ពីនេះ ពីនោះ
តើ «រំភាយរស្មីព្រះអាទិត្យ» និង «រំភាយរស្មីក្រហមអាំងហ្វ្រាកម្តៅ» មានន័យដូចម្ដេច?
×
ភ្នំពេញ៖ ពាក្យ «រំភាយរស្មីព្រះអាទិត្យ» និង «រំភាយរស្មីក្រហមអាំងហ្វ្រាកម្តៅ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «រំភាយរស្មីព្រះអាទិត្យ» (Solar radiation) ជារំភាយរស្មីអេឡិចត្រូម៉ាញ៉េទិកដែលភាយចេញពីព្រះអាទិត្យ ដោយមានបាច់ពន្លឺជិតស្មើនឹងអង្គពណ៌ខ្មៅមួយមានសីតុណ្ហភាព៥៧៧០˚K(ស្មើនឹង៥៤៩៦,៨៥˚C)។ កាំរស្មីនេះឡើងដល់កម្រិតកំពូលក្នុងទម្រង់ជំហានរលកមើលឃើញ។ នៅពេលប្រៀបធៀបជាមួយរំភាយរស្មីដែលផ្លាតពីដែនដី ជាញឹកញយ គេហៅថារំភាយរស្មីជំហានរលកខ្លី។
រីឯ ពាក្យ «រំភាយរស្មីក្រហមអាំងហ្វ្រាកម្តៅ» (Thermal infrared radiation) ជារំភាយរស្មីដែលភាយចេញពីផ្ទៃផែនដី បរិយាកាស និងពពក ហើយដែលគេអាចហៅផងដែរថា រំភាយរស្មី ពីដែនដីគោកឬកាំរស្មីជំហានរលកវែង។ រំភាយរស្មីនេះមានលក្ខណៈខុសពីរំភាយរស្មីក្បែរអាំងហ្វ្រាដែលជាផ្នែកមួយនៃជំហានរលកពន្លឺព្រះអាទិត្យ។ ជាទូទៅរំភាយរស្មីក្រហមអាំងហ្វ្រា មានជំហានរលកវែងជាងជំហានរលកពណ៌ក្រហមនៅក្នុងផ្នែកនៃបាច់ពន្លឺមើលឃើញ។ ជំហានរលករំភាយរស្មីក្រហមអាំងហ្វ្រាកម្តៅខុសពីរំភាយរស្មីជំហានរលកខ្លី ឬរំភាយរស្មីព្រះអាទិត្យ ដោយសារតែភាពខុសគ្នា នៃសីតុណ្ហភាពរវាងព្រះអាទិត្យ និងប្រព័ន្ធបរិយាកាស ផែនដី ។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
Tag:
ពីនេះពីនោះ
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com