កីឡាជាតិ
ជាតិ
បទវិភាគ
គួច សុគ​ម្ភៈ ច្រឹង ពលរដ្ឋ និង​ស៊ិន កក្កដា ស្ថិតក្នុង​បញ្ជី​២៥​នាក់​របស់លោក​ប្រាក់ សុវណ្ណារ៉ា​
31, Oct 2017 , 1:07 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា និងកីឡាករ គួច សុគម្ភៈ ក្នុងឈុត Cambodia All Star
លោក ប្រាក់ សុវណ្ណារ៉ា និងកីឡាករ គួច សុគម្ភៈ ក្នុងឈុត Cambodia All Star
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា នេះ បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មន្ត្រី និង​កីឡាករ​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ ។ សម្រាប់​ឱកាស​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជា​លើក​ទី​បី លោក ប្រាក់ សុវណ្ណារ៉ា មាន​បញ្ជី​ឈ្មោះ​កីឡាករ​២៥​រូប ដោយ​លោក​ធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​ប្រមាណ​១០​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ជម្រើស​ចុងក្រោយ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino នា​ជំនួប​កន្លងមក​ជាមួយ​វៀតណាម​។​

 
គួច សុគ​ម្ភៈ ត្រូវបាន​កោះហៅ​ឲ្យ​ចូលក្នុង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​កីឡាករ​នៃ​ក្លិប​ណាហ្គា​វើ​លវ័យ​៣០ រូបនេះ ធ្លាប់​ញាំញី​ដោយសារ​របួស ហើយ​តែងតែ​ស្ថិតនៅ​ក្រៅបញ្ជី​របស់​អតីត​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino​។ ជាមួយនឹង​វត្តមាន​របស់ សុគ​ម្ភៈ លោក ប្រាក់ សុវណ្ណារ៉ា ក៏បាន​ធ្វើការ​កោះហៅ​កីឡាករ​ជើង​ចាស់មួយចំនួនទៀត​ផងដែរ ក្នុងនោះ​មាន អ៊ុក សុធី នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន សុខ សុវណ្ណ នៃ​ក្លិប​បឹងកេត រ៉ឹង ប៊ុន​ហៀ​ង នៃ​ក្លិប​ក្រសួងការពារជាតិ រួមទាំង​ប្រាក់ មុនី​ឧ​ត្ត​ម នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ផងដែរ​។ ច្រឹង ពលរដ្ឋ ដែល​ត្រូវបាន​លោក Leonardo ដកចេញ​តាំងពី​ឈុត​ស៊ី​ហ្គេម ក៏មាន​ឱកាស​បង្ហាញខ្លួន​ឡើងវិញ​ផងដែរ​។​
​វត្តមាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​បញ្ជី​របស់លោក ប្រាក់ សុវណ្ណារ៉ា នោះ គឺ​ខ្សែបម្រើ​វ័យក្មេង​ក្លិប​ភ្នំពេញ​ក្រោ​ន ស៊ិន កក្កដា ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ​ដ៏​អស្ចារ្យ ៣-២ របស់​ក្រុម U19 កម្ពុជា លើ​មី​យ៉ាន់​ម៉ា នា​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ សមាសភាព​របស់ សារ៉េត គ្រី​យ៉ា នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង តាំង សុ​ភ័​ក្ត នៃ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​
 
​កីឡាករ​មួយចំនួន​ដែល​បាន​រក្សា​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​ជម្រើសជាតិ​រួមមាន អ្នកចាំទី ស៊ូ យ៉ា​ទី​, រស់ សំអឿន​, សឿ​យ វិសាល​, កែវ សុខ​ផេង​, ចាន់ វឌ្ឍនាកា​, អ៊ិន សូ​ដា​វីដ​, ឈិន ឈឿន​, នេន សុធា​រដ្ឋ​, នុប តុលា​, សុះ ស៊ូ​ហា​ណា​, ទិ​ត្យ ឌី​ណា​, កែវ សុខ​សិលា និង​អ៊ុំ សេរី​រ័ត្ន ជាដើម​។ 
 
​ខណៈ កែវ សុខ​ង៉​ន (​ភ្នំពេញ​ក្រោ​ន​), ឆេង ម៉េង (​ណា​ហា្គ​វើ​ល​) ហូ​យ ផល្លី​ន (​ព្រះខ័ន​រាជ​ស្វាយរៀង​) មាន​វាសនា​បង្ហាញ​ការប្រឹងប្រែង​របស់ខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​នោះ កីឡាករ​មួយចំនួន​ដូចជា ឃួន ឡា​បូ​រ៉ាវី​, ប៊ិន ធា​រី​, សរ ពិសិដ្ឋ​, ឆុំ ពិសា​, អូន ចាន់​ប៉ូ​លីន​, ជួន ចាន់​ចាវ​, ប្រាក់ ធី​វ៉ា​, សឿត បារាំង និង​ពេជ្រ សុវណ្ណ​ខេមរិន្ទ ស្ថិតនៅ​ក្រៅបញ្ជី​របស់លោក ប្រាក់ សុវណ្ណារ៉ា​។​
 
​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ប្រមូលផ្តុំ​ហ្វឹកហាត់​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ នា​ថ្ងៃទី​៩ ខែវិច្ឆិកា កម្ពុជា​ស្វាគមន៍​មី​យ៉ាន់​ម៉ា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុននឹង​ប៉ះ​ហ្ស៊​កដា​នី ក្នុងការ​ប្រកួត​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ ៕
 

Tag:
 ជម្រើសជាតិ
  ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com