ភ្នំពេញ៖ អាពាហ៍ពិពាហ៍ គឺជាពិធីប្រពៃណីរបស់ខ្មែរតាំងពីបុរាណកាលមក។ ពលរដ្ឋខ្មែរដែលរៀបចំពិធីនេះឲ្យកូនចៅរបស់ខ្លួនត្រូវអញ្ជើញភ្ញៀវដែលរាប់អានគ្នាជិតស្និទ្ធឲ្យចូលរួមដើម្បីជំរុញឲ្យពិធីនេះកាន់តែអធិកអធម។ ហើយជាកាតព្វកិច្ចសង្គម ភ្ញៀវដែលបានមកចូលរួមពិសាអាហារនៅក្នុងពិធីអាពាហ៍ពិពាហ៍ ត្រូវចងដៃកូនប្រុសស្រី។ តើត្រូវចងដៃក្នុងកម្រិតណា? ទំហំប្រាក់ប៉ុន្មាន? តើថ្លៃចំណងដៃត្រូវកាត់កងគ្នាឬទេរវាងភ្ញៀវ និងភ្ញៀវ?
នេះ គឺជាសំណួរដែលគេពិបាករកចម្លើយឲ្យពិតប្រាកដមកបកស្រាយបង្ហាញ។ តែបើពិនិត្យលើស្ថានភាពជាក់ស្តែង, នៅភ្នំពេញ, ចំណងដៃធម្មតាអាចមានចំនួន៣០ដុល្លារ(សម្រាប់មនុស្សម្នាក់) ក្នុងខណៈដែលចំណងដៃអាពាហ៍ពិពាហ៍នៅតាមបណ្តាខេត្តអាចមានចំនួន២០ដុល្លារ ឬ១៥ដុល្លារ។
ចំណងដៃអាចប្រែប្រួលទៅតាមស្ថានភាពជីវភាពរបស់ភ្ញៀវម្នាក់ៗ និងអាស្រ័យទៅលើកម្រិតនៃមិត្តភាពរវាងភ្ញៀវការ និងម្ចាស់ដើមការ ឬវាអាចប្រែប្រួលទៅតាមទីតាំងនៃកន្លែងរៀបការ(ជនបទ ឬទីក្រុង)។
នៅក្នុងទម្លាប់ខ្មែរ គេច្រើនគិតថា ប្រសិនបើបុគ្គល«ក»ធ្លាប់ចងដៃទៅឲ្យបុគ្គល«ខ»ចំនួន៥០ដុល្លារ។ ដូច្នេះ បុគ្គល«ខ»ដែលធ្លាប់ទទួលចំណងដៃ៥០ដុល្លារនោះ ត្រូវតែចង់ដៃសងវិញចំនួន៥០ដុល្លារទៅកាន់បុគ្គល«ក»វិញនៅពេលដែលបុគ្គល«ក»រៀបការកូនប្រុសឬស្រី។ នេះ គឺជាទម្លាប់ក្រៅផ្លូវការរបស់ពលរដ្ឋខ្មែរដែលគ្មានការចែងជាក្បួនខ្នាតទេ។
ត្រង់ចំណុចខាងលើនេះ មតិចំនួនពីរដែលខ្វែងគ្នាកំពុងត្រូវបានលើកឡើងទាក់ទងទៅនឹងចំណុចចំណងដៃនេះតែម្តង។ មតិទី១អត្ថាធិប្បាយថា ចំណងដៃត្រូវតែសងទៅវិញទៅមកឲ្យស្មើគ្នាទើបយុត្តិធម៌។ តែមតិទីពីរវិញបានទាល់ចោលគំនិតនេះតែម្តង។
មតិទី២ បានលើកឡើងពីហេតុផលមួយចំនួនក្នុងនោះជារួមមាន៖ ជីវិភាពនៃគ្រួសារនីមួយៗខុសគ្នា ដូច្នេះ គេមិនគួរបង្ខំឲ្យតម្លៃនៃចំណងដៃស្មើគ្នាឡើយ។ ឧទាហរណ៍ គ្រួសារខ្លះក្រ តើគួរឲ្យគ្រួសារក្រនេះ ចងដៃឲ្យគ្រួសារអ្នកមានក្នុងចំនួនទឹកប្រាក់ស្មើគ្នាឬទេ?។ ភូមិសាស្ត្រនៃកន្លែងរៀបអាពាហ៍ពិពាហ៍ខុសគ្នា ដូច្នេះ កម្រិតនៃចំណងដៃក៏មិនគួរគិតឲ្យស្មើគ្នាដែរ។ ម្យ៉ាងទៀត គំនិតដែលចង់ឲ្យភ្ញៀវចងដៃច្រើន ក៏គួរលុបបំបាត់ចោលដែរ ព្រោះ ពេលខ្លះ ចំណងដៃបានធ្វើឲ្យគ្រួសារមួយចំនួនស្ងួតជើងធ្មេញនៅក្នុងគ្រួសារទៅហើយ។ គំនិតសងសឹក ឬកំហឹងបង្កឡើងដោយសារតែរឿងតម្លៃចំណងដៃការមិនស្មើគ្នានេះ គួរត្រូវបោះបង់ចោលពីសង្គមខ្មែរ។
សូមងាកមកមើលស្ថានភាពរៀបការជាក់ស្តែងនៅក្នុងប្រទេសមួយចំនួនវិញ។ នៅក្នុងប្រទេសបារាំង ម្ចាស់ដើមការអញ្ជើញភ្ញៀវតែជាសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធបំផុត(អ្នកស្គាល់ល្មមៗដូចនៅស្រុកខ្មែរ ឬអ្នកមិនសូវស្គាល់គេមិនហៅទេ)។ នៅក្នុងប្រទេសបារាំង ចំណងដៃជាលុយសុទ្ធមិនសូវត្រូវបានគេអនុវត្តទេ។ ជាទូទៅ ភ្ញៀវច្រើនផ្តល់អំណោយជារបស់របរប្រើប្រាស់នៅក្នុងផ្ទះ។ តែសូមបញ្ជាក់ម្តងហើយម្តងទៀតថា នៅក្នុងប្រទេសបារាំង គេមិនចេះតែអញ្ជើញភ្ញៀវនោះទេ។ ភ្ញៀវជិតស្និទ្ធទើបគេអញ្ជើញ។
នៅក្នុងប្រទេសឥណ្ឌាវិញ គេអញ្ជើញភ្ញៀវឲ្យចូលរួមពិធីការដោយមានការបង់ចំណងដៃដូចនៅក្នុងប្រទេសកម្ពុជាដែរ។ តែនៅក្នុងសហគមន៍មួយចំនួន ជាពិសេស សហគមន៍នៃវណ្ណៈអ្នកមាន ភ្ញៀវដែលត្រូវអញ្ជើញឲ្យចូលរួមពិធីការមិនតម្រូវឲ្យបង់ប្រាក់ចំណងដៃទេ។ ហេតុផលរបស់គេ គឺថា វត្តមានរបស់ភ្ញៀវ គឺមានតម្លៃធំធេងណាស់សម្រាប់មង្គលការរបស់កូនក្រមុំ និងកូនកំលោះ។ វត្តមានរបស់ភ្ញៀវ គឺជាការផ្តល់តម្លៃជូនពិធីអាពាហ៍ពិពាហ៍។
ដូច្នេះ ប្រសិនបើគេក្រឡេកមើលបរិបទកម្ពុជា ប្រៀបធៀបនឹងបរិបទនៃវប្បធម៌ឥណ្ឌា និងអឺរ៉ុបខ្លះវិញ តម្លៃចំណងដៃនៅកម្ពុជាមិនគួរក្លាយជារនាំងនៃមិត្តភាព និងមិនគួរក្លាយជាចំណោទដែលអាចបង្កឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពឡើយ។ ប្រាក់សំខាន់ហើយ តែអ្វីដែលរឹតតែសំខាន់ជាងប្រាក់ទៅទៀតនោះ គឺទឹកចិត្ត សណ្តានចិត្ត និងមិត្តភាព៕