​ធំៗ​ក៏ដោយ ក្នុងនោះ​មានដូចជា បទ «រាំញីកែងជើង» របស់ លោក ងួន ចាន់ដេវីដ «ស៊ូឃ្លាត» របស់លោក អ៊ឹម រតនៈ (ហៅ Tin Mark) ដែលច្រៀងដោយលោក វង្ស តារារតនា «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» របស់​កញ្ញា Adda  «​ទីបំផុត​» របស់លោក ហេង ពិ​ទូ ឬ «​បុណ្យ​ភូមិ​» របស់​ក្រុម​ក្មេង​ខ្មែរ ជាដើម ៕


Tag:
 បទ​ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com