ពីនេះ ពីនោះ
មន្ត្រីមានលុយជាសំណាងជាតិ រាស្ត្រក្រគឺជាបន្ទុកជាតិ
× ភ្នំពេញ៖ មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល មានលុយ មានឡាន មានវិឡា នោះជារឿងគួរឲ្យសសើរ ដែលមន្ត្រីធំៗ ពូកែរកស៊ីមានបាន ពិតជាមានកំណើតមែន ដែលខុសពីកសិករ ខំព្រឹកខ្វះល្ងាច។
ពេលមន្ត្រីធំ ដើរចែកអំណោយ ដល់រាស្ត្រនោះគឺជាផ្នែកមួយដែលជួយសម្រួលស្ថានភាពរបស់ប្រជាជនបានមួយគ្រា នៅពេលដែលរាស្ត្រទាំងនោះជួបទុក្ខលំបាក និងត្រូវការជំនួយ។ បន្ថែមពីនេះ គឺជារូបភាពបញ្ជាក់ថា អ្នកមាន អ្នកធំ លោកមានចិត្តល្អ ចិត្តសប្បុរស ដែលចេះជួយទុក្ខលំបាក់ពលរដ្ឋខ្លួន និងនាំសង្គមឲ្យរីកចម្រើន។ បើអ្នកមាន និងមន្ត្រីធំ លោកមានចិត្តល្អយ៉ាងនឹង វាសមតែរាស្ត្រមិនយំ ជាតិមិនរងទុក្ខ តែហេតុអ្វីបានជារាស្ត្រមួយចំនួនធំនៅតែទឹកភ្នែក ពេលឮការអភិវឌ្ឍន៍?
ក្នុងនោះមានមតិខ្លះលើកឡើងថា មន្ត្រីរាជការធំៗ គេមានលុយយ៉ាងនេះ ចុះហេតុអ្វីប្រទេសកម្ពុជានិងរាស្ត្រ មិនមានដូចមន្ត្រីធំៗ ដែលជាអ្នកបម្រើរាស្ត្រ? ហេតុអ្វីអ្នកបម្រើ មានជាងម្ចាស់ទៅវិញ?
មួយវិញទៀត អ្នកខ្លះលើកឡើងថា ថ្នាក់ដឹកនាំប្រទេសមួយចំនួនតែងតែអួតសរសើរថាប្រទេសខ្លួនរីកចម្រើន កំណើនសេដ្ឋកិច្ចល្អ រហូតមានការចាត់ចំណាត់ថ្នាក់ទៀតផង។ កត្តានេះ វាសមតែរាជការមួយនេះ អាចរស់បានដោយខ្លួនឯង ដោយមិនចាំបាច់ ហ៊ុចដៃសុំលុយបរទេស សុំជំនួយអន្តរជាតិ ទៀតទេ ព្រោះខ្លួនមានហើយ។
សរុបទៅ ពេលខ្លះមានភាពផ្ទុយគ្នារវាងការលើកអះអាង និងតថភាពពិតជាក់ស្ដែងនៅក្នុងសង្គម។ ពលរដ្ឋនៅក្នុងសង្គមមួយនេះសំណាងណាស់ដែលមានមន្ត្រីល្អ ចេះជួយចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួន។ ប៉ុន្តែរាស្ត្រក្នុងសង្គមមួយនេះ ក៏មិនអាចចាំតែទទួលអំណោយបន្តិចបន្តួច ដែលអាចដោះស្រាយជីវភាពបានតែមួយគ្រា។ ជូនលុយជួយអ្នកក្រ សមតែត្រេតអរ ប៉ុន្តែធាតុពិតរាស្ត្រក្នុងសង្គមមួយនេះ ហាក់កំពុងត្រូវបានរាជការ ប្រមាថទៅវិញ។ ទង្វើបែបនោះ គឺកាន់តែទុកឲ្យរាស្ត្រនៅតែក្រដដែល ក្លាយជាបន្ទុកជាតិកាន់តែខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com