ពីនេះ ពីនោះ
ខុង ជឺ៖ មន្ត្រីមានសមត្ថភាព តែគ្មានគុណធម៌ ជាមន្ត្រីគ្រោះថ្នាក់
×
អត្ថបទដកស្រង់ចេញពីសៀវភៅខុងជឺ ដែលប្រែសម្រួលដោយលោក គឹម ចាន់ណា និងរក្សាសិទ្ធិដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Minds Book ។
ក្សត្រអាយកុងទ្រង់មានបន្ទូលសួរខុង ជឺ អំពីវិធីប្រើមនុស្ស។
ខុង ជឺ ក្រាបទូលថា «សូមឲ្យតែងតាំងដំឡើងបុណ្យស័ក្តិឲ្យសមរម្យទៅតាមសមត្ថភាព ប្រយ័ត្នមនុស្សអន់ចរិត មាត់ពូកែចូលចិត្តអួតអាង ពូកែនិយាយបំប៉ោង និយាយប៉ប៉ាច់ប៉ប៉ោច លោភលន់ មិនចេះស្កប់ស្កល់។ ពួកមនុស្សទាំងនេះ និយាយបានពិរោះស្តាប់ណាស់ ប៉ុន្តែចរិតពិតរបស់គេគឺជាមនុស្សធុនអន់ អត្មានិយម ចូលចិត្តបង្កឲ្យមានការបែកបាក់ចលាចលនោះឯង។ មនុស្សនិយាយច្រើនចូលចិត្តអួតអាង គឺជាមនុស្សកម្រិតទាប មានគំនិតកេងប្រវ័ញ្ច បន្លែបន្លំឥតរើសមុខ»។
ខុង ជឺ បន្តថា៖ «ដងធ្នូត្រូវមើលក្រយៅសាច់ឈើ (ថាត្រង់ ឬវៀច) ជាមុន ចាំមើលពីភាពរឹងមាំតាមក្រោយ។ អាជានេយ្យត្រូវមើលអំពីការផ្សាំងជាមុនថា តើវាសាំងដល់កម្រិតណា រួចចាំមើលពីភាពសង្ហា និងកម្លាំងរបស់វា។ រីឯនាម៉ឺនមន្ត្រី ត្រូវមើលមើលពីគុណធម៌ និងការប្រព្រឹត្តិជាមុន រួចចាំពិនិត្យអំពីសមត្ថភាពតាមក្រោយ។ មនុស្សគ្មានគុណធម៌ មានតែសមត្ថភាព ច្រើនតែជាមនុស្សដែលគ្រោះថ្នាក់បំផុត មិនខុសពីឆ្កែព្រៃ ឬជាឆ្កែចចកនោះទេ។ ចូរកុំជ្រើសរើសមកប្រើជាដាច់ខាត»៕
© រក្សាសិទ្ធិដោយ thmeythmey.com