ពីនេះ ពីនោះ
បុរស​ជួយ​ការងារ​ផ្ទះ​ប្រពន្ធ​ពិតជា​ធ្វើ​ឲ្យ​បុរស​ធ្លាក់​តម្លៃ​មែន​ទេ​?
08, Jul 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បុរស​មួយចំនួន​តែង​គិតថា ការធ្វើការងារ​ផ្ទះ ដូចជា​បោក​ខោអាវ ទៅ​ផ្សារ ធ្វើ​ម្ហូប លាងចាន សម្អាតផ្ទះ រៀបចំផ្ទះ មើល​កូន គឺជា​ការងារ​របស់​ប្រពន្ធ ខ្លួន​មិន​ធ្វើ​ឡើយ​។ គំនិត​នេះ ដ្បិតថា បច្ចុប្បន្ន​មានការ​ច្រានចោល​ហើយ​ក្ដី ប៉ុន្តែ​នៅមាន​ស្វាមី​មួយចំនួនធំ​នៅតែ​មិន​ធ្វើ​ព្រោះ​គិតថា វា​អាចធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​តម្លៃ​ប្រពន្ធ​លែង គោរព និង​មើលងាយ​ជាដើម​។



​រហូត​ពេលខ្លះ សូម្បី​ការរៀបចំ​បាយ​ម្ហូប បើ​ប្រពន្ធ​មិន​រៀបចំ​ឲ្យ​ក៏​មិន​ញាំ ហើយ​កំហគ​ឲ្យ​ប្រពន្ធ​ថា មិន​ស្គា​ល់ពី​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រពន្ធ​។

​ច្បាស់​ណាស់ ជា​ប្រពៃណី ប្រពន្ធ​ត្រូវធ្វើ​កិច្ចការ​ទាំងនេះ ប៉ុន្តែ​បរិបទ​ថ្មី វា​ពិតជា​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។ កិច្ច​អ្វី​ក៏ដោយ​ប្រុស​ស្រី​អាច​ធ្វើបាន​ដូចគ្នា​។ ចំណែក​តម្លៃ​រប​ស់បុរ​ស ក៏​មិនមែន​ត្រូវ​បាត់បង់​ដោយសារតែ​ខ្លួន​ទៅធ្វើ​ការងារ​ផ្ទះ​ជំនួស​ប្រពន្ធ​នោះដែរ ប៉ុន្តែ​វា​បែរជា​ធ្វើ​ឲ្យ​សុភមង្គល​គ្រួសារ​កើតមាន​ឥត​ព្រំដែន​ទៅវិញ​។​

​ស្រប​ពេលដែល​ចរន្ត​សង្គម​ថ្មី​នាំ​ស្ត្រី​ឲ្យ​មាន សិទ្ធិ​ស្មើគ្នា​ជាមួយ​បុរស នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​មួយចំនួន​គេ​អាច​ធ្វើបាន ហើយ​ប្រទេស​ខ្លះ​មិនអាច​ធ្វើបាន​នេះ បុរស​ខ្មែរ​ក៏​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ខ្លួន ចេញ​ឲ្យ​ឆ្ងាយ​ពី​គំនិត​ចាក់ស្រេះ​បែប​ប្រពៃ​មួយចំនួន​ដែល​នាំ​ឲ្យ​អ្នក​គិត​បែប​អវិជ្ជមាន​ចំពោះ​ស្ត្រី​។​

​ចំណែក​តម្លៃ​ថ្លៃថ្នូរ​របស់​ស្វាមី​ចំពោះ​ភរិយា គឺ​អាស្រ័យទៅលើ​ចំណេះដឹង ការបង្កើត​សុភមង្គល​ជូន​គ្រួសារ ផ្ដល់​តម្លៃ​ឲ្យ​ភរិយា ចេះ​រំលែក​ការងារ​ប្រពន្ធ  ចេះ​គ្រប់គ្រង​គ្រួសារ ផ្ដល់​ភាពកកក្ដៅ​ដល់​គ្រួសារ រក​ចំណូល​ចូល​គ្រួសារ មិន​បង្ករ​បញ្ហា​ដល់​គ្រួសារ​។​ល​។ ទើប​ជា​តម្លៃពិត​របស់​ស្វាមី​៕


© រក្សាសិទ្ធិដោយ thmeythmey.com