បទវិភាគ
បុគ្គលិកខ្មែរខ្លះខ្លាចមេជាជនជាតិបរទេស ជាងមេជាជនជាតិខ្មែរគ្នាឯង…ហេតុអ្វី?
× ភ្នំពេញ៖ ទោះបីជនជាតិខ្មែរមានសមត្ថភាពស្មើ ឬពូកែជាងជនជាតិបរទេសក៏ដោយ ក៏ជនជាតិខ្មែរមួយចំនួននៅតែគិតថា ជនជាតិខ្មែរមិនសូវពូកែដូចជនជាតិបរទេសឡើយ។ តើការយល់ឃើញនេះត្រឹមត្រូវឬទេ? តើមូលហេតុអ្វីបានជាខ្មែរគិតយ៉ាងដូច្នេះ?
ជាការពិត ពលរដ្ឋខ្មែរមួយចំនួន(មិនតិចប៉ុន្មានឡើយ)យល់ឃើញថា ជនជាតិបរទេសពូកែជាងជនជាតិខ្មែរ បើទោះបីជាចំណេះដឹងជនជាតិខ្មែរ និងបរទេសបរទេសនោះស្មើគ្នាក៏ដោយ។ ប្រសិនបើពួកគេធ្វើការជាមួយគ្នាវិញ បុគ្គលិកខ្មែរតូចតាចពិតជាគោរពជនជាតិបរទេសជាងគោរពអ្នកជំនាញខ្មែរនោះហើយ។ ហេតុអ្វី?
នេះ គឺជារឿងប្រវត្តិសាស្ត្រមួយផ្នែក និងជារឿងទម្លាប់មួយផ្នែក។ រឿងប្រវត្តិសាស្ត្រ ព្រោះខ្មែរធ្លាប់រស់នៅក្រោមអាណានិគមបរទេស ជាពិសេស បារាំងជិត១សតវត្សរ៍។ បន្តបន្ទាប់មក ខ្មែរស្ថិតនៅក្រោមឥទ្ធិពលមនោគមន៍វិជ្ជា និងសេដ្ឋកិច្ចនៃប្រទេសជឿនលឿន(លោកខាងលិច)ជាច្រើនទសវត្សរ៍ដែរ។ ឥទ្ធិពលអំណាចនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នេះ បានធ្វើឲ្យខ្មែរមួយចំនួនធំគិតថា បរទេសល្អជាងខ្មែរ បរទេសពូកែជាងខ្មែរ។
រឿងមួយទៀតដែលមិនមែនជារឿងមនោគមន៍វិជ្ជាអ្វីឡើយ តែវាជារឿងទម្លាប់សុទ្ធសាធនោះ គឺថា ខ្មែរមិនសូវឲ្យតម្លៃគ្នាឯង និងចូលចិត្តគោរពជនជាតិបរទេស។ នេះ គឺជារឿងចរិត និងទម្លាប់ខ្មែរសុទ្ធសាធ។ នៅក្នុងក្រុមហ៊ុនមួយ ប្រសិនបើមេដឹកនាំជាជនជាតិខ្មែរ កូនចៅដែលជាជនជាតិខ្មែរដូចគ្នា មិនសូវគោរព និងឲ្យតម្លៃមេខ្មែរគ្នាឯងទេ។ តែបើមេដឹកនាំជាជនបរទេសវិញ កូនចៅជាជនជាតិខ្មែរត្រង់ជើងតែម្តង។ ខ្លាចគេ គោរពគេ កោតសរសើរគេមិនដាច់ពីមាត់។ តើហេតុអ្វីបានជាកូនចៅ និងមេនិយាយភាសាដូចគ្នាមិនឲ្យតម្លៃគ្នា ហើយបែរជាទៅឲ្យតម្លៃបរទេសទៅវិញ?
នេះ គឺជាសំណួរដែលមនុស្សភាគច្រើនចេះតែចោទសួរ រីឯចម្លើយពិតប្រាកដវិញ គេពិបាករកឲ្យឃើញណាស់។ អ្នកខ្លះឆ្លើយយ៉ាងខ្លីថា៖«ខ្មែរចូលចិត្តឲ្យបរទេសត្រួត»។ អ្នកខ្លះទៀតថា៖«ខ្មែរចូលចិត្តរូបភាពបរទេស និងខ្លាចឥទ្ធិពលបរទេស»។ តើខ្មែរនៅតែចង់ឲ្យបរទេសដឹកមុខទៀតឬ? តើខ្មែរគួរតែអាចងើបឈរឲ្យស្មើរមុខស្មើរមាត់ជាមួយបរទេសបានឬទេ? ចម្លើយ គឺថា «បាន»។ ធ្វើ«បាន»លុះត្រាណាតែខ្មែរទាំងអស់ចាប់ផ្តើមគិតថា ខ្មែរគ្នាឯងក៏ពូកែដែរ មិនមែនមានតែបរទេសទេ ដែលពូកែនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com