បទវិភាគ
ទស្សនៈលើពាក្យ «រកក្រៅបាន» របស់យុវជនខ្មែរមួយចំនួន ជាការផ្តោតលើអំពើពុករលួយដោយភ្លេចខ្លួន?
× មិនយូរប៉ុន្មានទេ ប្រសិនបើគេក្រឡេកមើលទៅក្រោយ ត្រឹមទសវត្សរ៍៥០ និង៦០ គេអាច សង្កេតឃើញថា យុវជនមួយចំនួនតូច បានប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះមកអភិវឌ្ឍខ្លួន និង សង្គមជាតិ ដោយស្មោះត្រង់ និងគុណធម៌។ ប៉ុន្តែ ចាប់ពីចន្លោះទសវត្សរ៍៧០ រហូតដល់បច្ចុប្បន្ន លើកលែងតែរបបខ្មែរក្រហម ដែលគេមិនចាយលុយ គេអាចសង្កេតឃើញថា ទឹកចិត្ត ឬសន្តានចិត្តរបស់យុវជន និស្សិត ឬបញ្ញាវ័ន្តខ្មែរ ផ្តោតអំពើពុករលួយដោយមិនដឹងខ្លួន។
បញ្ហាទាំងនេះ គេអាចសង្កេតឃើញដោយងាយ តាមរយៈកាយវិការ ឥរិយាបថ ឬសម្តីសំដៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ឬក្រុមយុវជន សិស្ស និស្សិត បញ្ញាវ័នផងដែរ ដូចជា នៅពេលពួកគេធ្វើដំណើរ ទៅកាន់ស្រុកកំណើត ឬទៅទីណាជួបគ្នាម្តងៗ ក្រៅពីការសួរសុខទុក្ខ ពីសាច់ញាតិ បងប្អូន មិត្តភក្តិ ឬឪពុកម្តាយ ពួកគេ ក៏ទទួលបាននូវសំណួរដ៏គួរចងចាំដំបូងគេ និងអស់សំណើចដដែលៗថា ម៉េចដែរ តើការងារនោះស្រួលទេ? ពិបាកឬស្រណុក? ទទួលបានប្រាក់ខែប៉ុន្មាន? និងថា តើអាចរកក្រៅបានទេ?។
ពាក្យថារកក្រៅបាន មានន័យថា ប្រាក់កំរៃ ដែលរកបានបន្ថែម ក្រៅពីប្រាក់ខែ។ ការរកក្រៅបាន បើចំពោះ បុគ្គលិកក្រុមហ៊ុនសន្តិសុខ នារីធ្វើការនៅតាមក្លឹបកម្សាន្តសប្បាយ ភោជនីយដ្ឋាន ខារាអូខេ ឬមគ្គទេសក៍ ទេសចរណ៍មួយភាគធំ អាចជាការសមស្រប ព្រោះប្រាក់កំរៃភាគច្រើនបានមកពីការផ្តល់ឲ្យ ដោយត្រឹមត្រូវពីភ្ញៀវ។ ប៉ុន្តែ ចំពោះបុគ្គលិកអង្គការ ឬមន្ត្រីរាជការ គេពិបាកនឹងញែកឲ្យដាច់រវាង ពាក្យ់រកក្រៅបាននេះដែរ។
សំណួរ ដែលនាំទៅរកការប្រព្រឹត្តអំពើអវិជ្ជមាននេះ តែងតែកើតឡើងលើរូបយុវជនខ្មែរ មិនថា និស្សិត ច្បាប់ ពេទ្យ កសិកម្ម សេដ្ឋកិច្ច ឬអាយធីនោះឡើយ។ ក្រៅពីនេះ គេក៏នៅឮ ការពិភាក្សា ដ៏សកម្ម និងពេញនិយមរបស់យុវជន ពីបញ្ហានេះ នៅតាមបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ ឬទីសាធារណៈ ផ្សេងៗទៀតដោយចំហរផងដែរ ដូចជាថា ម៉េចដែរ ធ្វើការងារអី?នៅឯណា? មានតួនាទីជាអ្វីដែរ? កន្លែងនោះរកក្រៅបានទេ? ហើយប្រាក់ខែប៉ុន្មាន? ហើយប្រសិនបើ ម្ចាស់ចម្លើយឆ្លើយថា ប្រាក់ខែតិច តួនា ទីតូច ម្ចាស់សំណួរ ប្រាកដជានឹងបន្តប្រយោគសំណួររបស់គេបែបលេងសើចទៀតថា តួនាទីតូច ប្រាក់ខែតិច មិនសំខាន់ សំខាន់ឲ្យតែរកក្រៅបាន។
ពាក្យថា រកក្រៅបាននេះ សម្រាប់មន្ត្រីរាជការ ឬមន្ត្រីសង្គមស៊ីវិលមួយចំនួន គឺមានន័យគ្រប់គ្រាន់ថា គឺជាការប្រព្រឹត្តអំពើពុករលួយ ឬកិបកេងថវិការស្ថាប័នជាតិ ឬអង្គភាពដែលខ្លួនធ្វើការ។ អំពើពុករលួយ មិនចាំបាច់ដល់ការកិបកេងថវិកា ឬទ្រព្យសម្បត្តិជាតិ ច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីការកេងបន្លំម៉ោងធ្វើការរបស់រដ្ឋ ក៏គេអាចចាត់ចូលជាបទ ឬអំពើពុករលួយ ដោយប្រយោលដែរ។
កិច្ចពិភាក្សា មិនចេះដាច់ ស្ទើរតែគ្រប់ទីកន្លែង គ្រប់ពេលវេលានេះ ពួកគេភ្លេចខ្លួនថា ពួកគេ គឺជាមេរោគ ជាអ្នកបង្កើតជំងឺ នៃអំពើពុករលួយនៅក្នុងសង្គម ប៉ុន្តែ ពួកគេតែងតែប្រើទ្រឹស្តី យ៉ាងប៉ិនប្រសប់ថា ស្អប់អំពើពុករលួយ ស្អប់អំពើកិបកេងនានា ជាពិសេសស្អប់ជនប្រព្រឹត្តអំពើពុករលួយ។ ពួកគេភ្លេចថា ពួកគេ គឺជាសរសរទ្រូង នៃភាពរឹងមាំរបស់ប្រទេសជាតិ។
មានសំណួរបានសួរឡើងថា ប្រសិនបើពួកគេ នៅតែប្រកាន់ឥរិយាបថបែបនេះ តើភក្តីភាពរបស់ពួកគេ អាចជួយសង្គមបានទេ? ហើយតើពួកគេ គួរកាត់បន្ថយ ឬលុបចោលនូវការយល់ឃើញបែបភ័ន្តច្រឡំនេះបានទេ? ប្រសិនបើបាន តើពួកគេ គួរចាប់ផ្តើមពីពេលណា ហើយអ្នកណាទៅមុន?
© រក្សាសិទ្ធិដោយ thmeythmey.com