ពីនេះ ពីនោះ
បើខ្មែរនៅតែគ្មានវិន័យ ជាតិខ្មែរនៅតែទន់ខ្សោយ
× ភ្នំពេញ៖ ជាតិមួយខ្លាំង គឺត្រូវធ្វើរឿងច្រើនណាស់ទើបអាចជួយជាតិឲ្យងើបឡើងបាន។ និយាយម្យ៉ាងទៀតគឺ គ្រប់វិស័យទាំងអស់ត្រូវតែធ្វើឲ្យសកម្ម ដើម្បីជំរុញដំណើរវិវឌ្ឍទៅមុខរបស់ជាតិ។ ប៉ុន្តែដើម្បីឲ្យកិច្ចការទាំងនោះអាចដំណើរការទៅបាន គឺត្រូវការជាចាំបាច់ពលរដ្ឋមានវិន័យ មានសណ្ដាប់ធ្នាប់ ស្គាល់ច្បាប់ស្គាល់ទម្លាប់។
រហូតមកពេលបច្ចុប្បន្ននេះ ប្រសិនបើខ្មែរនៅតែបន្តមានអត្តចរិកមិនទាន់ចេះ គោរពគ្នា ផ្ដល់សិទ្ធិឲ្យគ្នា អនុគ្រោះគ្នា យោគយល់គ្នា អធ្យាស្រ័យគ្នានោះទេ ទោះខ្មែរស្រែកយំយ៉ាងណាក៏មិនអាចធ្វើឲ្យជាតិមួយនេះរឹងមាំបានឡើយ មូលហេតុគឺគិតអត្តទត្ថនិយម។
ជាក់ស្ដែងមិនចាំបាច់មើលអ្វីឆ្ងាយនោះទេ គ្រាន់តែបញ្ហាសំរាម ក៏ខ្មែរមួយភាគធំមិនទាន់ចេះបោះសំរាមចោលផង គឺមិនសំខាន់កន្លែងអ្នកផ្សេងស្អាតឬមិនស្អាតឡើយ ប៉ុន្តែសំខាន់កន្លែងខ្លួនឯងស្អាត នេះហើយគំនិត គិតប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីអ្នកដទៃ។
បើនិយាយក៏រាប់មិនអស់ថា ខ្មែរនៅខ្សោយអ្វី ប៉ុន្តែ អត្តចរិកទន់ខ្សោយនៃជាតិសាសន៍មួយនេះត្រូវតែកែប្រែ។ ប្រសិនបើត្រូវតែកែប្រែ និស្សិតបញ្ញវន្ត អ្នកនយោបាយ និងអ្នកសារពត៌មាន ត្រូវជួយគ្នាអប់រំខ្មែរ បង្រួបបង្រួមទឹកចិត្តខ្មែរ និងស្មារតីជាតិខ្មែរ ទើបជាតិយើងមាន សង្ឃឹមពិតប្រាកដ។
ក្រុមបញ្ញវន្ត បណ្ឌិត អ្នកនយោបាយ អ្នកសារព័ត៌មាន ដែលមានគំនិត កុំគិតតែក្នុងខួរក្បាល ប៉ុន្តែត្រូវធ្វើសកម្មភាពជួយសង្គមក្នុងផ្លូវត្រូវ។ សូមកុំធ្វើគ្រាន់តែជាអ្នកមានគំនិតនិយាយ តែអត់មាត់ ចំណែកអ្នកមានមាត់និយាយតែអត់គំនិតត្រូវបញ្ឈប់ទៅព្រោះរូបភាពបែបនេះគ្មានលទ្ធផលល្អជូនជាតិឡើយ។
ប្រសិនបើត្រូវនិយាយ គឺសូមកុំនិយាយតែពាក្យបំបែកបំបាក់ជាតិ ហែកជាតិ ជេរជាតិ ប្រមាថជាតិ កុំលាបពណ៌គ្នា ដែលទង្វើទាំងនេះមិនអាចរកភាពថ្លៃថ្នូរឲ្យសង្គមបាន ឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com