ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​អារម្មណ៍​ថា ក្នុង​មាត់​មាន​រសជាតិ​ផ្អែមៗ តើ​មកពី​អ្វី​ទៅ​?
04, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ផ្អែម​គឺជា​ផ្នែក​មួយ​នៃ​ការ​ស្រង់​រសជាតិ​ទាំង​ប្រាំ​របស់​មាត់​ដែល​អណ្តាត​ជា​អ្នក​ផ្តល់ដំណឹង​ដល់​រឿងនេះ​។ រសជាតិ​ផ្សេងៗ​ទៀត​មានដូចជា ជូ ប្រៃ ល្វីង និង Umami (​រសជាតិ​ភ្លាវ​)​។ ជាធម្មតា អ្នកនឹង​គ្រាន់​តែមាន​រសជាតិ​ផ្អែម​មួយ​មុខ​ប៉ុណ្ណោះ​ក្រោយពី​ញ៉ាំ​របស់​អ្វីដែល​ផ្អែមៗ​ដូចជា ទឹកឃ្មុំ ផ្លែឈើ ឬ​ការ៉េម​ជាដើម​។​



​យ៉ាងណាមិញ មាន​ជំងឺ​មួយចំនួន​ដែល​អាច​បណ្តាល​ឲ្យ​មនុស្សម្នា​ក់មាន​អារម្មណ៍​ថា ក្នុង​មាត់​មាន​រសជាតិ​ផ្អែម​ទាំង​ខ្លួន​មិនបាន​ញ៉ាំ​អ្វី​ផែ្អម​សោះ​។ មូលហេតុ​ទាំងនោះ​អាចមាន​ដូចជា​៖
•    បញ្ហា​នៃ​ការរំលាយ​អាហារ​៖ ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
•    បញ្ហា​សរសៃប្រសាទ​៖ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​ប្រកាច់ ឬ​ឆ្គួ​ត​ជ្រូក​
•    មាន​វីរុស​បង្ក​រោគ​នៅលើ​តំបន់​ស្រង់ក្លិន​របស់​រាងកាយ ហេតុដូច្នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​អាចមាន​អារម្មណ៍​ផ្អែមៗ​ក្នុង​មាត់​ដែរ​
•    មានការ​បង្ក​រោគ​នៅក្នុង​ប្រហោង​ឆ្អឹង​ក្នុង​មុខ ច្រមុះ និង​បំពង់ករ​
•    ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ករ​
•    មាន​វត្តមាន​កោសិកា​ម​ហា​រីក​នៅក្នុង​សួត​
•    មាន​ផ្ទៃពោះ​។​

​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ក្នុង​មាត់​មាន​រសជាតិ​ផ្អែម​មិន​ញឹកញាប់​ទេនោះ កុំ​បារម្ភ​អី វា​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​នេះ​ជា​ទៀងទាត់ ឬ​កាន់តែខ្លាំង​ទៅៗ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។​

​នៅពេល​អ្នក​ជួប​គ្រូពេទ្យ គាត់​អាច​នឹងធ្វើ​ការពិនិត្យ​ទៅលើ​រាងកាយ និង​សួរ​អំពី​ប្រវត្តិ​ជំងឺ ប្រវត្តិ​គ្រួសារ ថា​តើ​មាន​អ្វី​ប៉ះពាល់​ដល់​ស្ថានភាព​អ្នក​ក្នុងពេល​បច្ចុប្បន្ន​ឬ​អត់​។​

​ក្រៅពីនេះ​គ្រូពេទ្យ​អាច​នឹង​ស្នើរ​សុំ​ធ្វើតេស្ត​បន្ថែមទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ថា បញ្ហា​ផ្អែម​ក្នុង​មាត់​នេះ​អាច​បណ្តាលមកពី​អ្វី​ពិតប្រាកដ​។ តេស្ត​ទាំងនោះ​អាចមាន​ដូចជា​៖
•    តេស្ត​ឈាម​ដើម្បី​ពិនិត្យ​ទៅលើ​កម្រិត​អ័រម៉ូន និង​ជាតិ​ស្ករ​ក្នុង​ឈាម វត្តមាន​ការបង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី​
•    ថត​ស្គេ​ន​ខួរក្បាល​ដើម្បី​ពិនិត្យ​ទៅលើ​សកម្មភាព​សរសៃប្រសាទ និង​ការខូចខាត​លើ​សរសៃប្រសាទ​
•    ថត CT ឬ MRI ដើម្បី​ពិនិត្យ​ទៅលើ​សួត និង​អាកា​រៈ​នៃ​ជំងឺមហារីក​នានា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com