ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផលវិបាកដែលអ្នកមិនធ្លាប់ដឹងអំពី ជំងឺលើសសម្ពាធឈាមមិនបានព្យាបាល
× សម្ពាធឈាមត្រូវបានកំណត់ដោយចំនួនឈាមដែលច្របាច់ចេញពីបេះដូង និងកម្លាំងឈាមដែលខ្ទប់នឹងជញ្ជាំងសរសៃឈាម។ ជំងឺលើសសម្ពាធឈាមកើតឡើងនៅពេលដែលលំហូរឈាមក្នុងសរសៃឈាមមានកម្លាំងខ្ទប់ខ្ពស់។ ថ្វីបើរឿងនេះកើតឡើងជាញឹកញាប់ក៏ដោយ តែមិនគួរណាប្រងើយកន្តើយឡើយ។ ជំងឺលើសសម្ពាធឈាមក៏ធ្វើឲ្យប្រឈមខ្ពស់នឹងជំងឺបេះដូងដែរ។
រោគសញ្ញាជំងឺលើសសម្ពាធឈាមមានដូចជា៖
• ឈឺក្បាល
• ពិបាកដកដង្ហើម
• ឈាមច្រមុះ
• ឈឺទ្រូង
• មានបញ្ហាក្នុងការមើលឃើញ
• វិលមុខ
ភាគច្រើនរោគសញ្ញាទាំងនេះមិនបង្ហាញឲ្យដឹងឡើយលុះត្រាតែសម្ពាធឈាមស្ថិតក្នុងកម្រិតមួយខ្ពស់ខ្លាំង។ យកល្អគួរតែពិនិត្យសម្ពាធឈាមជាទៀងទាត់ដើម្បីប្រាកដថា សម្ពាធនោះស្ថិតក្នុងលក្ខណៈមួយធម្មតា។
ក្នុងករណីដែលជំងឺលើសសម្ពាធឈាមមិនបានព្យាបាល និងគ្រប់គ្រងល្អនោះ វាអាចធ្វើឲ្យខូចដល់សរសៃឈាម និងសរីរាង្គផ្សេងៗទៀតដូចជាបេះដូង និងខួរក្បាល។
ផលវិបាកនៃជំងឺលើសសម្ពាធឈាមចំពោះមនុស្សធំ និងកូនក្មេងមានដូចជា៖
• គាំងបេះដូង
• ដាច់សរសៃឈាមខួរក្បាល
• រីកប៉ោងសរសៃឈាមក្នុងខួរក្បាល
• ខ្សោយបេះដូង
• ខ្សោយតម្រងនោម
• បាត់បង់គំហើញ
• ពិបាកគិត ឬមានបញ្ហាក្នុងការចងចាំ
បើសិនជាអ្នកមានផ្ទៃពោះវិញ ផលវិបាកនៃជំងឺលើសសម្ពាធឈាមអាចមានដូចជា៖
• ត្រៀមក្រឡាភ្លើង
• ក្រឡាភ្លើង
• កូនកើតមិនគ្រប់ខែ
• កូនកើតមិនគ្រប់ទម្ងន់
• របើកសុក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com