ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មូលហេតុ​នេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត មាន​សុខភាព​កាន់តែ​ល្អ​
08, Sep 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​សុភមង្គល​គឺជា​ពាក្យ​ដ៏​ទូលំទូលាយ​មួយ​ដែល​និយាយ​រៀបរាប់​អំពី​បទពិសោធន៍​នៃ​អារម្មណ៍​វិជ្ជមាន​ដូចជា ភាព​រីករាយ និង​សប្បាយចិត្ត​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការដែល​សប្បាយចិត្ត​កា​ន់​តែ​ច្រើន មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់​តេ​ល្អ​ទេ តែ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ថែមទៀត​។​



​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខ​ភាពល្អ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​សុខភាព​ទូទៅ​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ការដែល​សប្បាយ​ចិត្តកា​ន់​តែ​ខ្លាំង ទំនងជា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​ដែរ​។ វា​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ និង​ការបង្ក​រោគ​ក្នុង​ទ្រូង​។​

​តាម​ការសិក្សា​មួយ​ដែល​ធ្វើ​លើ​មនុ​ស្សមាន​សុខ​ភាពល្អ​ប្រមាណ ៣០០​នាក់ ដើម្បី​រកមើល​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ​ក្រោយពី​ពួកគេ​ត្រូវបាន​បន្តក់​មេរោគ​ផ្តាសាយ​ចូល​តាម​ច្រមុះ​រួច​។ ក្នុង​នោះគេ​រកឃើញថា មាន​អ្នក​កើត​ជំងឺ​ផ្តាសាយ​តិច​បំផុត​លើ​អ្នក​ដែលមាន​ភាព​រីករាយ​ក្នុង​ជីវិត​កាន់តែខ្លាំង​។​

​សម្រាប់​ការសិក្សា​មួយ​ផ្សេងទៀត អ្នកស្រាវជ្រាវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​សិស្ស​សាកលវិទ្យាល័យ ៨១​នាក់​។ សម្រាប់​សិស្ស​ដែល​សប្បាយ​ចិត្តច្រើន​ទំនងជា​មានការ​ឆ្លើយតប​នឹង​អង់ទីគ័រ​បាន​ខ្ពស់​ជាងគេ​។​

​យ៉ាងណាមិញ ឥទ្ធិពល​នៃ​ភាព​មាន​សុភមង្គល​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​គឺ​មិនទាន់មាន​ការយល់ដឹង​ពេញលេញ​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​ដឹងថា វា​ប្រហែល​ដោយសារតែ ឥទ្ធិពល​នៃ​ភាព​មាន​សុភមង្គល​លើ​សកម្មភាព​របស់​តំបន់ Hypothalamic-pituitary-adrenal Axis ដែល​អាចធ្វើ​ឲ្យ​សម្របសម្រួល​ដល់​ប្រព័ន្ធ​ភាពស៊ាំ អ័រម៉ូន ការរំលាយ​អាហារ និង​កម្រិត​នៃ​ភាព​ស្ត្រេ​សបាន​។​

​លើសពីនេះទៅទៀត អ្នក​ដែល​សប្បាយ​ចិត្តច្រើន​ទំនងជា​ចូលចិត្ត​ធ្វើ​សកម្មភាព​ដែល​ជម្រុញ​ដល់​សុខ​ភាពល្អ ដែល​រឿង​នេះហើយ​ជា​អ្នក​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​។ សកម្មភាព​ទាំងនោះ​មានដូចជា ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ធ្វើ​សកម្មភាព​រាងកាយ​បាន​ទៀងទាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com