ពីនេះ ពីនោះ
តើពាក្យ«សតិសម្បជញ្ញៈ»ងាយនឹងកើតមានសម្រាប់មនុស្សម្នាក់ៗដែរឬទេ?
× មនុស្សស្ទើរគ្រប់គ្នា ជាពិសេសក្រុមបញ្ញវន្ត អ្នកសិក្សារៀនសូត្រ គឺចូលចិត្តនិយាយថា «ក្នុងនាមជាមនុស្សគឺត្រូវតែមានសតិសម្បជញ្ញៈ»។ នៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា«សតិសម្បជញ្ញៈ» ត្រូវបានពន្យល់ថា «ស្មារតី និងសេចក្ដីដឹងខ្លួន»។ ប៉ុន្តែសួរថាតើពាក្យ«សតិសម្បជញ្ញៈ»ងាយនឹងកើតមានសម្រាប់មនុស្សម្នាក់ៗដែលឬទេ?
ជាការពិតណាស់ពាក្យថា «សតិសម្បជញ្ញៈ» ជាពាក្យដែលល្អប្រពៃ ទាំងអត្ថន័យ និងខ្លឹមសារក្នុងការអនុវត្ត។ ពាក្យនេះបង្ហាញពីការភ្ញាក់រឭកដឹងខ្លួន ដឹងពីកំហុស ដឹងពីការប្រព្រឹត្តបាបកម្មរបស់ខ្លួន។ ព្រោះតែជីវិត ចៀសមិនផុតពីកំហុស ទើបត្រូវការស្មារតីមួយគឺ«សតិសម្បជញ្ញៈ»ដើម្បីមកក្រើនរំឭកខ្លួន បង្ហាញពីទង្វើ និងកំហុសរបស់ខ្លួន។
ដូច្នេះហើយបុគ្គលណាដែល មានសតិសម្បជញ្ញៈ គឺអាចចាត់ទុកថាជាមនុស្សល្អ រាប់ថាជាមនុស្សស្វែងរកសុភាវធម៌ នាំមកនូវគុណសម្បត្តិដល់សង្គមជាតិ។ ប៉ុន្តែដើម្បីឲ្យទទួលបានស្មារតីភ្ញាក់រឭកមួយនេះបាន គ្រប់បុគ្គលចាំបាច់ត្រូវការ មេត្តា ករុណាធម៌ ការស្រឡាញ់ សាមគ្គី អារម្មណ៍សន្តិភាព និងកម្រិតចំណេះដឹងសមរម្យ ដែលអាចគិត អាចវិនិច្ឆ័យ មានហេតុផលច្បាស់លាស់ នោះទើបបុគ្គលអាចមានសតិសម្បជញ្ញៈបាន។
ទោះជាយ៉ាងណា ស្មារតីភ្ញាក់រឭកទាំងនេះ មិនងាយនឹងកើតមានសម្រាប់បុគ្គលម្នាក់ៗឡើយ នៅពេលដែលអំណាចផ្នែកតណ្ហាគ្របសង្កត់លើអង្គវិចារណញ្ញាណរបស់ពួកគេ។ ព្រោះតែតណ្ហា អំណាច សេចក្ដីស្រេចកឃ្លាន អាត្មានិយម និងខ្វះបញ្ញា បានធ្វើឲ្យ«សតិសម្បជញ្ញៈ»របស់បុគ្គលចេះតែឃ្លាតឆ្ងាយពីខ្លួនរបស់ពួកគេ។
ហេតុនេះហើយបានជានៅក្នុងធម៌ព្រះ មានឃ្លាដែលនិយាយលើកឡើងពីការកម្ចាត់តណ្ហា បង្កើនបញ្ញា សម្មាធិ... ដើម្បីអប់រំចិត្ត និងគំនិត ក្នុងការវិនិច្ឆ័យគ្រប់បែបយ៉ាង។ នៅពេលដែលសតិសម្បជញ្ញៈ ក្លាយជា គុណសម្បត្តិ និងគុណធម៌ដ៏អស្ចារ្យ សម្រាប់បុគ្គលគ្រប់រូបហើយ នោះនឹងនាំឲ្យសង្គមជាតិមានសន្តិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com