បទវិភាគ
និស្សិត​រើស​ជំនាញ​ខុស នៅតែ​ជា​បញ្ហា​ត​ជំនាន់​នៅ​កម្ពុជា​
23, Sep 2017 , 11:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ក្រោយពី​សិស្ស​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រួច សិស្ស​ដែលមាន​លទ្ធភាព​ទៅ​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​មួយចំនួនធំ បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការជ្រើសរើស​ជំនាញ​របស់ខ្លួន ក្រោយពី​ពួកគេ​រៀន​បាន ១ ឬ​២​ឆ្នាំ ឬ​ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។ ក្រោយពី​រៀន​បាន​១ ឬ​២​ឆ្នាំ​ហើយ និស្សិត​ខ្លះ​បានសម្រេច​ចិត្ត​ប្តូរ​ជំនាញ ទៅ​រៀន​ជំនាញ​មួយ​ផ្សេងទៀត​។ រីឯ​និស្សិត​ខ្លះទៀត​ក៏​បង្ខំចិត្ត​ទៅធ្វើ​ការ​ទាំង​ខុស​ជំនាញ ឬ​ការងារ​ដែល​ពួកគេ​មិន​ចូលចិត្ត​ធ្វើ​។ តើ​បញ្ហា​ទាំងនេះ​បណ្តាលមកពី​មូលហេតុ​អ្វីខ្លះ​?



​ដោយ​មិន​និយាយ​ពី​ជ្រុង​នៃ​គុណភាព​អប់រំ​នៅ​ថ្នាក់​ចំណេះដឹង​ទូទៅ និង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ការជ្រើសរើស​ជំនាញ​នៅតែ​ជា​បញ្ហា​សម្រាប់​អ្នក​ចាប់ផ្តើម​ជីវិត​មហាវិទ្យាល័យ ដែល​ត្រូវ​ជ្រើសរើស​ជំនាញ​ប្រចាំជីវិត​។ ពួកគេ​មួយចំនួន​នៅតែ​ពិបាក​ស្វែងរក​ព័ត៌មាន​អំពី​ទីផ្សារការងារ អ្នកខ្លះ​ទៀត​ក៏​មិនដឹង​ច្បាស់​ថា ខ្លួន​ចង់​ក្លាយជា​អ្វី​នៅ​ថ្ងៃ​អនាគត​។ បញ្ហា​ធំ​មួយ​នេះ បាន​បន្តធ្វើ​ឲ្យ​និស្សិត​ខាត​ពេលវេលា និង​ថវិកា​យ៉ាងច្រើន​។ និស្សិត​ខ្លះទៀត​បង្ខំចិត្ត​រៀន​ឲ្យ​តែ​ចប់ ហើយ​ត្រូវ​បង្ខំចិត្ត​ទៅធ្វើ​ការ​តាម​មុខជំនាញ​នោះ ទាំង​ខ្លួន​មិន​ពេញចិត្ត​ទៀត​។​

​មាន​និស្សិត​មួយក្រុម​ទៀត បន្ទាប់ពី​ពួកគេ​ទ្រាំ​រៀន​ចប់​ជំនាញ​តាម​ចំណង់​ចំណូលចិត្ត​របស់​ឪពុកម្តាយ​ពួកគេ​ហើយ ទើប​ព្យាយាម​ស្វែងរក ការសិក្សា ឬ​ស្វែងរក​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ឡើងវិញ​។ នៅមាន​និស្សិត​មួយក្រុម​ទៀត​ដែល​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ហើយ តែ​ពួកគេ​នៅតែ​រក​ការងារ​មិនបាន​ធ្វើ​ដដែល​។ នោះ​គឺ​ដោយសារតែ​ជំនាញ​ដែល​ពួកគេ​រៀន ពុំ​សូវ​មាន​តម្រូវការ​ទីផ្សារការងារ​។​

​ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​គ្រឹះស្ថាន​ឯកជន ដែល​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យ​វុ​ជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បានរៀបចំ​សិក្ខាសាលា​តម្រង់ទិស​ជ្រើសរើស​ជំនាញ​សិក្សា​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ សម្រាប់​សិស្សានុសិស្ស​ដែល​ទើបនឹង​ប្រឡង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ក៏ពិតមែន ប៉ុន្តែ នៅតែ​មិនអាច​ដោះស្រាយ​មួយ​នេះ​បាន​ប្រសើរ​ឡើយ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ត​ជំនាន់​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបង្កើត​កម្មវិធីសិក្សា​ស្តីពី​ការកំណត់​គោលដៅ​ជីវិត និង​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​រប​ស់រ​ដ្ឋ និង​ត្រូវមាន​គ្រូ​បណ្តុះបណ្តាល​ដែលមាន​សមត្ថភាព​ពិតប្រាកដ បង្រៀន​ដល់​សិស្សានុសិស្ស​យ៉ាងហោចណាស់​ចាប់ពី​ថ្នាក់​ទី​៩ ដល់ទី​១២ ដើម្បី​ជា​ទុន​ឱ្យ​ពួកគេ​ធ្វើ​សេចក្តីសម្រេចចិត្ត​មួយ​បាន​ត្រឹមត្រូវ មុននឹង​ផ្តើម​ជីវិត​ជា​និស្សិត​នៅ​មហាវិទ្យាល័យ​។ ចំណែកឯ និស្សិត​ខ្លួនឯង​ត្រូវតែ​ស្វែងយល់​ពី​ខ្លួនឯង​បន្ថែម​ឲ្យ​បាន​កាន់តែច្បាស់ ពោលគឺ​ត្រូវ​ដឹងថា​ខ្លួនឯង​មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​អ្វីខ្លះ​? ចូលចិត្ត​ធ្វើការ​ងារ​អ្វី​? និង​មាន​ទេពកោសល្យ​អ្វីខ្លះ​នៅក្នុង​ខ្លួន​? ហើយ​ចង់​ក្លាយជា​មនុស្ស​បែបណា​ទៅ​ថ្ងៃ​អនាគត​? ត្រង់ចំណុច គឺជា​គ្រឹះ​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​និស្សិត​ជ្រើសរើស​មុខជំនាញ​ត្រូវ​នឹង​គោលដៅ​ដែល​ពួកគេ​ចង់បាន​ពិតប្រាកដ​។​

​ចំពោះ​តម្រូវការ​ទីផ្សារការងារ​វិញ ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្តីពី​តម្រូវការ​ទីផ្សារការងារ​នៅក្នុង​ស្រុក ដើម្បី​ឲ្យ​សិស្ស​និស្សិត​រៀន​ត្រូវ​នឹង​តម្រូវការ​ទីផ្សារការងារ​។ សម្រាប់​និស្សិត​ខ្លួនឯង​វិញ ត្រូវតែ​សួរ​នៅតាម​សកល​វិទ្យាល័យ​នីមួយៗ​លើ​មុខជំនាញ​ដែល​ខ្លួន​ចង់​រៀន​នោះ​ថា តើ​ជំនាញ​នោះ​ត្រូវការ​លក្ខខណ្ឌ​អ្វីខ្លះ​? រៀន​ពីមុខ​វិជ្ជា​អ្វីខ្លះ​? មាន​តម្រូវការ​ទីផ្សារការងារ​តិច ឬ​ច្រើន​។ ល​។​

​និស្សិត​ខ្លួនឯង​ដដែល មិនត្រូវ​ងាករេ​តាម​មិត្តភក្តិ​, តាម​បងប្អូន​, តាម​គ្រួសារ ឬ​តាម​អារម្មណ៍​ស្រមើស្រមៃ​របស់ខ្លួន ដើម្បី​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​ទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នោះទេ​។ និស្សិត​ខ្លួនឯង​ត្រូវតែ​ជ្រើសរើស​ជំនាញ​មួយ ដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត និង​គោលដៅ​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្លួនឯង​ចង់បាន ហើយ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ផងដែរ ទើប​អាច​ដោះស្រាយ​បញ្ហា​ត​ជំនាន់​នេះ​បាន​យ៉ាងពិត​ប្រាកដ​៕


© រក្សាសិទ្ធិដោយ thmeythmey.com