បទវិភាគ
មិត្តអ្នកអានពីរំដួល៖ អ្នកបន្តវេននៅកម្ពុជាអាចប្រឈមបញ្ហាសុខភាពខ្លាំង?
× ខ្ញុំជាប្រជាជនរំដួលម្នាក់ហើយក៏ជាអ្នកតាមដានសារព័ត៌មានថ្មីៗ ដែលតែងតែនិយាយពីចំនុចអវិជ្ជមានពីសង្គមខ្ញុំដែរ។ ខ្ញុំទទួលស្គាល់ថា បញ្ហាភាគច្រើនដែលសារព័ត៌មានថ្មីៗបានលើកឡើង គឺជាការណ៍ពិត។ នៅពេលនេះ ខ្ញុំក៏សូមចែករម្លែកបញ្ហាដ៏សំខាន់មួយទៀតដែលសង្គមរបស់ខ្ញុំបាន និងកំពុងជួបប្រទះ។ ខ្ញុំមិនចង់ឃើញ កម្ពុជាជួបបញ្ហាដូចគ្នានោះទេ។ នោះគឺ បញ្ហាសុខភាពរបស់«អ្នកបន្តវេន»ដែលបង្កឡើងដោយចំណីអាហារដែលមានសារធាតុគីមី។ វាជាបញ្ហាសុខភាពសាធារណៈ។
ខ្ញុំស្គាល់ប្រទេសកម្ពុជា។ ខ្ញុំជាអ្នកស្រឡាញ់ប្រទេសកម្ពុជាជាពន់ពេក ហើយខ្ញុំក៏តែងតាមដានវឌ្ឍនភាពនៃប្រទេសនេះដែរ។ ខ្ញុំស្ញប់ស្ញែងការពុះពារប្រឹងប្រែងរបស់ប្រជាជាតិមួយនេះក្នុងការកសាង និងអភិវឌ្ឍប្រទេសរបស់ពួកគេ ក្រោយពីសង្គ្រាមស៊ីវិលបានចប់ទាំងស្រុងនៅក្នុងឆ្នាំ១៩៩៨។ ជាមួយនឹងធនធានមនុស្សដែលនៅសេសសល់ពីសង្គ្រាម និងក្នុងស្ថានភាពជាប្រទេសក្រីក្រមួយកាលពី២០ ឬ៣០ឆ្នាំមុន រដ្ឋាភិបាលបានព្យាយាមបន្តិចម្តងៗ បើកចំហទ្វារ ផ្តល់ឱកាសដល់ពលរដ្ឋរបស់ខ្លួន។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យុវជនខ្មែរច្រើនឡើងៗបានត្រឡប់ពីការសិក្សានៅប្រទេសអភិវឌ្ឍនានា មកចូលរួមកសាងមាតុភូមិរបស់ពួកគេ តាមរយៈរដ្ឋ និងឯកជន។ ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំក៏ឃើញ កុមារ និងយុវជនកម្ពុជាដ៏មានសមត្ថភាពកំពុងតែលេចត្រដែតឡើងកាន់តែច្រើនដែរ ហើយខ្ញុំមានសុទិដ្ឋិនិយមច្រើនចំពោះអនាគតនៃប្រទេសដែលស្ថិតនៅចំកណ្តាលនៃសហគមអាស៊ានមួយនេះ។
ចាប់ពីពេលនេះរហូតដល់៣០ឆ្នាំ ឬ៥០ឆ្នាំទៅមុខទៀត ប្រទេសនេះនៅតែត្រូវការធនធានមនុស្សដែលមានសុខភាពរឹងប៉ឹង និងមាំទាំ ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែជឿនលឿន។ ប៉ុន្តែ កម្ពុជាដែលមានឈ្មោះថាជាប្រទេសកសិកម្ម និងសម្បូរត្រីនោះ មិនអាចផ្គត់ផ្គង់បន្លែត្រីសាច់គ្រប់គ្រាន់ឲ្យពលរដ្ឋក្នុងប្រទេសដែលបានកើតកាន់តែច្រើនបានឡើយ។ ការនាំចូលបន្លែត្រីសាច់ដែលមានសារធាតុគីមីពីប្រទេសជិតខាង អាហារខូចគុណភាព និងទំនិញក្លែងក្លាយជាច្រើន ត្រូវបានពលរដ្ឋនៃប្រទេសនេះដឹងឮជាទូទៅ។ មិនមែនមានតែទំនិញនាំចូលនោះទេ កសិករខ្មែរខ្លួនឯងក៏បានប្រើប្រាស់សារធាតុគីមីលើសលប់ដើម្បីពួកគេអាចផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណូលចិញ្ចឹមគ្រួសារផង។ នេះយើងមិនទាន់រាប់បញ្ចូល ចំនីអាហារខូចគុណភាព និងទំនិញក្លែងក្លាយដែលសមត្ថកិច្ចរកឃើញម្តងៗក្នុងទ្រង់ទ្រាយធំផង។ ទំនិញក្លែងក្លាយទាំងនោះ មានទាំងទំនិញនាំចូល និងមានទាំងការលួចផលិតនៅក្នុងស្រុក។
តាមរយៈសារព័ត៌មាន និងការនិយាយប្រាប់ពីមិត្តភក្តិជាជនជាតិខ្មែរ ខ្ញុំបានដឹងថា ជាង១០ឆ្នាំចុងក្រោយនេះ បញ្ញវន្តរបស់កម្ពុជាបាន និងកំពុងបរិភោគអាហារដែលគ្មានសុវត្ថិភាព។ កូនចៅជំនាន់ក្រោយដ៏ឈ្លាសវៃដែលកំពុងចម្រើនវ័យ ក៏កំពុងបរិភោគតិច ឬច្រើនអាហារដែលគ្មានសុវត្ថិភាព។ បន្លែដែលបំពោកដោយសារធាតុគីមីលើលលប់នឹងបញ្ចេញឥទ្ធិពលរបស់វានៅឆ្នាំខាងមុខៗ។
កាលពីឆ្នាំ២០១១ អ្នកកាសែតជនជាតិស្វីសម្នាក់បានមកសរសេរព័ត៌មានស៊ើបអង្កេតពីសុវត្ថិភាពអាហារនៅកម្ពុជាដោយដាក់ចំណងជើងថា «ហ្វ័រម៉ុល បូរ៉ាក់ និងថ្នាំសម្លាប់សត្វល្អិត នៅលើចានម្ហូបរបស់ពលរដ្ឋកម្ពុជា»។ ចំណងជើងនេះ មិនមានន័យឆ្ងាយពី «ពលរដ្ឋកម្ពុជាកំពុងបរិភោគថ្នាំពុល»នោះឡើយ។ ចំណងអត្ថបទនេះធ្ងន់ធ្ងរបន្តិចមែន តែវាក៏ប្រហែលជាមិនខុសទាំងស្រុងដែរ។
បញ្ហាសុខភាពសាធារណៈ បានកើតឡើង១០ឆ្នាំមកហើយ។ តើ១០ឆ្នាំនេះ យុវជន និងពលរដ្ឋសកម្មដែលជាអ្នកបំពេញការងារកសាងសេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុន្មាននាក់បានបរិភោគអាហារដែលគ្មានសុវត្ថិភាពទាំងនេះ? តើក្នុងពេល១០ឆ្នាំខាងមុខ ពួកគេនៅតែមានសុខភាពរឹងមាំល្អ ដើម្បីបំពេញការងារផង និងចែករម្លែកចំណេះដឹងមកមនុស្សជំនាន់ក្រោយផងនោះ? កុមារា កុមារី និងយុវជនខ្មែរបច្ចុប្បន្ននេះ ដែលពូកែៗ តើពួកគេនឹងមានជំងឺក្រពះ ពោះវៀន ថ្លើម មហារីកនានា ក្នុងពេល១០ឆ្នាំ ឬ២០ឆ្នាំខាងមុខដែរឬទេ បើពួកគេនៅបន្តបរិភោគអាហារដែលគ្មានសុវត្ថិភាពដូចសព្វថ្ងៃនេះ? តើ១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំខាងមុខ វានឹងអាចមានវិបត្តិធនធានមនុស្សនៅកម្ពុជាដែរឬទេ? បានន័យថា អ្នកបង្រៀន និងអ្នកចែករម្លែកក៏ឈឺ ហើយអ្នកទទួល ឬអ្នកបន្តវេន ក៏ឈឺ។
គ្មានអ្វីដែលពិបាកធ្វើ ឬធ្វើមិនបាន ជាងអ្វីដែលបានដឹងហើយមិនធ្វើនោះឡើយ។ ហើយនេះជាបញ្ហាសុខភាពសាធារណៈ ដែលអាជ្ញាធរនៃប្រទេសនីមួយៗត្រូវបានប្រយ័ត្នបំផុត។ ពីព្រោះការថ្លោះធ្លោយតែមួយដង ផ្តល់ផលប៉ះពាល់ធំធេង និងអស់តម្លៃច្រើនណាស់សម្រាប់ប្រទេសមួយ ជាពិសេសជីវិតមនុស្ស។
ខ្ញុំបានដឹងតាមរយៈសារព័ត៌មានមកថា ពេលខ្លះសម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានោះ តែងបានស្តីបន្ទោស មន្ត្រី និងសមាជិករាជរដ្ឋាភិបាលរបស់លោកថា ពួកគេមិនព្រមធ្វើការ និងដោះស្រាយបញ្ហានានា ហើយចាំតែសម្តេចស្រែកបញ្ជា ទើបពួក«ដុតដៃដុតជើង»។ រឿងដូច្នេះមិនគួរកើតមានឡើងញឹកញាប់ពេកទេ។ មន្ត្រីដែលបានប្រាក់បៀវត្សរ៍ពីប្រជាជន បើមិនតបស្នងប្រជាជនវិញ តើគេត្រូវសងទៅអ្នកណា?
ខ្ញុំសង្ឃឹមថា សារព័ត៌មានថ្មីៗនឹងមើលឃើញឆន្ទៈល្អរបស់ខ្ញុំ ហើយផ្សព្វផ្សាយលិខិតមិត្តអ្នកអានរបស់ខ្ញុំដោយអនុគ្រោះ៕
ពីពលរដ្ឋរំដួលដែលស្រឡាញ់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com