ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការតមអាហារពេលព្រឹកជាប្រចាំអាចធ្វើឲ្យសរសៃឈាមរឹងបាន
× អ្នកស្រាវជ្រាវជាច្រើនមកពីប្រទេសអេស្ពាញបានរកឃើញថា អ្នកដែលតម ឬមិនបានញ៉ាំអាហារពេលព្រឹកជាទៀងទាត់ទំនងជាងាយមានជំងឺក្រិនរឹងសរសៃឈាមខ្លាំងណាស់។ ជំងឺក្រិនរឹងសរសៃឈាមច្រើនតែមិនបង្កជារោគសញ្ញាគួរឲ្យចាប់អារម្មណ៍នាពេលដំបូងៗនោះទេ ប៉ុន្តែវាអាចនឹងនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបើសិនជាករណីធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើទម្លាប់នៃការញ៉ាំអាហារពេលព្រឹក និងសុខភាពសរសៃឈាមអាក់ទែលើអ្នកធ្វើការក្នុងធានាគារដែលមានវ័យកណ្តាលចំនួនជាង ៤០០០នាក់ ដែលពួកគេមិនបានដឹងខ្លួនថាមានជំងឺបេះដូងនោះទេ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមិនបានញ៉ាំអាហារពេលព្រឹកទំនងជាងាយកើតជាកំណកក្នុងសរសៃឈាមច្រើនជាងអ្នកដែលញ៉ាំអាហារពេលព្រឹកយ៉ាងហោចណាស់ ៥០០កាឡូរីឡើងទៅក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ការសិក្សានេះមិនអាចនិយាយបានថា ការតមអាហារពេលព្រឹកប៉ះពាល់ដល់សុខភាពសរសៃឈាមអាក់ទែដោយផ្ទាល់នោះទេ ប៉ុន្តែវាហាក់បីដូចជាទម្លាប់មួយដែលនាំឲ្យមានសុខភាពមិនល្អ ដែលជំរុញដល់មនុស្សទៅជាមានទម្លាប់ជក់បារី ឬមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់កាន់តែខ្ពស់ទៅវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com