ភ្នំពេញ៖ ការរស់នៅជាមួយឪពុកម្តាយក្មេក មិនមែនជាការងាយស្រួលប៉ុន្មានទេស ពីព្រោះ វាជាការរស់នៅបែបថ្មី ដែលខុសប្លែកពីការរស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួនឯង។ ទោះបុរស ឬស្ត្រីក៏ដោយ ក្នុងនាមជាកូនប្រសារ ត្រូវហ៊ានប្រឈមនឹងការពិត ដែលកើតមាននៅក្នុងរង្វង់គ្រួសារ និងត្រូវព្យាយាមអនុវត្តន៍តាមក្រឹត្យក្រមដូចខាងក្រោម៖
១) កុំនាំភ្លើងក្នុងចេញក្រៅផ្ទះ៖ កុំនិយាយដើមប្តី និយាយដើមម៉ែក្មេក ឪពុកក្មេក បើកកកាយហែកកេរ្តិ៍ឲ្យគេដឹង គេឮ ក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល់ត្រចៀកគាត់ នាំកើតរឿងអាក់អន់ចិត្តគ្នា។
២) កុំនាំភ្លើងក្រៅចូលក្នុងផ្ទះ៖ ពេលឮគេនិយាយពីប្តី ឬម៉ែឪពុកក្មេក ឬក្រុមគ្រួសារ កុំសូវប៉ិនយកត្រចៀកស្តាប់ កុំធ្វើជាអ្នកនាំសារពីអ្នកនេះ ទៅប្រាប់អ្នកនោះ ចាក់គាត់ឲ្យលោត ឲ្យឆេះឡើង ជួនកាល គេស្អប់យើង គេចង់បំបែកបំបាក់ក៏អាចថាបាន។
៣) ឲ្យដល់អ្នកដែលគួរឲ្យ៖ បើខ្ចីហើយសងវិញ យើងគួរឲ្យខ្ចី មិនត្រូវចិត្តអាក្រក់ពេកទេ ងាយស្រួលដល់ពេល យើងខ្វះខាត យើងអាចខ្ចីគេវិញ។
៤) មិនឲ្យដល់អ្នកមិនគួរឲ្យ៖ អ្នកខ្ចីបំបាត់ ស៊ីដាច់ កុំឲ្យខ្ចី មិនឈ្មោះថាចិត្តអាក្រក់ទេ តែមានន័យថា យើងចេះការពារទ្រព្យ។
៥) ឲ្យដល់អ្នកគួរឲ្យ៖ សាច់ញាតិ អ្នកជិតខាង មិត្តភក្តិណាដែលក្រីក្រលំបាកតោកយ៉ាកមករកខ្ចីយើង បើមានលទ្ធភាពឲ្យគាត់យកតែម្តងទៅ កុំចង់បានពីគាត់វិញអី។
៦) ចេះអង្គុយ៖ អង្គុយដឹងខ្ពស់ទាប មើលម៉ែ មើលឪ មើលប្តី…
៧) ចេះបរិភោគ៖ កុំហូបមុនប្តី បើនៅជាមួយម៉ែឪ ត្រូវរៀបចំទុក្ខជូនគាត់ឲ្យហើយ…
៨) ចេះដេក៖ មុនដេកត្រូវរៀបចំទុកដាក់របស់របរឲ្យមានរបៀបរៀបរយសិន កុំចូលដេកមុនម៉ែឪ ឬមុនប្តី។ ក្រោកឡើងប្រញាប់ប្រញាល់ កុំដេកស្ពឹកឲ្យប្តីដាស់។
៩) ចេះបម្រើភ្លើង ៖ ភ្លើងបើមិនចេះប្រើ អាចឆេះផ្ទះ តែបើចេះប្រើ គឺអាចដាំបាយបានហូប។ ចំណែក ភ្លើងចិត្តវិញ គួរផ្គាប់ចិត្ត ដឹងទុក្ខធុរៈ យកចិត្តចំពោះស្វាមីកុំព្រងើយកន្តើយ។
១០) នមស្ការទេតាក្នុងផ្ទះ៖ ទេវតានៅទីនេះ គឺចង់សំដៅដល់ឪពុកម្តាយ ដែលត្រូវគោរព និងយកចិត្តទុកដាក់ចំពោះពួកគាត់។
ប្រភព៖«យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍»រៀបរៀង ដោយ ភិក្ខុ គូ សុភាព