ពីនេះ ពីនោះ
«សំពះ និង ចាប់ដៃ» ក្មេងខ្មែរសម័យថ្មីគួរប្រើមួយណា?
× ភ្នំពេញ៖ «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន» នេះគឺជាបណ្ដាំដូនតាខ្មែរលោកបានចារទុកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយឲ្យបានដឹងថា វប្បធម៌គឺជាមរតកជាតិមួយ ដែលបង្ហាញពីអត្តសញ្ញាណជាតិដល់សកលលោកបានដឹង និងចំណាំទុកថា នោះគឺជាវប្បធម៌ជនជាតិខ្មែរ។ ចំណែក ការសំពះ គឺជាឥរិយាបថដ៏ល្អមួយ និងជាវប្បធម៌របស់ខ្មែរ ដែលកូនខ្មែរត្រូវតែការពារ និងថែរក្សា។
ក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៧៩ ខ្មែរនៅសល់ភាគច្រើនប្រជាជន ដែលមានចំណេះដឹងទាប។ ចំណែកបញ្ញវន្តត្រូវបាត់បង់ សសរវប្បធម៌ត្រូវបានរលត់រលាយអស់មួយចំនួនធំ ចំណែកវប្បធម៌មួយចំនួនខំប្រឹងត្រដររស់ ដើម្បីជាភស្ដុតាងមួយបញ្ជាក់ថាគឺជារបស់ខ្មែរ។ ខ្មែរចាប់ផ្ដើម ពង្រឹងខ្លួនឯងលើគ្រប់វិស័យ ទោះបីមានវិស័យខ្លះដើរថយក្រោយ ហើយវិស័យខ្លះឆ្ពោះទៅមុខជាប្រក្រតី ប៉ុន្តែខ្មែរនៅតែប្រឹងរហូតដល់បច្ចុប្បន្ន។
រហូយតមកដល់ពេលនេះ សង្គមខ្មែរព្យាយាមផ្សាយវប្បធម៌របស់ខ្លួន បង្ហាញពិភពលោកថា ខ្មែរជាប្រទេសតូច ប៉ុន្តែខ្មែរក៏មានលក្ខណៈពិសេសរបស់ខ្លួនក្នុងនាមជាប្រទេសមួយផងដែរ។ ស្រប់ពេលដែលកម្ពុជាកំពុងតែព្យាយាមបង្ហាញវប្បធម៌របស់ខ្លួន ប្រជាជនខ្មែរមួយភាគធំក៏កំពុងទទួលយកវប្បធម៌បរទេសមកអនុវត្ត ហើយលះបង់វប្បធម៌របស់ខ្លួន។
វប្បធម៌ទាំងឡាយបានបង្ហាញពីតម្លៃជាតិខ្មែរ ប៉ុន្តែមានវប្បធម៌ដ៏ល្អមួយចំនួន បែរជាត្រូវបានកូនខ្មែរខ្លួនឯងបំភ្លេចចោលជាបណ្ដើរៗ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្ដែងការសំពះ គឺជាឥរិយាបថ មួយដ៏មានតម្លៃរបស់ដូនតាខ្មែរលោកបានបន្សល់ទុក ដែលជាកាយវិការមួយ បង្ហាញពីការចេះគោរព ឱនលំទោន ផ្ដល់តម្លៃ ទន់ភ្លន់ ក្នុងរបៀបជាខ្មែរ ប៉ុន្តែកូនខ្មែរបច្ចុប្បន្នហាក់ដូចជាមិនសូវឲ្យតម្លៃ ហើយពេញនិយមការចាប់ដៃបង្ហាញពីភាពស្និតស្នាលទៅវិញ។
ការពិតណាស់ ការចាប់ដៃបង្ហាញពីការស្វាគមន៍ និងលាគ្នាមិនមែនជាកំហុសឆ្គងនោះឡើយ ហើយក៏មិនមែនជារូបភាពអាក្រក់នោះដែរ។ ប៉ុន្តែវាមិនមែនជាវប្បធម៌ និងបង្ហាញពីតម្លៃជាតិខ្មែរឡើយ។ តែទោះជាយ៉ាងណា ហេតុអ្វីបានជាកូនខ្មែរចាំបាច់រក្សាវប្បធម៌សំពះធ្វើអ្វី? ឬមួយខ្មែរនៅសុញ្ញគំនិតព្រោះតែរឿងបែបនេះមែនទេ? សំណួរទាំងនេះ គឺជាសំណួរអសីលធម៌មួយចំពោះជាតិខ្មែរ សំណួរអសីលធម៌ចំពោះបុព្វបុរសខ្មែរ។ ព្រោះថា បើការសំពះគ្មានតម្លៃ ម្លេះខ្មែរគ្រប់សម័យកាល មិនរក្សាមកនោះទេ។
ហេតុដូច្នេះ សម័យបចច្ចុប្បន្នកូនខ្មែរ ត្រូវតែចេះរក្សា និងអភិរក្សអ្វីដែលជាវប្បធម៌របស់ខ្មែរ តម្លៃរបស់ខ្មែរ។ មិនអាចគិតតែពីចម្លងគេ ហើយអ្វីដែលជារបស់ខ្លួនត្រូវបានបាត់បង់ជាបណ្ដើៗឡើយ។ កន្លងទៅមិនយូរច្បាស់ណាស់កូនខ្មែរ ប្រហែលជាលែងស្គាល់អ្វីទៅជាវប្បធម៌ខ្មែរទៀតហើយ។
© រក្សាសិទ្ធិដោយ thmeythmey.com